ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តសៀមរាប ​៖ ​បើ​តាម​របាយការណ៍​របស់​មន្ទីរ​ទេសចរណ៍​ខេត្ត​សៀម​បាន​បង្ហាញ​ថា ស្ថិតិ​ភ្ញៀវ​ទេសចរ​​ដែល​បាន​ចូល​មក​ទស្សនា​នៅ​ខេត្តសៀមរាប​ក្នុង​ឆ្នាំ​២០១៥​ សរុប​មាន​ចំនួន​៥.០១១.៣១៦​នាក់​ ថយ​ចុះ០,២៥%​ បើ​​ធៀប​​ឆ្នាំ​២០១៤ ​ក្នុង​នោះ​ភ្ញៀវ​បរទេស​មាន​២.១២៤.៨៦៣​នាក់ ថយ​ចុះ​៩,៦១% ភ្ញៀវ​ទេសចរ​ជាតិ​មាន​ចំនួន​២.៨៨៦.៤៥៣​នាក់ កើនឡើង​៨% ​បើ​​ធៀប​​​ឆ្នាំ​២០១៤​ ។

នៅ​ក្នុង​ចំណោម​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ដែល​បាន​ចូល​មក​ទស្សនា​ខេត្តសៀមរាប​នេះ​ ភ្ញៀវ​ទេសចរ​ជនជាតិ​ចិន ​ស្ថិត​នៅ​ក្នុង​ចំណាត់ថ្នាក់​លេខ​១ មាន​ចំនួន​៣៨៧០៣៩​នាក់​កើនឡើង​១៤,៣៤%​ ភ្ញៀវ​ទេសចរ​ជនជាតិ​កូរ៉េ​ ​​ចំណាត់ថ្នាក់​លេខ​២ ​មាន​​ចំនួន​៣០៣៣៨០​នាក់ ​ថយ​១២,៨១%​ ភ្ញៀវ​ទេសចរ​ជប៉ុន ​​ចំណាត់ថ្នាក់​លេខ​៣ ​មាន​១២៨៥០២​នាក់​ថយ​១៤,៨៦%​ និង​ភ្ញៀវ​ទេសចរ​ជនជាតិ​ថៃ​ ស្ថិត​នៅ​ក្នុង​ចំណាត់ថ្នាក់​លេខ​៤​ មាន​​ចំនួន​១២២២៧​នាក់ ​កើនឡើង​​៩,៨៩%​ ។

លោក ទិ​ត ច​ន្ថា រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ បាន​ប្រកាស​កាលពី​ពេល​កន្លង​ទៅ​ថ្មី​ៗ​នេះ​ថា ខណៈ​ដែល​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មក​ទស្សនា​ខេត្តសៀមរាប ​កាលពី​ឆ្នាំ​២០១៥ ​មាន​ចំនួន​​ថយ​ចុះ លោក​​នឹង​​រៀបចំ​ផែនការ​ពង្រីក​ការ​អភិវឌ្ឍផលិតផលក​សិ​ទេសចរណ៍​នៅ​តាម​សហគមន៍​ទេសចរណ៍ និង​តំបន់កសិកម្ម​ដែល​មាន​សក្ដានុពល​បន្ថែម​ទៀត ​សម្រាប់​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្ដរជាតិ​ ។​ ការ​ពង្រីក​ផែនការ​នេះ​ គឺជា​ផ្នែក​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ការ​ជំរុញ​ការ​អភិវឌ្ឍ​ផលិតផល​ទេសចរណ៍​ នៅ​តាម​សហ​គមន៍ និង​តំបន់​ដែល​ប្រកប​របរ​កសិកម្ម​របស់​ប្រជាពលរដ្ឋ​ដែល​អាច​ផ្ដល់​នូវ​សេវាកម្ម និង​ផលិតផល​ទេសចរ​ណ៍កាន់តែ​ច្រើន និង​​សម្បូរ​​បែប​ជូន​ដល់​ភ្ញៀវ​ជាតិ និង​អន្ដរជាតិ​ផង​ដែរ ​។

​លោក​បាន​បញ្ជាក់​ថា កន្លង​មក ​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ​ និង​អន្ដរជាតិ​ គឺ​ជំរុញ​ឱ្យ​មានការ​ចាប់អារម្មណ៍​ទៅ​លើ​តែ​សក្ដានុពល​ធំ​ជាងគេ​សម្រាប់​វិស័យ​ទេសចរ​ណ៍​នៅ​កម្ពុជា ​គឺ​ទេសចរណ៍វប្បធម៌​ និង​ធម្មជាតិ ​​សម្រាប់​ទិស​ដៅ​អភិវឌ្ឍ​បន្ដ ​រាជរដ្ឋាភិបាល​ក៏​ដូច​ជា​ក្រសួងទេសចរណ៍​ បាន​ពង្រីក​នូវ​ផលិតផល​ទេសចរ​ណ៍ឱ្យ​មាន​ច្រើន​ប្រភេទ និង​​ជម្រើស​​ខុស​ៗ​គ្នា ដើម្បី​ទាក់ទាញ​ទីផ្សារ​ទេសចរណ៍ អាច​មក​ទស្សនា​ប្រាសាទបុរាណ តំបន់ឆ្នេរ តំបន់​ធម្មជាតិ តំបន់​ក​សិ​ទេសចរណ៍ និង​ការ​ទស្សនា​នៅ​តំបន់​ទេសចរណ៍​តាម​សហគមន៍​ប្រជាពលរដ្ឋ​ ៕​