​ឈ្មួញ​ដឹកទំនិញ​រិះគន់​គយ​ចល័ត លោក ស្រ៊ុន ធឿន និង ពុធ សុខា ក្នុងករណី​ជំរិត​ទារប្រាក់​

ប្រភពព័ត៌មាន​ពី​ខេត្តបាត់ដំបង​បាន​រាយការណ៍​មក​ថា លោក ស្រ៊ុន ធឿន និង លោក ពុធ សុខា ជា​មន្ត្រី​គយ​ចល័ត មាន​ទីតាំង​ផ្លូវជាតិ​លេខ​៥ ភូមិ​អូរ​តា​គី ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល ខេត្តបាត់ដំបង បាន​ជំរិត​ទារប្រាក់​ពី​ឈ្មួញ​រកស៊ី​ដឺ​ក​ទំនិញ និង​សត្វពាហនៈ​តាម​រថយន្ត​យ៉ាង​ចាស់ដៃ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា លោក ស្រ៊ុន ធឿន និង ពុធ សុខា ដោយ​អាង​អំណាច​ខ្លួន​ជា​មន្ត្រី​គយ​បាន​ជំរិត​ទារប្រាក់​ពី​ឈ្មួញ​ដឹកទំនិញ​តាម​អំពើ​ចិត្ត​បង្ក​ឲ្យ​មានការ​ក្តៅក្រហាយ​ដល់​ឈ្មួញ ហើយ​បើ​ឈ្មួញ​ណា​មិន​បង់ប្រាក់​ឲ្យ​មន្ត្រី​គយ​ខិលខូច​នឹង​បង្ក​ការរាំងស្ទះ​តាម​គ្រប់​រូបភាព​។​

រថយន្ត​ដឹកទំនិញ​ប្រភេទ​កា​មា​រី​នីសា​ន់ ទួរីស និង​រថយន្ត​ប្រភេទ​ផ្សេងទៀត ត្រូវ​ឈប់​បង់ប្រាក់​ជូន លោក ស្រ៊ុន ធឿន និង លោក ពុធ សុខា ជា​មន្ត្រី​គយ​ចល័ត​ប្រចាំការ​លើផ្លូវ​ជាតិ ក្នុងភូមិ​សាស្ត្រ​ខេត្តបាត់ដំបង និង​បន្ទាយមានជ័យ ហើយ​ប្រាក់​ដែល​ប្រមូលបាន​ទុក​ក្នុង​ហោប៉ៅ​ខ្លួនឯង​មិន​បង់​ចូល​រដ្ឋ​ទេ នេះ​ជាការ​បញ្ជាក់​របស់​ឈ្មួញ​។ ប្រភព​ដដែល​បាន​បញ្ជាកថា បើ​ឈ្មួញ​ដឹកទំនិញ​ណា​មិនបាន​បង់ប្រាក់​ជូន លោក ស្រ៊ុន ធឿន និង លោក ពុធ សុខា នោះ​នឹងមាន​បញ្ហា​កើតឡើង​មិន​ខាន​ដោយ​រថយន្ត​មិនអាច​ឆ្ពោះ​ដល់​គោលដៅ​នោះទេ ព្រោះ​មន្ត្រី​គយ​ខិលខូច​នឹង​បង្ខំ​ឲ្យ​រថយន្ត​ឈប់ និង​រុះរើ​ទំនិញ​លើ​រថយន្ត​ដោយ​សំអាង​លើ​ហេតុផល​ផ្សេងៗ​។​

ម្ចាស់​រថយន្ត​ម្នាក់​ដែល​ដឹក​ផ្លែឈើ​ពី​ខេត្តបន្ទាយមានជ័យ​មក​ខេត្តបាត់ដំបង បាន​បង្ហើប​ថា រថយន្ត​កាមរី​ដឹក​ផ្លែឈើ​ត្រូវ​បង់​ជូន​លោក ស្រ៊ុន ធឿន ជាប្រចាំ​ក្នុង ១​ខែ ១៥ ម៉ឺន​រៀល ។ ចំណែក​រថយន្ត​នីសា​ន់​ដឹក​ឥ​វ៉ាន់​វិញ​ក្នុង​១​ជើង ឈប់​បង់ប្រាក់​ចំនួន​៥​ម៉ឺន​រៀល រីឯ​រថយន្ត​ទួរីស​ដឹក​ឥ​វ៉ាន់​ក្នុង​១​ជើង​បង់​១០​ម៉ឺន​រៀល ដោយ​ប្រាក់​ទាំងនេះ​ដាក់ចូល​ហោប៉ៅ​ស្ងាត់ៗ​មិនមាន​លិខិតស្នាម​ត្រឹមត្រូវ​ទេ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា បើ​មន្ត្រី​គយ​មិន​ពុករលួយ​មិនមែន​ពួកគេ​អាចមាន​លុយ​ទៅ​ទិញ​ផ្ទះ ដី និង​រថយន្ត​តម្លៃ​រាប់សិប​ម៉ឺន​ដុល្លារ​នោះទេ ខណៈ​ប្រាក់ខែ​មន្ត្រី​គយ​មាន​កម្រិត​មិន​ខ្ពស់ជាង​គ្រូបង្រៀន ទាហាន មន្ត្រីរាជការ​ក្នុង​ក្រសួង​ប៉ុន្មាន​ឡើយ​៕

theoun