ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

អ្នកនាំពាក្យ​ម្នាក់​របស់​រដ្ឋាភិបាល​អង់គ្លេស​គូសបញ្ជាក់​ថា លោក JULIAN ASSANGE ស្ថាបនិក WIKILEAKS ប្រហែលជា​នឹង​ធ្វើ​បត្យាប័ន​ទៅ​កាន់​ប្រទេស​ស៊ុ​យ​អែ​ត​ដើម្បី​ចូលខ្លួន​ក្នុង​តុលាការ​ពី​រឿង​ចោទប្រកាន់​ពី​បទ​ចាប់រំលោភ ទោះបីជា អ​.​ស​.​ប សន្និដ្ឋាន​ថា បុរស​នេះ​ត្រូវ​ជាប់​ឃុំ​ដោយ​បង្ខំ​នៅ​ទីក្រុង​ឡុ​ង​ដ៍​ក៏​ដោយ ។

អ្នកនាំពាក្យ​រូប​នេះ​ថ្លែង​ថា លោក ASSANGE នៅ​តែ​ជា​ជនជាប់ចោទ​ពី​បទ​ចាប់រំលោភ ហើយ​មាន​ដីកាចាប់ខ្លួន​អឺរ៉ុប​មួយ ។ ម្យ៉ាងទៀត យើង​សូម​បញ្ជាក់​ពី​ការ​ពិត​យ៉ាង​ច្បាស់​ថា លោក ASSANGE ពុំ​ជាប់​ឃុំឃាំង​ដោយ​បង្ខំ​នៅ​អង់គ្លេស​ឡើយ ក៏​ប៉ុន្តែ​លោក​ស្ថិត​ជា​និច្ច​ក្នុង​បរិវេណ​ស្ថានទូត​អេក្វាទ័រ ដើម្បី​ចៀសវាង​ពី​ការ​ចាប់ខ្លួន​ដោយ​ស្របច្បាប់​មួយ ។

អ្នក​នាំ​ពាក្យ​រូប​នេះ​បន្ត​ថា ចក្រភព​អង់គ្លេស​មាន​កាតព្វកិច្ច​ធ្វើ​បត្យាប័ន​លោក ASSANGE ទៅ​កាន់​ស៊ុ​យ​អ៊ែ​ត ។

លោក ASSANGE បាន​ស្នើ​សុំ​សិទ្ធិ​ជ្រកកោន​ក្នុង​ស្ថានទូត​អេក្វាទ័រ​ប្រចាំ​ទីក្រុង​ឡុ​ង​ដ៍​ដើម្បី​ចៀសវាង​ពី​ការ​ចាប់​ធ្វើ​បត្យាប័ន​ទៅ​កាន់​ស៊ុ​យ​អែ​ត​ពី​បទចោទប្រកាន់​ចាប់រំលោភ​ដែល​លោក​បដិសេធ ។

ប៉ូលិស​ក្រុង​ឡុ​ង​ដ៍​គូសបញ្ជាក់​ថា លោក ASSANGE នឹង​ត្រូវ​ចាប់ខ្លួន ប្រសិនបើ​ជន​នេះ​ចាក​ចេញពី​ស្ថានទូត ។ មុន​នេះ​តាម TWITTER លោក ASSANGE ថ្លែង​ថា ខ្ញុំ​នឹង​យល់ព្រម​ឱ្យ​ប៉ូលិស​អង់គ្លេស​ចាប់ខ្លួន​នា​ថ្ងៃ​ទី​៥ កុម្ភៈ ប្រសិនបើ អ​.​ស​.​ប បដិសេធ​ពាក្យបណ្តឹង​របស់​លោក ។

កាលពី​ឆ្នាំ​២០១៤ លោក ASSANGE បាន​ដាក់​ពាក្យបណ្តឹង​ដល់ អ​.​ស​.​ប ដោយ​អះអាង​ថា លោក​ជា​អ្នក​រង​គ្រោះ​ពី​ការ​ឃុំឃាំង​ដោយ​បង្ខំ ព្រោះ​លោក​ពុំ​អាច​ចាក​ចេញពី​ស្ថានទូត​ដោយ​ពុំ​មានការ​ចាប់ខ្លួន ៕