ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

ព្រ​លាន​យន្តហោះ BARAJAS ក្រុង​ម៉ា​ឌ្រី​ដ​កាលពី​ថ្ងៃ​ទី​៤ កុម្ភៈ បាន​ចេញ​ការ​ប្រកាស​អាសន្ន​ទូទៅ បន្ទាប់​ពី​អ្នក​បើក​យន្តហោះ​មួយ​គ្រឿង​របស់​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ប្រកាស​ថា យន្តហោះ​របស់​ខ្លួន​ជា​កម្មវត្ថុ​នៃ​ការ​គំរាមកំហែង​ដោយ​គ្រាប់បែក​មក ។

ការ​ប្រកាស​អាសន្ន​ត្រូវ​បាន​ធ្វើ​នា​វេលា​ម៉ោង​១២​និង​៤៥​នាទី​ម៉ោង​ក្នុងស្រុក បន្ទាប់​ពី​សមាជិក​ក្រុម​យានិក​ម្នាក់​របស់​យន្តហោះ​ជើងហោះហើរ SVA 226 ដែល​ត្រូវ​ហោះ​ពី​រដ្ឋធានី​អេ​ស្ប៉ា​ញ ទៅ កាន់​ទីក្រុង​រី​យ៉ា​ដ​បាន​រក​ឃើញ​កំណត់ហេតុ​មួយ​ជាមួយ​សារ​ដែល​សរសេរ​ថា «​គ្រាប់បែក​ក្នុង​យន្តហោះ​ម៉ោង​១១​និង​៣០​នាទី​» ដែល​គេ​យក​មក​ដាក់​ត្រង់​ទ្វារ​បន្ទប់​ដាក់​អីវ៉ាន់​នៃ​យន្តហោះ​មុន​ការ​ហោះ​ឡើង​បន្តិច ។

យន្តហោះ​ធុន​ប៊ូ​អុ​ី​ង​៧៧៧​នេះ​ត្រូវ​នាំ​ទៅ​កាន់​កន្លែង​មាន​សុវត្ថិភាព​មួយ​នៃ​ព្រ​លាន​យន្តហោះ ហើយ​អ្នកដំណើរ​ទាំង​៩៧​នាក់ ត្រូវ​បាន​ជម្លៀស​ចេញ​នា​វេលា​ម៉ោង​ប្រមាណ​ជា​១៣ ដើម្បី​ឱ្យ​ក្រុម​អ្នក​ស្រាវជ្រាវ​រក​គ្រឿងផ្ទុះ​ត្រួតពិនិត្យ​យន្តហោះ​នេះ ។

បន្ទាប់​មក អាជ្ញាធរ​ព្រ​លាន​យន្តហោះ​ក្រុង​ម៉ា​ឌ្រី​ដ​ប្រកាស​ថា យើង​សូម​ជម្រាប​ថា មានការ​គំរាមកំហែង​លើ​យន្តហោះ​ដែល​ហោះហើរ​រវាង​ក្រុង​ម៉ា​ឌ្រី​ដ និង​ក្រុង​រី​យ៉ា​ដ SVA 226 ។ កងកម្លាំង​សន្តិសុខ​ជាតិ​បាន​ធ្វើការ​ស៊ើបអង្កេត​សម​ស្រប​មួយ ។ ក្រោយ​ការ​ស៊ើបអង្កេត​គេ​ដឹង​ថា សារ​ដែល​ប្រទះ​ឃើញ​នេះ​ជា​សារ​ប្រកាស​អាសន្ន​ក្លែងក្លាយ ៕