ព័ត៌មាន​ជាតិ &raquo បរិស្ថាន

ខេត្តសៀមរាប ៖ លោក គឹ​ម ឆៃ​ហៀ​ង អភិបាលរង​ខេត្តសៀមរាប ​បាន​ប្រាប់​ថា ដើម្បី​គ្រប់គ្រង​កាក​សំណល់រ​រឹង​នៅ​ក្នុង​ក្រុង​សៀមរាប​ឱ្យ​មាន​ប្រសិទ្ធភាព​អាជ្ញាធរ​ខេត្តសៀមរាប​មាន​គ្រោង​សាងសង់​ទីលាន​ចាក់សំរាម និង​កែ​ច្នៃ​ដ៍​ធំ​មួយ​នៅ​ក្នុង​ឆ្នាំ​២០១៦​នេះ​នៅ​លើ​ផ្ទៃដី​៣០​ហិ​កតា​ស្ថិត​នៅ​ក្នុង​ឃុំ​រុន​តា​ឯក ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ដែល​មាន​ចម្ងាយ​ប្រមាណ​ជា​៣០​គីឡូម៉ែត្រ​ពី​ទីរួមខេត្ត​សៀមរាប​ក្នុង​ទឹកប្រាក់​១៣​លាន​ដុល្លា​អា​មេ​រិ​ក​ដែល​ជា​ជំនួយ​របស់​រដ្ឋាភិបាល​កូរ៉េ​។​

លោក​បាន​បន្ត​ថា កន្លង​មក​អាជ្ញាធរ​ខេត្តសៀមរាប​តែងតែបាន​គិតគូ​អំពី​បញ្ហា​គ្រប់គ្រង​កាក​សំណល់​ទាំង​រឹង​និង​រាវ ហើយ​ចំពោះ​សំណល់​រាវ​យើង​ទទួល​បាន​គម្រោង​៣​ធំ​ៗ បច្ចុប្បន្ន​កំពុង​ដំណើរការ​គឺ​មាន​ទី​១ របស់​ADB ទី​២ របស់​AFD​បារាំង និង​ទី​៣ គម្រោង​របស់ កោយ​កា​នៃ​រដ្ឋាភិបាល​កូរ៉េ​។ រីឯ​ការ​គ្រប់គ្រង​សំណល់​រឹង​គឺ​នៅ​មាន​បញ្ហា​ខ្វះ​នៅ​ទីលាន​ចាក់សំរាម​។​ប៉ុន្តែ​ឥឡូវនេះ​យើង​ទទួល​បាន​គម្រោង​ដ៍​ធំ​មួយ​ពី​រដ្ឋាភិបាល​កូរ៉េ​ក្នុង​ទឹកប្រាក់​១៣​លាន​ដុល្លា​អា​មេ​រិ​ក​សម្រាប់​សាងសង់​ទីលាន​ចាក់សំរាម និង​កែ​ច្នៃ​ដែល​ទីលាន​នេះ​មាន​លទ្ធភាព​កែ​ច្នៃ​កាក​សំណល់​ឱ្យទៅ​ជា​របស់​ប្រើប្រាស់​ផ្សេង​ៗ​ក្នុង​១​ថ្ងៃ​៣០០​តោន​។

​លោក​បាន​បញ្ជាក់​ទៀត​ថា សម្រាប់​បច្ចេកទេស​សាងសង់​និង​ការ​គ្រប់គ្រង​មួយ​ចំនួន​ធំ​ក្នុង​ជំហាន​ដំបូង​គឺ​ខាង​ភាគី​កូរ៉េ​ជា​អ្នក​អនុវត្ត​ទាំងអស់ ដោយឡែក​សម្រាប់​អាជ្ញាធរ​ខេត្ត​គ្រាន់តែ​ជា​អ្នក​រៀបចំ​ផ្ទៃដី​និង​មាន​មន្ត្រី​មួយ​ចំនួន​សម្រាប់​ធ្វើ​កិច្ច​ប្រតិបត្តិការ​ជាមួយ​ភាគី​កូរ៉េ​ប៉ុណ្ណោះ​។  ហើយ​តាម​គម្រោង​ខាង​កូរ៉េ គេ​ចង់ឱ្យ​ដំណើរការ​នៅ​ក្នុង​ខែមីនា​ឆ្នាំ​២០១៦​នេះ​ប៉ុន្តែ​ដោយសារ​តែ​ខាង​អាជ្ញាធរ​ខេត្ត​ត្រូវការ​រៀបចំ​ផ្ទៃដី​ឱ្យ​រួចរាល់​សិន​ដូច្នេះ​ការ​សាងសង់​នេះ​អាច​រាង​យឺត​បន្តិច​។​លោក រំពឹង​ថា បន្ទាប់​ពី​ទីលាន​ចាក់សំរាម និង​កែ​ច្នៃ​នេះ​សាងសង់​រួចរាល់​ការ​គ្រប់គ្រង​សំរាម​នៅ​ក្នុង​ក្រុង​សៀមរាប និង​មាន​ភាពល្អ​ប្រសើរ ជា​ពិសេស​អនាម័យ​បរិស្ថាន និង​មាន​ភាព​ស្រស់​ស្អាត ឱ្យ​សម​ដូច​ពាក្យស្លោក​ថា ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត សេវា​ល្អ ។

         បើ​យោង​តាម​របាយការណ៍​របស់​មន្ទីរ​បរិស្ថាន​ខេត្តសៀមរាប​បាន​បង្ហាញ​ឱ្យ​ដឹង​ថា នៅ​ក្នុង​ក្រុង​សៀមរាប​ក្នុង​មួយ​ថ្ងៃ​មាន​សំរាម​កើតឡើង​ប្រមាណ​ជា​២៧០​តោន ហើយ​សំរាម​ទាំងនេះ​ក្រុមហ៊ុន​ប្រមូល​សំរាម និង​ដឹក​ជញ្ជូន​ចេញ​បាន​តែ​៦០​ទៅ​៧០%​ប៉ុណ្ណោះ​ដោយឡែក​សំរាម​ដែល​នៅ​សល់​ត្រូវ​ប្រជាពលរដ្ឋ​យក​ទៅ ដុត ឬ​កប់ បោះចោល​នៅ​តាម​ដងផ្លូវ​ក្នុង​ប្រឡាយ​ទឹក ដែល​កំពុង​តែ​ធ្វើ​ឱ្យ​មាន​ហានិភ័យ​ដល់​បរិស្ថាន សុខភាព និង​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ផង​ដែរ​៕