ឧបនាយករដ្ឋមន្ត្រី ហោ ណំាហុង ជួយសង្គ្រោះ នារីខ្មែរ៣នាក់ សង្ស័យត្រូវគេជួញដូរនៅចិន

ភ្នំពេញ៖ ក្នុងដំណើរឆ្លងកាត់ទីក្រុងក្វាងចូវ ចូលរួមកិច្ចប្រជុំលើកទី៣ របស់គណៈកម្មាធិការសម្របសម្រួល អន្តររដ្ឋាភិបាលកម្ពុជា-ចិន នៅទីក្រុងប៉េកំាង សាធារណរដ្ឋប្រជាមានិតចិន ឧបនាយករដ្ឋមន្ត្រី ហោ ណំាហុង រដ្ឋមន្រ្តីការបរទេស កម្ពុជា បានជួយសង្គ្រោះនារីខ្មែរ៣នាក់ ដែលសង្ស័យថា ត្រូវបានចាញ់បោកគេជួយដូរនៅចិន ដើម្បីបានវិលត្រឡប់មកមាតុភូមិវិញ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យក្រសួការបរទេស លោក ជុំ សុន្ទរី នៅល្ងាចថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៦ នេះ បានឲ្យដឹងថា បន្ទាប់ពីទទួលបាន របាយការណ៍ផ្ទាល់ ពីអគ្គកុងស៊ុលកម្ពុជា នៅទីក្រុងក្វាងចូវ ពីករណីនារីខ្មែរចំនួន ៣នាក់ ដែលបានធ្វើដំណើរមកដល់ព្រលាន យន្តហោះទីក្រុងក្វាងចូវ ហើយមានសភាពង៉េមង៉ាម អត់មាន ស្គាល់អ្នកណា ហើយមានបុរសជនជាតិចិន ចំនួន៣នាក់ នៅចាំ ខាងក្រៅ ស្ថានអគ្គកុងស៊ុល ក៏ទទួលយកនារីខ្មែរទាំង ៣នាក់នោះ មកស្នាក់នៅបណ្តោះអាសន្ននៅស្ថានអគ្គកុងស៊ុលយើង។

លោក ជុំ សុន្ទរី បានបន្តទៀតថា នារីទាំង ៣នាក់ នោះមានឈ្មោះ ផន យ៉ាន្នី កើតឆ្នាំ ១៩៨៥ នៅខេត្តស្វាយរៀង, ផន យ៉ារី កើតឆ្នាំ ១៩៨៧ នៅខេត្តស្វាយរៀង និងឈ្មោះ ណុប ច័ន្ទត្រា កើតឆ្នាំ ១៩៩២ នៅខេត្តកំពង់ស្ពឺ ក្នុងពេលស្នាក់នៅ ស្ថានអគ្គកុងស៊ុល យើងមានបុរសជនជាតិ ចិនចំនួន ២នាក់ និងស្រ្តីខ្មែរ ១នាក់ បានមកទំនាក់ទំនងជាមួយ នារីទាំង ៣នាក់ ដើម្បីទទួលយកចេញពីស្ថានអគ្គកុងស៊ុល ប៉ុន្តែ ក្នុងពេលនោះ នគរបាលចិននៅទីក្រុងក្វាងចូវ មានការមន្ទិល សង្ស័យថា ជាករណីការជួញដូស្រ្តី ក៏បានរាយការណ៍ជូនថ្នាក់លើរបស់គេ។

លោក ជុំ សុន្ទរី បានបញ្ជាក់បន្ថែមទៀតថា ក្រោយពីបានស្តាប់របាយការណ៍ ឧបនាយលរដ្ឋមន្រ្តី ហោ ណាំហុង បានណែនំា អោយស្ថានអគ្គកុងស៊ុល ទំនាក់ទំនង ជាមួយមេនគរបាល នៅទីក្រុងក្វាងចូវ។ ក្រោយពីបានជួបនាយក នគរបាលខេត្តក្វាងចូវ គេក៏បានសន្និដ្ថានថា ជាការជួញដូរនារីខ្មែរ ដែលមានករណីដូចគ្នានេះ ជាច្រើនមកហើយ ហើយបានសំរេច រៀបចំមាតុភូមិនិវត្តន៍ ទៅកម្ពុជាវិញរបស់នារីខ្មែរទាំង ៣នាក់នេះ។ នារីខ្មែរទាំង ៣នាក់នេះ នឹងចេញដំណើរ ពីទីក្រុងក្វាងចូវ នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៦ វេលាម៉ោង ១១៖៣៥នាទី តាមជើង យន្តហោះ CZ៦០៥៩ ហើយទៅដល់អាកាស យានដ្ឋានអន្តរជាតិ ភ្នំពេញ នៅវេលាម៉ោង ១៣៖៣០នាទី ក្នុងថ្ងៃដដែល៕