សាលាឧទ្ធរណ៍​ដោះលែង​កម្មករ​៤​នាក់​ដែល​ត្រូវ​​ចាប់​ខ្លួនក្នុង​​កូដកម្ម​ហិង្សា​នៅ​ស្វាយរៀង

កម្មករ​រោងចក្រ ៤​នាក់ ដែល​ត្រូវ​ចាប់​ខ្លួន​ករណី​កូដកម្ម​ហិង្សា​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​មេនហាតធេន (Manhattan) និង​តាយសេង (Taiseng) ក្នុង​ក្រុង​បាវិត នោះ ត្រូវ​បាន​សាលាឧទ្ធរណ៍​សម្រេច​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន កាល​ពី​ព្រឹក​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ។

មេធាវី​ការពារ​ក្ដី​ឲ្យ​កម្មករ​ទាំង ៤​នាក់ មក​ពី​មជ្ឈមណ្ឌល​អាមេរិកាំង សម្រាប់​សាមគ្គីភាព ការងារ​អន្តរជាតិ អ្នកស្រី ហេង បុង មាន​ប្រសាសន៍​ថា កម្មករ​ទាំង ៤​នាក់​នោះ អាច​នឹង​រួច​ខ្លួន​ពី​ពន្ធនាគារ​យ៉ាង​យូរ​នៅ​ដើម​សប្ដាហ៍​ក្រោយ​នេះ ហើយ​ពួកគេ​ក៏​អាច​វិល​ត្រឡប់​ទៅ​ធ្វើការ​វិញ​ធម្មតា ព្រោះ​ពួកគេ​មិន​ទាន់​មាន​ទោស​ថា បាន​ប្រព្រឹត្ត​បទល្មើស​ឡើយ។

យ៉ាង​ណា​អ្នកស្រី​បញ្ជាក់​ថា ពួកគេ​នៅ​តែ​ជាប់​កាតព្វកិច្ច​តាម​ផ្លូវ​តុលាការ៖ «តុលាការ​សម្រេច​ដាក់​ពួកគាត់​នៅ​ឋិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ អ៊ីចឹង​គាត់​ត្រូវ​ទៅ​បង្ហាញ​ខ្លួន​នៅ​ប៉ុស្តិ៍​នៅ​ថ្ងៃ​ទី​១ ជា​រៀង​រាល់​ខែ»

​ជុំវិញ​សំណុំរឿង​កូដកម្ម​ទាមទារ​ប្រាក់​ឈ្នួល​នៅ​ក្រុង​បាវិត​នេះ កាល​ពី​ដំណាច់​ឆ្នាំ​២០១៥ កន្លង​ទៅ អាជ្ញាធរ​ក៏​បាន​ចាប់​ខ្លួន​កម្មការិនី​ម្នាក់ និង​អ្នក​បើក​ឡាន​ដឹក​កម្មករ ៦​នាក់​ផ្សេង​ទៀត​ដែរ ដោយ​ចោទ​ប្រកាន់​ពី​បទ​ហិង្សា​ដោយ​ចេតនា បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នក​ដទៃ និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទល្មើស។ អ្នក​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ចុង​ក្រោយ​នេះ នៅ​មិន​ទាន់​មាន​ព័ត៌មាន​ពី​ការ​ដោះលែង​វិញ​នោះ​ទេ។

​អង្គការ​សង្គម​ស៊ីវិល និង​សហជីព តែងតែ​អំពាវនាវ​ឲ្យ​ថ្នាក់ដឹកនាំ​ខេត្ត​ស្វាយរៀង ជួយ​ជំរុញ​ឲ្យ​តុលាការ​ដោះលែង​អ្នក​បើក​ឡាន​ដឹក​កម្មករ​ទាំង​នោះ​ឲ្យ​នៅ​ក្រៅ​ឃុំ​វិញ​ជា​បន្ទាន់​ដែរ ដោយ​រិះគន់​ថា ការ​ចាប់​ខ្លួន​នោះ មាន​ភាព​មិន​ប្រក្រតី​ឡើយ ដោយសារ​អាជ្ញាធរ​ខ្វះ​ការ​តាម​ដាន​ស៊ើប​អង្កេត​ច្បាស់លាស់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។