ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តមណ្ឌលគិរី ៖​ បើតាមអ្នកឆ្លើយឆ្លងព័ត៌មាន​កោះសន្តិភាពបានឲ្យដឹងថា​ ឈើប្រណីតចំនួន១០០ដុំ​ ​បានត្រូវគេប្រទះឃើញ​នៅក្នុងអូរមួយកន្លែង ​ស្ថិតក្នុងឃុំប៊ូស្រា ស្រុកពេជ្រាដា​​ នាព្រឹកថ្ងៃទី០៥ កុម្ភៈ ២០១៦ ​។

ឈើខាងលើនេះ​សង្ស័យ​ជារបស់ក្រុមឈ្មួញធំៗ​ដែលលាក់ទុក​ត្រៀមដឹកឆ្លងដែន​ទៅ​លក់បន្តនៅក្នុង​ប្រទេសវៀតណាម​​តាមច្រកដាក់ចូរ ​ហៅប៉ុស្តិ៍ ៦ ​​ដែលស្ថិតក្រោមការ​​គ្រប់គ្រង​របស់​មេបញ្ជាការវេរៈសេនាតូច៣០៣ ​​លោក សៀន ស៊ីវន  ។

សេចក្តីរាយការណ៍បានបន្តថា​ បច្ចុប្បន្នលោក​​មេបញ្ជាការ​វេរៈសេនាតូច ៣០៣​ ប្រចំាច្រកដាក់ចូរ​ រ​ងការចោទថាបានឃុបឃិត​ជាមួយឈ្មួញធំៗ​ជនជាតិវៀតណាម​ក្នុង​ការ​អនុញ្ញាតឲ្យមាន​ការដឹកជញ្ជូនឈើឆ្លងដែន ​ហើយដែលឈើទំាងនេះ​ត្រូវបានគេកាប់ចេញ​ពីតំបន់ព្រៃការពារភ្នំណំាលៀ ។

ជាក់ស្តែង​កាលពីសបា្តហ៍មុនកំណាត់​ឈើជាង៣០០ដុំ ​បានត្រូវមន្រ្តីជំនាញ​បរិស្ថាន​បង្រ្កាបបាននៅក្នុងភូមិសាស្រ្តក្បែរអូរ​ ដែលគេប្រទះឃើញ​ឈើដុំ១០០កំណាត់​នៅថ្ងៃសុក្រ​នេះ​ ។ មកដល់រសៀលថ្ងៃទី០៥​ កុម្ភៈ ២០១៦ ​គេហទំព័រកោះសន្តិភាពមិនអាច​រកការសុំអត្ថាធិប្បាយបានភ្លាមៗ​នៅឡើយទេពីលោក​ សៀន ស៊ីវន​ ជុំវិញការ​ចោទប្រកាន់​ខាងលើ ៕