ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តកណ្ដាល ​៖ ​កាល​ពី​​ព្រឹក​ថ្ងៃ​ទី​៤ ខែកុម្ភៈ ឆ្នាំ​២០១៦​ ប្រតិភូ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ដឹកនាំ​ដោយ លោក ជាវ តា​យ ប្រធាន​គណៈកម្មាធិការ​សាខា បាន​ចុះ​សួរ​សុខទុក្ខ និង​នាំ​យក​អំណោយ​មនុស្សធម៌ ទៅ​ចែក​ជូន​ដល់​ជន​​ចាស់ជរា​គ្មាន​ទីពឹង ​និង​គ្រួសារ​ទីទ័ល​ក្រចំនួន២៥​គ្រួសារ នៅ​ក្នុង​បរិវេណ​សាលា​បឋម​សិក្សា​ព្រែក​ចា ឃុំ​សំបួរ ស្រុក​ល្វាឯម ​និង​មាន​ការ​​ចូលរួម​​ពី​សមាជិក​គណៈកម្មាធិការ​សាខា ភរិយា​ថ្នាក់ដឹកនាំ ក្រុម​ប្រ​តិ​ប​តិ្ត​សាខា អនុ​សាខា​ស្រុក រួម​ទាំង​ក្រុម​​ការ​ងារ​កាកបាទក្រហម​ឃុំ​ជា​ច្រើន​រូប​ទៀត ។

បន្ទាប់​ពី​របាយការណ៍​ស្វាគមន៍​របស់​លោក លោក ប៊ុ​ន ផេង ប្រធាន​គណៈកម្មាធិការ​អនុ​សាខា​កាកបាទក្រហម​កម្ពុជា​ស្រុក​រួច​មក លោក ជាវ តា​យ ក្នុង​នាម​លោក​បណ្ឌិត ម៉ៅ ភិ​រុណ ប្រធានកិត្តិយស​សាខា ​បាន​មាន​ប្រសាសន៍​សំណេះសំណាល ដោយ​នាំ​មក​​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខពី​សំណាក់​សម្តេច​កិត្តិ​ព្រឹ​ទ្ឋ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ចំពោះ​បងប្អូន​​ដែល​​ងាយ​រង​គ្រោះ​ទាំងអស់​ដោយ​ក្តី​នឹករឭក ។

​លោក​បាន​បន្ត​ថា «ទីណា​​​មាន​​ពលរដ្ឋ​​ជូប​ទុក្ខ​លំបាក ទីនោះ​​មាន​កាកបាទក្រហមកម្ពុជា ជា​អ្នក​ជួយឧបត្ថម្ភ​​ជានិច្ច​» ដោយ​មិន​បណ្តោយ​ឲ្យ​បងប្អូន​ណា​ម្នាក់​ស្លាប់​ដោយ​គ្មាន​អាហារ​បរិភោគ​នោះ​ឡើយ ។ ម្យ៉ាងទៀត​ទុក្ខ​ព្រួយ​របស់ប្រជាពលរដ្ឋ​រង​គ្រោះ និង​ងាយ​រង​គ្រោះ ក៏​ជា​ទុក្ខ​ព្រួយ​របស់​ថ្នាក់ដឹកនាំ​ជាតិ​គ្រប់​លំដាប់ថ្នាក់ ពិសេស​សម្តេច​អគ្គ​មហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​ជា​និច្ចកាល​សម្តេច​ទាំង​ទ្វេ​តែង​​តែ​បាន​ណែនាំ​ដល់​គ្រប់​ស្ថាប័ន​នានា​នៅ​ក្រោម​ឱវាទ​ទាំងអស់ ចាប់តាំងពី​ថ្នាក់ជាតិ​រហូត​ដល់​មូលដ្ឋាន ក្នុង​នោះ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត អនុ​សាខា​កាកបាទ​ក្រហម​​ស្រុក​-​ក្រុង ក្រុម​កាកបាទ​ក្រហម​ឃុំ​-​សង្កាត់ អ្នក​ស្ម័គ្រចិត្ត យុវជន​កាកបាទក្រហម ដែល​ជា​សេនាធិការ​ឲ្យ​អាជ្ញាធរ​សាធារណៈ​ខាង​ផ្នែក​ការងារ​មនុស្សធម៌ ត្រូវ​តែ​បន្ត​យកចិត្តទុកដាក់​ខ្ពស់​អំពី​សុខទុក្ខ ការ​លំបាក និង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ​ទូទៅ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ ពូជសាសន៍ សាសនា ឬ​ពណ៌សម្បុរ​​អ្វី​ឡើយ ។

អំណោយ​មនុស្សធម៌ ដែល​ប្រតិភូ​សាខា​បាន​ផ្តល់​ជូន​នា​ពេល​នេះ ​ក្នុង​១​គ្រួសារ​មាន អង្ករ២៥គីឡូក្រាម មី១កេស​តូច ត្រីខកំប៉ុង១យួរ ក្រមា២ សារុង១ ទឹកត្រី១យួរ ​សម្ភារ​គ្រឿង​បរិភោគ​មួយ​ចំនួន និង​ប្រាក់​៦​ម៉ឺន​រៀល ​ ៕