ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ៖ លោក ​ឃួ​ង ស្រេង​ អភិបាលរង​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃ​​​ទី​៥ កុម្ភៈ​ ២០១៦ ​នេះ បាន​ក្រើនរំឭក និង​ណែនាំ​ដល់​អង្គភាព​នគរបាល​ពន្លត់​អគ្គិភ័យ​រាជធានី​ភ្នំពេញ និង​អាជ្ញាធរ​ខណ្ឌ​ទាំង​១២ ពី​ការ​ត្រៀម​រៀបចំ​ពង្រាយ​រថយន្ត​ពន្លត់​អគ្គិភ័យ និង​ចុះ​អប់រំ​ប្រជាពលរដ្ឋ​ពី​កត្តា​ហានិភ័យ​នៃ​ភ្លើង​ធូប ទៀន ក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន​និង​វៀតណាម​ ​​ដោយ​​មាន​ការ​ចូលរួម​ពី​មន្ត្រីរាជការ​ពាក់​ព័​ន្ធ​ក្រោម​ឱ​វាទ​របស់​​សាលា​រាជធានី​ភ្នំពេញ និង​តំណាង​អាជ្ញាធរ​ទាំង​១២​ខណ្ឌ​ផង​ដែរ ។

លោក​ ឃួ​ង ស្រេង បាន​ណែនាំ​ឲ្យ​អង្គភាព​នគរបាល​ពន្លត់​អគ្គិភ័យ​រាជធានី​ភ្នំពេញ និង​អាជ្ញាធរ​ខណ្ឌ​ទាំង​១២ អនុវត្ត​សកម្មភាព​ត្រៀម​បង្ការ​ប្រកបដោយ​ស្មារតី​ខ្ពស់ ដើម្បី​បម្រើ​ដល់​សុវត្ថិភាព និង​ជំនឿ​ទុកចិត្ត​ដល់​ប្រជាពលរដ្ឋ ជា​ពិសេស​ត្រូវ​ចុះ​អប់រំ និង​ផ្សព្វផ្សាយ​នៅ​តាម​ផ្សារ និង​កន្លែង​កម្សាន្ដ​សប្បាយ​ពី​ការ​បង្ការ​អគ្គិភ័យ និង​រក្សា​សន្តិ​សុខ​ សុវត្ថិភាព​ ត្រូវ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​អុជ​ទៀន​ ធូប ក្រដាសសែន ភ្លើងចង្ក្រាន និង​ចរន្ដអគ្គិសនី​ដែល​អាច​បង្ក​ឲ្យ​មាន​អគ្គិភ័យ​កើតឡើង​ជាយថាហេតុ​ ។

បើ​តាម​តំណាង​អង្គភាព​នគរបាល​ពន្លត់​អគ្គិភ័យ​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ចិន-វៀតណាម ដែល​នឹង​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី​៧ដល់​ថ្ងៃ​ទី​១០ ខែកុម្ភៈ ​ខាង​មុខ​នេះ អង្គភាព​ត្រៀម​ពង្រាយ​រថយន្ត​ចំនួន​៤៨​គ្រឿង ដោយ​ពង្រាយ​៨​គោលដៅ​ធំ​ៗ​នៅ​ទូ​ទាំង​រាជធានី​ ។ នៅ​តាម​គោលដៅ​នីមួយ​ៗ​មាន​រថយន្ត​២​គ្រឿង​នៅ​ប្រចាំការ ហើយ​គោលដៅ​ទាំងនោះ​ មាន​ដូច​ជា​​ សាលា​ខណ្ឌ​សែន​សុខ ខណ្ឌ​ពោធិ​សែន​ជ័យ នាយកដ្ឋាន​អង្គរក្ស និង​អធិការដ្ឋាន​ខណ្ឌទួលគោក​ ។

​សាលា​រាជធានី​ភ្នំពេញ ក៏​បាន​ចេញ​លិខិតហាម​មិន​ឲ្យ​សាធារណជន ​ដុត​ផាវ និង​កាំជ្រួច ឬ​បង្ក​សំឡេង​ផ្ទុះ​គ្រប់​ប្រភេទ ដើម្បី​រក្សា​សន្តិសុខ​សុវត្ថិភាព និង​របៀបរៀបរយ​សាធារណៈ​ ។ ជាមួយ​គ្នា​នេះ ការ​ដុត​ក្រដាសសែន ត្រូវ​ប្រើ​ធុង​ដែក ឬ​ឆ្នាំងដី ដើម្បី​ដុត និង​ហាម​ដាច់ខាត​មិន​ឲ្យ​ដុត​នៅ​លើ​ចិញ្ចើម​ផ្លូវ ឬ​ទ្រូងផ្លូវ​សាធារណៈ ។

តាម​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ បាន​ឲ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០១៤-២០១៥ នៅ​ទូ​ទាំង​ប្រទេស​បាន​កើត​គ្រោះ​អគ្គិភ័យ​ចំនួន​៥៩០​លើក ក្នុង​នោះ​បាន​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ចំនួន​៣៧​នាក់ ​។ ដោយឡែក នៅ​ទូ​ទាំង​រាជធានី​ភ្នំពេញ ក្នុង​រយៈពេល​១​ខែ​ ដើមឆ្នាំ​២០១៦​នេះ មាន​អគ្គិភ័យ​៩​លើក​បាន​កើតឡើង​ ៕ ​