ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តកំពង់ឆ្នាំង ៖ សព​បុរស​ម្នាក់​ត្រូវ​បាន​មន្ត្រី​យោធា​ប្រទះ​ឃើញ​ស្លាប់​ហើម​រលួយ​នៅ​លើ​ចង្កេះភ្នំ​ក្រាំង​ដី​មាស ស្ថិត​ក្នុងភូមិ​អណ្តូង​ឬ​ស្សី ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ ខណៈ​ដែល​មន្ត្រី​យោធា​រូប​នោះ​ជា​អ្នក​មើល​ការ​ខុស​ត្រូវ​ចាំ​អង់​តែ​ន​វិទ្យុទាក់ទង នៅ​លើ​កំពូលភ្នំ​ខាងលើ​ចុះ​មក​ក្រោម​វិញ កាលពី​ព្រលប់​ថ្ងៃ​ទី​០៤ កុម្ភៈ ២០១៦ ហើយ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ព័ទ្ធ​ខ្យែ​ការពារ​កន្លែង​កើតហេតុ លុះ​ស្អែក​ឡើង​ថ្ងៃ​ទី​០៥ កុម្ភៈ ទើប​សមត្ថកិច្ច​ទៅ​ពិនិត្យ​មើល​សព​ធ្វើ​កោសល​វិ​ច្ច័​យ​។

សមត្ថកិច្ច​នគរបាល​ស្រុក​រលាប្អៀរ​បានឱ្យ​ដឹង​ថា សព​បុរស​ខាងលើ​មាន​អាយុប្រមាណ​ជាង​៣០​ឆ្នាំ មាន​សម្បុរ​ខ្មៅ ស្រអែម មានកំ​ពស់​ប្រមាណ​១,៦០​ម៉ែត្រ មាន​ស្លៀកខោ​ពណ៌​ស្លា​ទុំ បង្កង់​ទទឹង​ពណ៌​ខ្មៅ ពាក់​អាវដៃវែង​ពណ៌​.​សមាន​ផ្កា​ពណ៌​ខៀវ​ព្រឿ​ង​ៗ ។ តាម​ការ​ពិនិត្យ​សព​បុរស​ខាងលើ សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា អាច​ស្លាប់​ដោយសារ​ខ្យល់គ ពេល​ឡើង​ភ្នំ​ធ្វើ​អ្វីមួយ ព្រោះ​នៅ​ជុំវិញ​សព​សមត្ថកិច្ច​មិន​បាន​ប្រទះ​ឃើញ​អ្វី​គួរ​ស​ង្យ័​យ​ឡើយ  ហើយ​សព​ខាងលើ​អាច​ថា ស្លាប់​ក្នុង​អំឡុង​ថ្ងៃ​ទី​៣ កុម្ភៈ គឺ​មុន​ការ​ប្រទះ​ឃើញ​២​ថ្ងៃ ។

តាម​ព័ត៌មាន​ពី​មន្ត្រី​នគរបាល​ឃុំ​ស្វាយ​ជ្រុំ ស្រុក​រលាប្អៀរ​វិញ បានឱ្យ​ដឹង​ថា កាលពី​២-៣​ថ្ងៃមុន គេ​បានឃើញ​កង់​មួយ​គ្រឿង ត្រូវ​បាន​ជន​ពុំ​ស្គាល់​មុខ​ជិៈ​យក​មក​ចោល​ក្នុង​វត្ត​ធម្ម​វ​ន្ត័ ដែល​នៅ​លើ​ភ្នំ​ជាប់​គ្នា និង​កន្លែង​សព​បុរស​ខាងលើ​នេះ ទើប​សមត្ថកិច្ច​សង្ស័យ​ថា ជា​កង់​របស់​ជន​រង​គ្រោះ​អាច​ថា ជា​អ្នក​មក​ស្នាក់​នៅ​ជិត​នោះ ។

ទោះ​យ៉ាងណា​ក្តី​សមត្ថកិច្ច​នគរបាល​កំពុង​ស្រាវជ្រាវ​រក​បងប្អូន និង​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ខាងលើ ជាមួយ​គ្នា​នេះ​ផង​ដែរ សមត្ថកិច្ច​ក៏​សូម​អំពាវនាវ​ដល់​បងប្អូន​មាន​បាត់​សមាជិក​ក្នុង​គ្រួសារ​ដូច​មាន​ភិនភាគ​ដូច​ខាងលើ សូម​មក​ទទួលយក​សព​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ព្រោះ​គិត​ត្រឹម​ម៉ោង​៣​រសៀល ថ្ងៃ​ទី​៣ កុម្ភៈ នេះ សព​ខាង​កំពុង​ស្ថិត​ក្នុង​ព្រៃ​លើ​ចង្កេះភ្នំ​ក្រាំង​ដី​មាស​នៅឡើយ​ទេ ៕