ចិន​ផ្ដល់ជំនួយ​អាហារ​១​ម៉ឺន​តោន​ដល់​ជនភៀសខ្លួន​ស៊ី​រី​

​រដ្ឋមន្ត្រីការបរទេស​ចិន​លោក វ៉ាង យី បានប្រកាសថា រដ្ឋាភិបាល​ចិន​នឹង​ផ្ដល់ជំនួយ​អាហារ​ចំនួន​១​ម៉ឺន​តោន ​ដល់​ជនភៀសខ្លួន​ស៊ី​រី​ ដែល​កំពុង​ជួបប្រទះ​បញ្ហា​ស្បៀងអាហារ​។ លោក វ៉ាង​យី ដែល​កំពុង​ចូលរួម​សន្និសីទ​ស្ដីពី​ស៊ី​រី​ នៅ​ទីក្រុង​ឡុង​ដ៍ ក៏បាន​ស្នើ​ឲ្យ​មាន​សន្តិភាព​ក្នុងប្រទេស​ស៊ី​រី​ និង​បញ្ឈប់​បញ្ហា​មនុស្សធម៌​ដែល​កំពុង​កើតឡើង​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​ចិន Xinhua​។​

សូមស្ដាប់ព័ត៌មានលម្អិត៖

​ខណៈ​ចូលរួម​សន្និសីទ​ស្ដីពី​ការគាំទ្រ​ស៊ី​រី​និង​តំបន់​នៅ​ទីក្រុង​ឡុង​ដ៍ រដ្ឋមន្ត្រីការបរទេស​ចិន វ៉ាង​យី បានប្រកាស​ផ្ដល់ជំនួយ​ជា​ស្បៀងអាហារ​យ៉ាងច្រើន​ដល់​ទៅ​១​ម៉ឺន​តោន​ ទៅ​ឲ្យ​ប្រជាជន​ស៊ី​រី​ដែល​កំពុង​រត់​ភៀសខ្លួន​។ ស្បៀងអាហារ​នេះ ​នឹង​ជួយ​សម្រួល​ដល់​ស្ថានភាព​ខ្វះខាត​អាហារ​របស់​ជនភៀសខ្លួន​ស៊ី​រី​ បាន​មួយចំណែក​ដែរ​។ រដ្ឋមន្ត្រីការបរទេស​រូបនេះ​ក៏បាន​បង្ហាញ​ពី​ជំហរ​បស់​ចិន ​លើ​ការបង្កើន​ជំនួយ ក៏ដូចជា​ការស្វែងរក​សន្តិភាព​ពិតប្រាកដ​នៅ​ស៊ី​រី​។

​ឆ្លៀត​ពេលនោះ លោក វ៉ាង​យី បានលើកឡើង​ពី​វិធានការ​ចាំបាច់ ​ក្នុងការ​ដោះស្រាយ​បញ្ហា​មនុស្សធម៌​នេះ​។ លោក​ថា ដំណោះស្រាយ​ចាំបាច់ ​មិនមែន​តែ​ចែកចាយ​ជំនួយ​នោះទេ តែ​ក៏ត្រូវ​ស្វែងរក​ឬ​សគល់​នៃ​បញ្ហា​ទាំងនោះ ហើយ​វិធានការ​បន្ទាន់​នៅពេលនេះ គឺ​ជួយ​ពង្រឹង​ស្ថានភាព​រស់នៅ​របស់​ជន​ភៀសខ្លួន ​និង​អ្នក​ដែល​គ្មាន​ផ្ទះសម្បែង​។ ជាមួយគ្នា​នោះ លោក​ក៏បាន​ស្នើ​ឲ្យ​ភាគី​ទាំងអស់​ គោរព​ និង​អនុវត្តន៍តាម​សេចក្ដីសម្រេច​ ក្នុងការ​សម្រួល​ដល់​ការដឹកជញ្ជូន​ស្បៀងអាហារ​ ទៅ​ដល់ដៃ​ជនភៀសខ្លួន​ផងដែរ​។​

​ក្រៅពី​ការប្រកាស​ផ្ដល់ជំនួយ រដ្ឋមន្ត្រីការបរទេស​ចិន ក៏បាន​សើ្ន​ឲ្យ​ចាប់ផ្ដើម​ការចរចា​សន្តិ​ភាព​ឡើងវិញ​ដែរ ដោយ​ផ្ដោតលើ​ផលប្រយោជន៍​រួម ​ជាជាង​ប្រយោជន៍​ផ្ទាល់ខ្លួន​។ លោក វ៉ាង បញ្ជាក់ថា សហគមន៍អន្តរជាតិ ​គួរតែ​ប្រឹងប្រែង​ស្វែងរក​ដំណោះស្រាយ​នយោបាយ​សម្រាប់​ស៊ី​រី​។ ​ការចរចា​ជា​រឿង​ដ៏​សំខាន់ ​ក្នុង​ដំណើរការ​នយោបាយ​នៅ​ស៊ី​រី ហើយ​ភាគី​ទាំង​អស់​ ត្រូវតែ​ឆក់យក​ឱកាស​ចរចា​នេះ​ ដើម្បី​បង្ហាញ​ពី​ឆ​ន្ទះ​របស់ខ្លួន​ ក្នុង​ការរក​ដំណោះស្រាយ​។

​លើសពីនេះទៅទៀត បើតាម Xinhua នេះ​មិនមែនជា​លើកទីមួយ​ទេ ​ដែល​រដ្ឋាភិបាល​ចិន​ផ្ដល់ជំនួយ​ទៅ​ស៊ី​រី ក៏ដូចជា​តំបន់​មជ្ឈិមបូព៌ា​ទាំងមូល ​ដែល​ធ្វើឡើង​តាមរយៈ​មធ្យោបាយ​ផ្សេងៗ​។ អំឡុងពេល​កិច្ចប្រជុំ​G-20 ប្រធានាធិបតី​ចិន ស៊ី ជិន​ពីង បានផ្ដល់​លុយ​ចំនួន​១០០​លាន​ដុល្លារ​ទៅ​ស៊ី​រី​ សម្រាប់​ដោះស្រាយ​វិបត្តិ​ជនភៀសខ្លួន​។ ​នៅពេល​ទស្សនកិច្ច​ទៅកាន់​មជ្ឈិមបូព៌ា​នៅពេល​ថ្មីៗ​នេះ លោក ស៊ី ក៏បាន​ប្រកាស​ផ្ដល់ប្រាក់​២៣០​លាន​យ័ន ដើម្បី​ដោះស្រាយ​បញ្ហា​ជនភៀសខ្លួន​ នៅតាមបណ្តា​ប្រទេស​នានា​ក្នុង​តំបន់​។​

​សូម​រម្លឹកថា វិបត្តិ​ស៊ី​រី​បាន​ឈាន​មកដល់​ឆ្នាំ​ទី​៦ ខណៈ​ជម្លោះ​នេះ ​បាន​បង្ខំ​ឲ្យ​ប្រជាជន​ស៊ី​រី​រាប់លាន​នាក់​ចាក​ចេញពីផ្ទះ​សម្បែង​ និង​បាត់បង់​ទីលំនៅ​។ ជាមួយនឹង​ការបាត់បង់​ផ្ទះសម្បែង ជនភៀសខ្លួន​ទាំងនោះ​ ក៏​រង​នូវ​គ្រោះ​អត់ឃ្លាន ខ្វះ​ចំណីអាហារ ជាពិសេស​នៅ​តំបន់​ដែល​ក្រុម​ឧទ្ទាម​កាន់កាប់​។ ទោះបី​ជាមាន​ជំនួយ​បាន​ទៅដល់​តំបន់​ខ្លះ​ក៏ដោយ ជនរងគ្រោះ​ភាគច្រើន​នៅតែ​ប្រឈមមុខ​នឹង​បញ្ហា ដ្បិត​ជម្លោះ​ចេះតែ​អូសបន្លាយ​មិន​ងាយ​នឹង​ចប់ ហើយ​ការចរចា​ នៅតែ​មិន​ច្បាស់លាស់ ​រក​ដំណោះស្រាយ​មិនឃើញ​៕


អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​