ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

ទីក្រុង​អា​ឡែ​ប​ជាទី​ក្រុង​ធំ​ទី​២​របស់​ស៊ី​រី​នា​ថ្ងៃ​ទី​៤ កុម្ភៈ ត្រូវ​កងទ័ព​លោក​បា​ចា អាល់​អាសា​ដ ឡោម​ព័ទ្ធ​ជិត​ស្ទើរ​ទាំងស្រុង​ហើយ ។ អាច​ជា​ជ័យជម្នះ​មួយ​សម្រាប់​មេដឹកនាំ​ស៊ី​រី​រូប​នេះ​រហូត​ដល់​អាច​ក្លាយជា​របត់​មួយ​ក្នុង​សង្គ្រាម​បច្ចុប្បន្ន​ផង ។

នា​ព្រឹក​ថ្ងៃ​ទី​៤ កុម្ភៈ កងទ័ព​រដ្ឋាភិបាល​បាន​លុក​ចូល​ដល់​តំបន់ NUBL នា​ជាយក្រុង​អា​ឡែ​ប ។ កងទ័ព​នេះ​ទើបតែ​កម្ចាត់​ពួក​ឧទ្ទាម​ដែល​កាន់កាប់​តំបន់​នេះ​ចាប់តាំងពី​៤​ឆ្នាំ​មក​ហើយ ។ កង​ទាហាន​ស៊ី​រី​សម្តែង​ការ​អបអរសាទរ​ចំពោះ​ជោគជ័យ​របស់​ពួក​គេ ដោយ​បាញ់​ឡើង​លើ ហើយ​ដោត​ទង់ជាតិ​ស៊ី​រី​នៅ​ត្រង់​ច្រកចូល​មូលដ្ឋាន​នេះ ។ ជ័យជម្នះ​នៅ​ទីនោះ​បន្ថែម​លើ​ជោគជ័យ​ឯទៀត​ៗ នៅ​ជាយក្រុង​អា​ឡែ​ប​សំដៅ​កាត់​ផ្តាច់​ផ្លូវ​ផ្គត់ផ្គង់​របស់​ពួក​ឧទ្ទាម ហើយ​រឹត​រួម​ជុំវិញ​ទីក្រុង ។ ការ​វាយ​រុលទៅមុខ​ជា​ការ​ផ្តល់​ប្រៀប​សំខាន់​ដល់​កងទ័ព​ស៊ី​រី​ដែល​ជួយ​ទ្រទ្រង់​ដោយ​ការ​វាយប្រហារ​តាម​អាកាស​យ៉ាង​ខ្លាំងក្លា​របស់​សម្ព័ន្ធមិត្ត​រុ​ស្ស៊ី ។ រយៈពេល​តែ​៣​ថ្ងៃ​កង​យន្តហោះ​រុ​ស្ស៊ី​ចេញ​វាយប្រហារ​ដល់​៨៧៥​លើក ។

ដោយសារ​ការ​វាយលុក​នេះ ជន​ស៊ី​វិល​ជា​ច្រើន​សិប​ពាន់​នាក់​បាន​នាំ​គ្នា​រត់​ភៀសខ្លួន​ចេញពី​ទីក្រុង​អា​ឡែ​ប ។ នាយក​រដ្ឋមន្ត្រី​តួក​គី លោក AMET DAVUTOGLU ដែល​រដ្ឋាភិបាល​លោក​ប្រឆាំង​នឹង​របប​លោក​បា​ចា អាល់​អាសា​ដ​អះអាង​ថា មាន​មនុស្ស​រវាង​ពី​៦០.០០០​ទៅ​៧០.០០០​នាក់ អាច​រត់​ភៀសខ្លួន​ចូល​ដែនដី​តួ​ក​គី ក្រោយ​រត់គេច​ចេញពី​ការ​វាយលុក​របស់​កងទ័ព​ស៊ី​រី ។

ចំណែក​ក្រសួង​ការពារ​ប្រទេស​រុ​ស្ស៊ី​ថ្លែង​កាលពី​ថ្ងៃ​ទី​៤ កុម្ភៈ ថា ខ្លួន​មានការ​សង្ស័យ​ដែល​ប្រទេស​តួ​ក​គី​រៀបចំ​ការ​លុកលុយ​មួយ​ចូល​ប្រទេស​ស៊ី​រី ។ ក្នុង​សេចក្តី​ប្រកាស​មួយ​អ្នកនាំពាក្យ​ក្រសួង​នេះ​លោក​អុ​ី​ហ្គ័​រ កា​ណា​ឆេ​ន​កូ ថ្លែង​ថា យើង​មាន​ហេតុផល​គួរ​ឱ្យ​ជឿជាក់​នានា សង្ស័យ​ថា ការ​រៀបចំ​ទ័ព​របស់​តួ​ក​គី​ដើម្បី​ធ្វើការ​លុកលុយ​ខាង​យោធា​ចូល​ដែនដី​នៃ​រដ្ឋ​អធិបតេយ្យ​មួយ​គឺ​សាធារណរដ្ឋ​អា​រ៉ាប់ ស៊ី​រី ។ យើង​សង្កេត​ឃើញ​មាន​សញ្ញា​ជា​ច្រើន​នៃ​ការ​រៀបចំ​ដោយ​លួចលាក់​របស់​កងទ័ព​តួ​ក​គី​សំដៅ​ធ្វើការ​លុកលុយ​យ៉ាង​សកម្ម​មួយ​ចូល​ដែនដី​ស៊ី​រី ។

រួច​ខាង​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត វិញ​កាលពី​ថ្ងៃ​ទី​៤ កុម្ភៈ ឧត្តមសេនីយ៍​មួយ​រូប​និយាយ​ថា អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ត្រៀម​ចូលរួម​ក្នុង​ប្រតិបត្តិការ​តាម​ជើង​គោក នៅ​ស៊ី​រី​ដើម្បី​តស៊ូ​ប្រឆាំង​ពួក​រដ្ឋ​អ៊ិ​ស្លា​ម ។

អ្នកនាំពាក្យ​របស់​ក្រុមចម្រុះ​អា​រ៉ាប់ ប្រឆាំង​ពួក​ឧទ្ទាម​ហ៊ូ​ធី នៅ​យេ​ម៉ែ​ន​នាំមុខ​ដោយ​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ឧត្តមសេនីយ៍ AHMED ASIRI បាន​ធ្វើ​បទ​សម្ភាសន៍​មួយ​ជាមួយ​ទូរទស្សន៍ AL ARABIYA ដោយ​ក្នុង​បទ​សម្ភាសន៍​នេះ លោក​អះអាង​ថា អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ត្រៀម​ចូលរួម​ក្នុង​ប្រតិបត្តិការ​តាម​ជើង​គោក ក្នុង​ផ្ទៃ​ក្រុមចម្រុះ​ក្រោម​ការ​ដឹកនាំ​របស់​សហរដ្ឋ​អា​េ​ម​រិ​ក ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​ស៊ី​រី ៕