ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តព្រះសីហនុ ៖ ​​បន្ទាប់​ពី​កិច្ចប្រជុំ​ស្ដី​ពី​​ការ​ស​ម្រេច​ដក​ឆ្នេរ​ឯករាជ្យ​​ពី​ក្រុមហ៊ុន​ឯកជន​វិញ​នោះ គឺ​អាជ្ញាធរ​ក្រុង​​​បាន​អនុវត្ត​ចាប់ផ្ដើម​វាយ​កម្ទេច​​របង​ថ្ម​ ដែល​ក្រុមហ៊ុន​ហ៊ុម​ព័ទ្ធ​​នា​ពេល​កន្លង​មក ​មិនឱ្យ​​ប្រជាពលរដ្ឋ​ចូល​លេង​​កម្សាន្ត​នៅ​តាមតំបន់ឆ្នេរ​​នោះ កាល​ពី​​រសៀល​​​ថ្ងៃ​ទី​០៤​ កុ​​ម្ភៈ​ ២០១៦ ​នេះ​ ត្រូវ​បាន​ថ្នាក់ដឹកនាំ​អាជ្ញាធរក្រុង ខេត្ត​ព្រះ​សីហ​នុ ចេញ​បញ្ជាឱ្យ​​ធ្វើការ​វាយ​កម្ទេច​ចោល​ជា​បណ្តើរ​ៗ​ហើយ  ក្នុង​គោលបំណងយក​ដី​ឆ្នេរតំបន់​នេះ បើក​ឲ្យ​ភ្ញៀវ​ទេស​ចរណ៍​​ចេញ-ចូល​លេង​​ម្សា​ន្ត​ជា​​សាធារណៈ​ដូច​​ដើម​វិញ​ចំណែកឯ​សំណង់​ ដែល​កំពុងធ្វើការ​សាងសង់​លើ​ដី​តំបន់ឆ្នេរ​នេះ អាជ្ញាធរ​ខេត្ត​អះអាង​ថា និង​ធ្វើការ​ពិនិត្យ និង​មាន​វិធាន​ការណ៍​តាម​ផ្លូវច្បាប់​នៅ​ពេល​ក្រោយ​ ។

លោក​អភិបាល​ក្រុងព្រះសីហនុបាន​មានប្រសាសន៍​​ថា ​​របង​ថ្ម​ដែល​ហ៊ុមព័ទ្ធ​​ឆ្នេរសមុទ្រ​ខាងលើ​​នេះ ជា​គោល​ការ​ណ៍​របស់​រដ្ឋ ​ត្រូវ​តែ​ធ្វើ​រុះ​រើ​ចេញ​ឱ្យ​​អស់ ​និង​មិន​អនុញាត​​ឱ្យ​​ធ្វើ​អ្វី​បិទ​​បាំង​តទៅ​ទៀត​នោះ​​ទេ ។ ដោយឡែក​ សំរាប់​​សំណង់ ត្រូវ​រក្សា​ទុក​សិន​​ហើយ​បញ្ហា​​នេះ​ រង់​ចាំ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​ និង​អភិវឌ្ឍន៍​តំបន់ឆ្នេរ​សមុទ្រ​​កម្ពុជា ធ្វើការ​សិក្សា​ផ្នែក​ច្បាប់​បន្ថែម​ទៀត ​ដើម្បី​មាន​វិធាន​ការ​បន្ត​ដែល​អាច​នឹង​ត្រូវ​ធ្វើការ​ដក​ហូត​​យក​មក​ធ្វើ​ជា​ទ្រព្យសម្បតិ្ត​រដ្ឋ​វិញ ​ដោយ​រដ្ឋ​ដោះស្រាយ​ចេញ​សំណង​ជូន​តាម​គោលការណ៍​ច្បាប់​ជា​ធរមាន​ ដើម្បី​រៀបចំ​តំបន់​នេះ​ ជា​ឆ្នេរ​សម្រាប់​សាធារណជន​ ។ ប៉ុន្តែ​​បើសិន​ផ្តល់​ការ​អនុញ្ញាត​ឱ្យ​​ម្ចាស់​វិនិយោគ​ខាងលើ​ បន្ត​ការ​អភិ​វ​ឌ្ឍ ​និង​ប្រើប្រាស់​លើ​ដី​តំបន់ឆ្នេរ​នេះ​តទៅ​ទៀត​ ។ លុះត្រាតែ​ក្រុមហ៊ុន​អនុវត្តន៍​ស្រប​តាម​ប្លង់​គោល​ថ្មី​ ស្តី​ពី​​ការ​រៀបចំ​សោ
​ភ័ណ​ភាព ​ជា​ឆ្នេរ​គំរូ ​និង​បទដ្ឋាន​គតិ​យុ​ត្ត ​ពិសេស​សារាចរ​​ណែនាំ​លេខ​០១ សរណ​ន​ចុះ​ថ្ងៃ​ទី០៣ កុម្ភៈ ​២០១២ ​របស់​រាជ​រដ្ឋាភិបាល​ ស្តី​ពី​ការ​អភិ​វ​ឌ្ឍន៍​តំបន់ឆ្នេរ​សមុទ្រ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជានឹងត្រូវ​បើកចំហ​ឱ្យ​សាធារណជន​ អាច​ចេញ-ចូល​លេង​កម្សាន្ត​តាម​តំបន់ឆ្នេរ​ឯករាជ្យ បានជា​ធម្មតា​ឡើង​វិញ​ដោយ​គ្មាន​កា​រារាំង​អ្វី​ឡើយ​។