ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ៖ ជា​ច្រើន​លើក​ច្រើន​សារ​មក​ហើយ​ដែល​ទីលាន​ចាក់សំរាម​របស់​ក្រុមហ៊ុន សា​រុំ ត្រេ​ឌី​ង ដែល​មាន​ទីតាំង​ស្ថិត​នៅ ក្នុងភូមិ​ព្រៃ​កុដិ សង្កាត់​កំ​បូល ខណ្ឌ​ពោធិ៍​​សែន​ជ័យ បាន​បង្ក​ការ​ភ្ញាក់ផ្អើល និង​ផល​បះ​ពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​បរិស្ថាន ជា​ពិសេស​សុខភាព និង​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​រាប់​ពាន់​គ្រួសារ ព្រោះតែ​ការ​ដុត​សំរាម​ដែល​មាន​ទម្ងន់​រាប់រយ​តោន​បែប​អនាធិបតេយ្យ គ្មាន​ការ​គិតគូ​ធ្វើ​ឲ្យ​មាន​ផ្សែងហុយ​ឡើង​លើ​កប់​អាកាស​គ្របដណ្ដប់​ទាំងស្រុង​ទៅ​លើ ផ្ទះសម្បែង​ប្រជាពលរដ្ឋ​ខាង​លើ ។ ដោយ​ឡក​អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ហាក់​គ្មាន​ការ​ទប់ស្កាត់ ឬ​ចេញ​អន្តរាគមន៍​នាំ​យក​រថយន្ត​ពន្លត់​អគ្គិភ័យ​ទៅ​ធ្វើការ​បាញ់​ពន្លត់​នោះ​ឡើយ​។

ជាក់ស្ដែង​នៅ​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៥ កុម្ភៈ ២០១៦ ក្រុមហ៊ុន​សា​រុំ​ត្រេ​ឌី​ង​នោះ បាន​ដុត​សំរាម​នៅ​ក្នុង​ទីលាន​ចាក់សំរាម​របស់​ខ្លួន​ចោល ដែល​លើក​នេះ​មាន​សភាព​ឆេះ​ខ្លាំងក្លា​ជាង​លើក​មុន​ៗ​ទៅ​ទៀត ហើយ​មិន​មានការ​អន្តរាគមន៍​ពន្លត់​ណាមួយ​ពី​អាជ្ញាធរ​នោះ​ឡើយ ដោយ​ទុក​ឲ្យ​ភ្លើង​ឆេះ​តាម​យក្ស​ថា​កម្ម​តែ​ម្ដង​។

 ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា ភ្លើង​ឆេះ​សំរាម​ខាងលើ បាន​បង្ក​ឲ្យ​មាន​ផ្សែងហុយ​ឡើង​ទៅ​លើ​កប់​អាកាស ដោយ​នាំ​ទៅ​ជាមួយ​នូវ កម្ទេចផេះ​ផង់ និង​ក្លិន​អាក្រក់​ពិបាក​ទ្រាំ​ចម្ងាយ​រាប់​គីឡូម៉ែត្រ គ្របដណ្ដប់​ទៅ​លើ​លំនៅ​ឋាន​ជា​ច្រើន​ភូមិ​ដែល​មាន​ចំនួន​រាប់​ពាន់​គ្រួសារ ដោយ​ខណៈនោះ​មាន​ខ្យល់​ខ្លាំង​បោកបក់​ទៅ​ទិស​ខាងត្បូង  ក្នុង​នោះ​ភូមិ​ដែល​ទទួល​រង​នៅ​ឥទ្ធិពល​ផ្សែង និង​កម្ទេចផេះ​ផង់​មួយ​ចំនួន ស្ថិត​នៅ​ក្នុងភូមិ​សាស្ត្រ​សង្កាត់​កំ​បូល របស់​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។ ចំណែក​ភូមិ​មួយ​ចំនួន​ទៀត ស្ថិត​ក្នុង​ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្ដាល ។ មិនតែប៉ុណ្ណោះ​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​មិន​ត្រឹមតែ​នៅ​ក្នុង​ទឹកដី​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ប៉ុណ្ណោះ​ទេ សូ​ម្បី​នៅ​ក្នុងភូមិ​សាស្ត្រ​ស្រុក​អង្គស្នួល ក៏​មានការ​ភ្ញាក់ផ្អើល​ដូច​គ្នា​ដែរ និង​បាន​ដាក់​កម្លាំង​ចេញ​មើល​ក្រែង​មាន​អគ្គិភ័យ​ឆាបឆេះ​ផ្ទះសម្បែង​ប្រជាពលរដ្ឋ ព្រោះ​ផ្សែងភ្លើង​នោះ​បាន​មើល​ឃើញ​ពី​គ្រប់​ទិស​ទី​ទាំងអស់ ហើយ​បើ​នៅ​តែ​បែប​នឹង​ទៀត​ពួក​គាត់​និង​ធ្វើការ​តវ៉ា​ផ្ដិត​មេដៃ​សុំ​អន្តរាគមន៍​ពី​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​នានា ដើម្បី​បិទ​ទីលាន​ចាក់​ស​រាម​នោះ​ហើយ​។

ប្រភព​ដដែល​បាន​បន្ត​ថា នេះ​ជា​ទម្លាប់​របស់​ក្រុមហ៊ុន​ចាក់សំរាម​មួយ​នេះ នៅ​ពេល​ដឹក​ប្រមូល​សំរាម​ពី​កន្លែង​នានា យក​ទៅ​ចាក់​នៅ​ទីនោះ​ពេញ​គ្មាន​កន្លែង​ចាក់​ទៀត តែង​តែបាន​ដុត​ចោល​បែប​អនាធិបតេយ្យ​របៀប​នេះ​រហូត គ្មាន​ទើស​នរណា​ម្នាក់​ឡើយ​។ ពួក​គេ​មិន​បាន​គិតគូ​ពី​ផល​ប៉ះពាល់​ផ្សេង​ៗ ដូច​ជា​បរិស្ថាន និង​សុខភាព​របស់​ប្រជា​ពល​រដ្ឋ​ដែល​រស់នៅ​ជុំវិញ​តំបន់​នោះ​បន្តិច​ណា​សោះ  ហើយ​ពេល​ពួក​គាត់​ទៅ​សួរនាំ​ឆ្លើយ​ថា សំរាម​នោះ​ត្រូវ​ភ្លើង​ឆេះ​ដោយ​ខ្លួនឯង​គ្មាន​អ្នក​ដុត​ទេ ដែល​ពាក្យ​នេះ​គឺជា​ការ​ដោះ​សារ​ដដែល​។ ចំណែក​អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ហាក់​គ្មាន​វិធាន​ការណ៍​ទប់ស្កាត់​ឡើយ នៅ​ពេល​មាន​ភ្លើង​ឆេះ​សំរាម​ម្ដង​ៗ​មិន​ដែល​នាំ​យក​រថយន្ត​ពន្លត់​អគ្គិភ័យ​ទៅ​ជាមួយ ឬ​ឲ្យ​ក្រុមហ៊ុន​នោះ​រក​វិធី​ពន្លត់​នោះ​ទេ បាន​ត្រឹម​ប្រើ​មន្ត្រី​បរិស្ថាន​ខណ្ឌ​ចុះ​ទៅ​ពិនិត្យ​មើល​ជា​ធម្មតា​ប៉ុណ្ណោះ ហើយ​រាល់ដង​ទុក​ឲ្យ​ភ្លើង​ឆេះ​អស់អំណាច​រលត់​ដោយ​ខ្លួនឯង ក្នុង​រយៈពេល​៥​ថ្ងៃ​ទៅ​១​អាទិត្យ ទើប​រលត់​ទៅ​វិញ មិនមែន​ងាយ​រលត់​ភ្លាម​ៗ​នោះ​ទេ ព្រោះ​សំរាម​មាន​ទម្ងន់​រាប់រយ​តោន​ដែល​យក​ទៅ​ចាក់​នៅ​ទីនោះ ហើយ​ភាគ​ច្រើន​សុទ្ធតែ​កម្ទេច​ក្រណាត់​ថែម​ទៀត​។

ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ថា ពួក​គាត់​អស់សង្ឃឹម​ទៅ​នឹង​ចំណាត់ការ​របស់​អាជ្ញាធរ​ហើយ ដូច​ជា​ខ្លាច​អំណាច​ក្រុមហ៊ុន​មួយ​នេះ​ខ្លាំង​ណាស់ គ្មាន​វិធាន​ការណ៍​ណាមួយ ដើម្បី​លុប​បំបាត់​ការ​ដុត​សំរាម​របស់​ទីលាន​ចាក់សំរាម​មួយ​នេះ​ឡើយ ។ ពេល​មាន​ហេតុការណ៍​បែប​នេះ​កើតឡើង គួរតែ​ដាក់​កម្លាំង ឬ​យក​រថយន្ត​ពន្លត់​អគ្គិភ័យ​ដែល​ប្រចាំ​ការ​ស្រាប់​នៅ​ក្នុង​ខណ្ឌ​ទៅ​ជាមួយ​បាញ់​ពន្លត់ភ្លើង​នោះ មិន​ត្រូវ​មិន​អើពើ​ទុក​ឲ្យ​រលត់​ដោយ​ខ្លួនឯង​នោះ​ទេ ហើយ​ពួក​គាត់​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​សុខភាព​ផ្ទាល់​ខ្លួន​ជា ពិសេស​កូនចៅ​តូច​ៗ​របស់​ពួក​គាត់​ផង​ដែរ​។ មិនតែប៉ុណ្ណោះ​ក្រៅពី​ការ​ដុត​បង្ក​ការ​ឆាបឆេះ​ជា​ញឹកញាប់​នោះ ពេល​មាន​ខ្យល់​បាន​ធ្វើ​ឲ្យ​ទី​កម្ទេចកម្ទី​ហើរ​ចេញពី​តាំង​ចាក់​សំរាម​ខាងលើ​ពាស​វាល​ពាស​កាល​ថែម​ទៀត ហើយ​បើ​នៅ​តែ​គ្មាន​វិធាន​ការណ៍​ទៀត​នោះ ពួក​គាត់ និង​នាំ​គ្នា​ធ្វើការ​បះបោរ​ផ្តិត​មេដៃ​ស្នើ​សុំ​ទៅ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​បិទ​ទីលាន​ចាក់សំរាម​នោះ​ចោល​ឲ្យ​ចប់​រឿង​តែ​ម្ដង​៕