ក្រុមហ៊ុន​អ៊ី​ហ្ស៊ី​ខម​ធានា​ថា​សេវា​អ៊ីនធឺណិត​នឹង​គាំទ្រ​ដល់​សមាហរណកម្ម​សហ​គ​មន៍​សេដ្ឋកិច្ច​អាស៊ាន​

: ស្រប​ពេល​កម្ពុជា​បាន​ខិតខំ​ប្រឹងប្រែង​ជា​បន្តបន្ទាប់ ដើម្បី​ទាក់ទាញ​អាជីវកម្ម និង​ការធ្វើ​ពាណិជ្ជកម្ម​បន្ថែម​សម្រាប់​ការធ្វើសមាហរណកម្ម​ស​ហគ​មន៍​សេដ្ឋកិច្ច​អាស៊ាន (AEC) នៅក្នុង​ឆ្នាំនេះ ក្រុមហ៊ុន​ផ្គត់ផ្គង់​សេវា​អ៊ីនធឺណិត​ឈាន​មុខ​គេ​នៅ​កម្ពុជា អ៊ី​ហ្ស៊ី​ខម​នឹង​ធ្វើ​ឲ្យ​ប្រាកដថា សេវាកម្ម និង​បច្ចេកវិទ្យា​របស់ខ្លួន​មាន​ការរីកចំរើន​ស្រប​តាម​ការកើនឡើង​នៃ​អា​ជី​រកម្ម និង​ពាណិជ្ជកម្ម​ក្នុងប្រទេស​។​

​លោក​ហែម សុវត្ថិ អគ្គនាយករង​ក្រុមហ៊ុន អ៊ី​ហ្ស៊ី​ខម ថ្លែងថា​៖ “​វា​ច្បាស់​ណាស់​ថា សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​នឹង​កើតមាន ហើយ​ការប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត និង​បណ្តាញ​ទំនាក់ទំនង​នឹង​កើនឡើង​ដូច​គ្នា ។ សហគមន៍​ពាណិជ្ជកម្ម​នឹង​ប្រើប្រាស់​ប្រព័ន្ធ​នេះ​ដើម្បី​ប្រតិបត្តិការ​អាជីវកម្មរ​បស់​ខ្លួន និង​ទំនាក់ទំនង​ទៅកាន់​ប្រទេស​ផ្សេងៗ​។ ដូច្នេះ​យើង​បាន​ត្រៀម​ខ្លួន​រួចជាស្រេច ក្នុង​ការផ្តល់​សេវា​អ៊ីនធឺណិត​ដែល​មាន​ល្បឿន​លឿន និង​ប្រសិទ្ធភាព​បំផុត​ជូន​ដល់​ពួកគេ​” ។​

​លោក ហែម សុវត្ថិ​ថ្លែង​បន្តទៀតថា​៖ “​កម្ពុជា ជា​ប្រទេស​ដ៏​ប្រសើរ​មួយ​សម្រាប់​ការធ្វើ​អាជីវកម្ម ហើយ​ជាមួយនឹង​ដំណើរការ​ឆ្ពោះទៅមុខ​នៃ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​នេះ នឹង​ទាក់ទាញ​អ្នកវិនិយោគ​ថែម​ទៀត​មក​កាន់​ប្រទេស​កម្ពុជា​។ ដូច្នេះ វា​នឹង​ធ្វើឲ្យ​មាន​តម្រូវការ​ខ្ពស់​ក្នុង​ការប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិជ្ជា​ព័ត៌មានវិទ្យា​។​”
​គោលដៅ​នៃ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន គឺ​ការបង្កើត​ឲ្យមាន​ទីផ្សា​រ​ប្រកួតប្រជែង​តែមួយ ក្នុងចំណោម​ប្រទេស​ជា​សមាជិក​ទាំង​១០​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ។ កាលពី​ឆ្នាំមុន សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​បាន​អនុម័ត​ផែនការ​សម្រាប់​ឆ្នាំ ២០២៥ ដើម្បី​ប្រាកដ​ថា​បណ្តា​ប្រទេស​ទាំងនោះ នៅតែ​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ខ្លួន​ឆ្ពោះ​ទៅរក​ការធ្វើ​សមាហរណកម្ម​នេះ​។​

​ក្នុង​ឆ្នាំ​កន្លងទៅនេះ ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​រាយការណ៍​ថា​បណ្តា​ក្រុមហ៊ុន​នានា​បាន​អនុវត្ត​ការងារ​ចាំបាច់​រួច​ហើយ​ដើម្បី​ប្រាកដ​ថា​ប្រទេស​កម្ពុជា​នៅ​តែ​រក្សា​បាន​ទីផ្សារ​ប្រកួតប្រជែង ។​

​យោង​តាម​តួលេខ​ចុងក្រោយ​របស់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ប្រទេស​កម្ពុជា​មាន​អ្នកប្រើប្រាស់​អ៊ីនធឺណិត​ចំនួន ៦,២​លាន​នាក់ ក្នុងនោះ​អ្នកប្រើប្រាស់​អ៊ីនធឺណិត​ប្រើ​ខ្សែ​មាន​ចំនួន ៧៧.៣០០​នាក់ ។​
​លោក​ហែម សុវត្ថិ អគ្គនាយករង​ក្រុមហ៊ុន អ៊ី​ហ្ស៊ី​ខ​មបាន​ថ្លែងថា​៖ “​យើង​បាន​ត្រៀម​ខ្លួន​រួច​ហើយ​សម្រាប់​ការជួយ​ដល់​ក្រុមហ៊ុន​មួយចំនួន​ដែល​មក​ធ្វើ​អាជីវកម្ម​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​យើង​ក៏​បាន​អនុវត្ត​ការងារ​មួយចំនួន​ហើយ​ដែរ ដើម្បី​ប្រាកដថា​ប្រទេស​កម្ពុជា​នៅ​តែ​រក្សា​បាន​ទីផ្សារ​ប្រកួតប្រជែង​ដែល​មាន​ហេដ្ឋារចនាសម្ព័ន្ធ​បច្ចេកវិជ្ជា​ព័ត៌មានវិទ្យា​ដ៏​រឹងមាំ​មួយ ។​”
​យោង​តាម​ក្រុមហ៊ុន​អ៊ី​ហ្ស៊ី​ខម ចំនួន​អ្នកប្រើប្រាស់​អ៊ីនធឺណិត​កើនឡើង ២០%​ជា​រៀងរាល់ឆ្នាំ​ហើយ​ក្រុមហ៊ុន​បាន​ត្រៀម​ខ្លួន​រួច​ហើយ​សម្រាប់​ការហូរ​ចូល​សមស្រប​ណាមួយ​ពី​ការធ្វើសមាហរណកម្ម​ស​ហគ​មន៍​សេដ្ឋកិច្ច​អាស៊ាន​នេះ​។​
​ក្រុមហ៊ុន អ៊ី​ហ្ស៉ី​ខម ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ ២០០៧ ហើយ​បាន​ប្រែក្លាយ​ជា​ក្រុមហ៊ុន​ផ្តល់​សេវា​អ៊ីនធឺណិត​ឈាន​មុខ​គេ​នៅ​កម្ពុជា ។ ក្រុមហ៊ុន អ៊ី​ហ្ស៉ី​ខម ផ្តល់​នូវ​សេវា​ខ្សែកា​បអុប​ទិក​, VPN និង​ដំណោះស្រាយ​តាម​អ៊ីនធឺណិត និង​ទូរគមនាគមន៍ ដល់​បណ្តា​ក្រុមហ៊ុន និង​អតិថិជន​ទូទាំង​ប្រទេស​។​ក្រុមហ៊ុន អ៊ី​ហ្ស៉ី​ខម បាន​ទិញ​យក​ក្រុមហ៊ុន​ខ្សែ​កាប្លិ៍​អុប​ទិក​Telcotech​ដែល​ជា​សមាជិក​តែមួយគត់​នៃ​បណ្តាញ​Asia American gateway នៅ​កម្ពុជា ក្នុង​ការពង្រីក​សេវា​របស់​ខ្លួន​គ្របដណ្តប់​រហូតដល់​ទៅ ៩៩% ទូទាំង​ប្រទេស​។ កាលពី​ពេល​ថ្មីៗ​នេះ ក្រុមហ៊ុន អ៊ី​ហ្ស៉ី​ខម បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង ក្នុង​ការបង្កើត​ខ្សែ​កាប្លិ៍​អុប​ទិក​ក្រោម​បាតសមុទ្រ​ម៉ាឡេស៊ី​-​កម្ពុជា​-​ថៃ (MCT) ដែល​នឹង​នាំមក​នូវ​សេវា​អ៊ីនធឺណិត​ដែលមាន​ល្បឿន​លឿន និង​ទុកចិត្ត​បំផុត​មក​កាន់​ប្រទេស​កម្ពុជា​។​