ព័ត៌​មានកីឡា &raquo កីឡាជាតិ

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​៤ កុម្ភៈ​កន្លង​មកនេះ លោក​Dmitry Tsvetkov ឯកអគ្គរដ្ឋទូត​រុ​ស្ស៊ី​ប្រចាំ​កម្ពុជា រួម​ដំណើរ​ជាមួយ​លោក​Salomatov Vseyolot ជា​មន្ត្រី​ទំនាក់ ទំនង​អន្តរជាតិ និង​សហប្រតិបត្តិការ​កីឡា​កាយសម្ព័ន្ធ​រុ​ស្ស៊ី បាន​យក​សម្ភារ​ហ្វឹកហាត់​មួយ​ចំនួន​មក​ប្រគល់​ជូន​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា​តាម​រយៈ​លោក​រដ្ឋមន្ត្រី​ថោ​ង ខុន ប្រធាន​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា ។

លោក ណ​យ ផា​ណា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា​បានឱ្យ​ដឹង​ថា ពេល​នេះ​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​រុ​ស្ស៊ី​បាន​ផ្ដល់​សម្ភារ​ហ្វឹកហាត់​ដល់​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា​តាម​រយៈ​ស្ថានទូត​រុ​ស្ស៊ី​ប្រចាំ​កម្ពុជា​ដែល​មាន​ទាំងអស់​ចំនួន​៣​សម្រាប់ ។ ក្នុង​នោះ​មាន​Tambling​មួយ​សម្រាប់ Mini-Trampoline​មួយ​សម្រាប់ និង​Run-Mat​មួយ​សម្រាប់ ដែល​គិត​ជា​ទឹកប្រាក់​ជាង​២​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​។ លោក​ឱ្យ​ដឹង​ទៀត​ថា រុ​ស្ស៊ី​និង​ត្រៀម​បណ្ដុះបណ្ដាល​ធនធានមនុស្ស​លើ​វិស័យ​កីឡា​កាយសម្ព័ន្ធ និង​ជួយ​ជា​សម្ភារ​ហ្វឹកហាត់​បន្ត​ទៀត ធ្វើ​ឱ្យ​ទំនាក់ទំនង​រវាង​កម្ពុជា​និង​រុ​ស្ស៊ី​កាន់តែ​មាន​ភាព​ជិត​ស្និទ្ធ​ថែម​ទៀត ។

គួរ​រំលឹក​ផង​ដែរ​ថា កាលពី​ឆ្នាំ​មុន​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា​ក៏​ធ្លាប់​ទទួល​បាន​សម្ភារ​ហ្វឹកហាត់​ពី​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​អន្តរជាតិ​ចំនួន​២​សម្រាប់​ដែរ គឺ​កម្រាល​មួយ​សម្រាប់ និង​សេះ​លោត​មួយ​សម្រាប់ ព្រមទាំង​ទទួល​ជំនួយ​ពី​ប្រទេស​ចិន និង​សាធារណៈរដ្ឋ​កូរ៉េ​ផង​ដែរ ។

លោក​រដ្ឋមន្ត្រី ថោ​ង ខុន បាន​ថ្លែង​នូវ​ការ​អបអរ​យ៉ាង​ខ្លាំង​ខណៈ​ពេល​ដែល​រុ​ស្ស៊ី​បាន​ផ្ដល់​ជា​សម្ភារ​ហ្វឹកហាត់​ដ៏​មាន​តម្លៃ​ដល់​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា ហើយ​លោក​សង្ឃឹមថា រុ​ស្ស៊ី​នឹង​នៅ​តែ​បន្ត​ជួយ​ដល់​កម្ពុជា​ថែម​ទៀត ជា​ពិសេស​ជួយ​បណ្ដុះបណ្ដាល​ធនធានមនុស្ស​ផ្នែក​វិស័យ​កីឡា​កាយសម្ព័ន្ធ ៕