ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

ប៉ុន្មាន​ថ្ងៃក្រោយ​ការ​ប្រកាស​ពី​ការ​បាញ់​កាំជ្រួច​រយៈ​ឆ្ងាយ ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​កូរ៉េ​ខាងជើង KCNA រាយការណ៍​នា​ថ្ងៃ​ទី​៤ កុម្ភៈ ថា លោក​គី​ម ជុង​អ៊ុ​ន បាន​ដឹកនាំ​កិច្ចប្រជុំ​មួយ​ចូលរួម​ដោយ​គណៈកម្មាធិការ​កណ្តាល និង​គណៈកម្មាធិការ​យោធា​របស់​បក្ស​ពលករ​កូរ៉េ​នៅ​ទីក្រុង​ព្យុ​ង​យ៉ាង ដោយ​អះអាង​ពី​ភាព​ស្មោះត្រង់​ដាច់ខាត​របស់​កងទ័ព​ចំពោះ​រូប​លោក ។

យោង​តាម​សេចក្តីរាយការណ៍​មួយ​របស់ KCNA ថា លោក​គី​ម ជុង​អ៊ុ​ន ក្នុង​ឱកាស​នៃ​កិច្ចប្រជុំ​នេះ​នា​ថ្ងៃ​ទី​២ និង​ទី​៣ កុម្ភៈ គូសបញ្ជាក់​ថា លោក​បាន​ដាក់​វិន័យ​បដិវត្តន៍​ក្នុង​ផ្ទៃ​កងទ័ព ដើម្បី​ឱ្យ​កងទ័ព​រួបរួម ជា​កម្លាំង​តែ​មួយ​ធ្វើ​តាម​បទបញ្ជា​របស់​មេបញ្ជាការ​ជាន់ខ្ពស់​។ កងទ័ព​ធ្វើ​តាមតែ​ការ​ដឹកនាំ​របស់​មេបញ្ជាការ​ជាន់ខ្ពស់ ។

សេចក្តីរាយការណ៍​នេះ​ក៏​គូសបញ្ជាក់​ផង​ដែរ​ថា សម​មិត្ត​គី​ម ជុង​អ៊ុ​ន បាន​ដឹកនាំ​កិច្ចប្រជុំ​ឯកភាព និង​បើក​ទូលាយ​មួយ​ដោយ​ក្នុង​កិច្ចប្រជុំ​នេះ​បណ្តា​អ្នកចូលរួម​បាន​ធ្វើការ​ពិភាក្សា​គ្នា​យ៉ាង​ស៊ីជម្រៅ​លើ​បណ្តា​មធ្យោបាយ​ពង្រឹង និង​ពង្រីក​ឱ្យ​បាន​ប្រសើរ​នូវ​បក្ស​របស់​យើង​ស្រប​តាម​សេចក្តី​ត្រូវការ​នៃ​បដិវត្តន៍​ក្នុង​ឋានៈ​ជា​បក្ស​របស់​លោក​គី​ម អីុ​ល​ស៊ុ​ង និង​លោក​គី​ម ជុង​អីុ​ល នា​ឱកាស​នៃ​សមាជិក​លើក​ទី​៧​របស់​បក្ស​ពលករ ។

ចំណែក​លោក​គី​ម ជុង​អ៊ុ​ន គូសបញ្ជាក់​ថា គេ​ត្រូវ​មាន​ពណ៌​បរិ​សុទ្ធតែ​មួយ ដើម្បី​ឱ្យ​សង្គម​ទាំងមូល​បំពាក់​ដោយ​មនោគមន៍វិជ្ជា​គី​ម អីុ​ល​ស៊ុ​ង និង​គី​ម ជុង​អីុ​ល ដើម្បី​ពង្រឹង​ការ​តស៊ូ​ទាំងស្រុង​ប្រឆាំង​អា​មេ​រិ​ក​ច្រើន​សតវត្ស ហើយ​ដណ្តើម​បាន​ជ័យជម្នះ​ចុង​ក្រោយ​នៃ​បដិវត្តន៍ JUCHE (​មនោគមន៍វិជ្ជា​នៃ​ស្វ័​យ​ផ្គត់ផ្គង់​ខ្លួនឯង​គ្រប់គ្រាន់​) ។ លោក​បន្ត​ថា បក្ស​ទាំងមូល និង​កងទ័ព​ទាំងមូល​ត្រូវ​បង្កើន​ការ​តស៊ូ​របស់​យើង​ប្រឆាំង​ស្មារតី​ប្រកាន់​បក្សពួក និង​ការិយាធិបតេយ្យ​ដែល​ធ្វើ​ឱ្យ​ង្គោះ​រង្គើ​ដល់​សាមគ្គីភាព​របស់​យើង ។ យើង​ឈាន​ទៅ​មុខ​រួម​គ្នា ហើយ​ធ្វើការ​វាយលុក​ជា​ទូទៅ​ដើម្បី​ឱ្យ​ប្រជាជន​យើង​មានការ​ជឿជាក់​នា​ឱកាស​សមាជ​លើក​ទី​៧​របស់​បក្ស​ពលករ ។

ទាក់ទិន​ដល់​កិច្ចប្រជុំ​នេះ នាយក​សិក្សា​ខាង​យុទ្ធសាស្ត្រ​បង្រួបបង្រួម​នៃ​វិទ្យាស្ថាន SEJONG លោក CHUNG SUNG JANG បាន​ធ្វើការ​វិភាគ​ថា កិច្ចប្រជុំ​នេះ​បើក​ធ្វើ​សំដៅ​ពង្រឹង​ឯកភាព​នៃ​របប​កូរ៉េ​ខាងជើង និង​ស្មារតី​របស់​បណ្តា​សមាជិក​បក្ស ព្រមទាំង​របស់​កងទ័ព​ខណៈ​ជិត​ដល់​ពេល​បាញ់​កាំជ្រួច​រយៈ​ឆ្ងាយ និង​សមាជ​លើក​ទី​៧​របស់​បក្ស​ពលករ ។

ចំពោះ​ការ​បាញ់​កាំជ្រួច​រយៈ​ឆ្ងាយ​របស់​កូរ៉េ​ខាងជើង រដ្ឋមន្ត្រី​ការពារ​ប្រទេស​កូរ៉េ​ខាងត្បូង​លោក HAN MIN KOO បាន​ចេញ​បញ្ជា​នា​ថ្ងៃ​ទី​៥ កុម្ភៈ ដល់​កងទ័ព​ឱ្យ​ឆ្លើយ​តប​វិញ​យ៉ាង​សកម្ម ។ លោក​បាន​ចេញ​បទបញ្ជា​នេះ នា​ឱកាស​នៃ​កិច្ចប្រជុំ​បន្ទាន់​មួយ​ជាមួយ​មេបញ្ជាការ​យោធា​សំខាន់​ៗ​របស់​ប្រទេស ខណៈ​កូរ៉េ​ខាងជើង​រៀបចំ​ការ​បាញ់​បង្ហោះ ផ្កាយ​រណប​សង្កេត​ផែនដី​មួយ​នា​ពេល​ខាង​មុខ​ឆាប់​ៗ ។ ការ​បាញ់​បង្ហោះ​នេះ​កូរ៉េ​ខាងត្បូង​ថា តាម​ការ​ពិតជា​ការ​សាកល្បង​មី​ស៊ី​ល​បាលី​ស្ទិ​ក​អន្តរទ្វីប​ថ្មី​មួយ ។

លោក HAN MIN KOO ថ្លែង​ថា ខណៈ​ដែល​កូរ៉េ​ខាងជើង​ប្រកាស​ពី​គម្រោង​បាញ់​មី​ស៊ី​ល​រយៈ​ឆ្ងាយ​មួយ​ក្រោយ​ការ​សាកល្បង​នុយក្លេអ៊ែរ​នា​ពេល​ថ្មី​ៗ​នេះ​កងទ័ព​យើង​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ។ បេសកកម្ម​ដំបូង​របស់​កងទ័ព​គឺ ការពារ​អាយុជីវិត ព្រមទាំង​ទ្រព្យសម្បត្តិ​របស់​ប្រជាជន ។ គេ​មិន​ត្រូវ​ធ្វេសប្រហែស​ឡើយ ត្រូវ​ប្រុង​ប្រយ័ត្ន​ដើម្បី​ឱ្យ​ប្រជា​ជន​ប្រារព្ធ​បុណ្យចូលឆ្នាំ​ថ្មី​ចន្ទគតិ​ក្នុង​ភាព​ស្ងប់ស្ងាត់ ។

ពួក​អ្នក​ជំនាញការ​ធ្វើការ​ព្យាករណ៍​ថា ការ​បាញ់​កាំជ្រួច​របស់​កូរ៉េ​ខាងជើង​នឹង​ធ្វើ​រវាង​ពី​ម៉ោង​៩​ទៅ​ម៉ោង​១០​ព្រឹក ដូច​ការ​បាញ់​លើក​មុន​ៗ​ដែរ ដែល​ធ្វើ​នា​ពេល​ព្រឹក ឬ​នា​វេលា​ថ្ងៃត្រង់ ។ ពិសេស​បំផុត​កូរ៉េ​ខាងជើង​បាន​ប្រាប់​ដល់​អង្គការ​សមុទ្រ​អន្តរជាតិ OMI ថា ខ្លួន​នឹង​បាញ់​បង្ហោះ​រវាង​ពី​ម៉ោង​៧​ទៅ​ម៉ោង​១០​ព្រឹក ម៉ោង​នៅ​ក្រុង​ព្យុ​ង​យ៉ាង ។ ពួក​អ្នកជំនាញ​ការ​យល់​ថា ការ​ជ្រើសរើស​យក​ពេល​ថ្មើរ​នេះ ព្រោះ​មក​ពី​លក្ខខណ្ឌ​ឧតុនិយម​អនុគ្រោះ ដោយ​អ័ព្ទ​រលាយ​អស់ហើយ​បរិយាកាស​មាន​ស្ថេ​រ​ភាព ៕