នាយករដ្ឋមន្រ្តី អំពាវនាវឲ្យ ពលរដ្ឋប្រយ័ត្ន អគ្គិភ័យកើតឡើង នៅថ្ងៃចូលឆ្នាំចិន

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងក្រើនរំលឹក ឲ្យប្រជាពលរដ្ឋ នៅទូទាំងប្រទេសត្រូវ ប្រុងប្រយ័ត្ន ចំពោះគ្រោះអគ្គិភ័យ ដែលអាចកើតមានឡើង គ្រប់ពេលវេលាជាពិសេស ថ្ងៃនៅចូលឆ្នាំចិនតែម្តង នៅពេលសែន កុងម៉ា។

ថ្លែងក្នុងពិធីចែកសញ្ញាបត្រ ដល់និស្សិតសកលវិទ្យាល័យ ជាតិគ្រប់គ្រង នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ឲ្យតែដល់ពេលចូលឆ្នាំចិនម្តងៗ តែងតែមានអគ្គិភ័យ កើតឡើង ដូច្នេះពលរដ្ឋទាំងអស់ ត្រូវប្រយ័ត្ន ប្រយែងឲ្យបានគ្រប់គ្នា ដើម្បីការពារអាយុជីវិត និងទ្រព្យសម្បត្តិ។

សម្តេចបន្តថា គ្រោះថ្នាក់ចរាចរណ៍ក៏ជាកត្តា មួយដែលត្រូវចូលរួមប្រយ័ត្នផងដែរ ព្រោះអំឡុងពេលនេះ មានការធ្វើដំណើរ កំសាន្តនៅតាមតំបន់នានា។

ទាក់ទងចូលឆ្នាំចិននេះដែរ សម្តេចបានលើកឡើងថា រដ្ឋមន្រ្តីក្រសួងអប់រំបានអំពាវនាវ ឲ្យសិស្សសាលាមករៀន ឲ្យបានគ្រប់គ្នា ហេតុនេះ សិស្សទាំងអស់ត្រូវអនុវត្តតាមទៅ៕