ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ភ្នំពេញ ៖ សិស្សសាលា​បឋម​សិក្សា​ទួល​កី បាន​សម្ដែង​ការ​ភ្ញាក់ផ្អើល​រត់​ជាន់​ជើង​គ្នា​ទាំង​ព្រឹក នៅ​ក្នុង​ខណៈ​ពេល​ដែល​សិស្ស​ទាំងនោះ ចូល​ទៅ​ដល់​ក្នុង​ថ្នាក់រៀន​បាន​ប្រទះ​ឃើញ​មាន ពស់ថ្លាន់​មួយ ក្បាល​ទម្ងន់​ប្រមាណ​ជាង​១០​គីឡូក្រាម​កំពុង​ដេក​នៅ​លើ​ធ្នឹម​អាគារ​ថ្នាក់រៀន​នោះ ព្រោះតែ​វា​គ្មាន​ទីជម្រក ដោយនៅ​តំបន់​នោះ​ត្រូវ​បាន​ចាក់​ដី​បំពេញ ថ្លុក ត្រពាំង និង​ឈូស​ឆាយ ព្រៃរបោះ​អស់នោះ​។​ហេតុ​ការ​ណ៏​ភ្ញាក់ផ្អើល​នោះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​ព្រឹក ថ្ងៃ​ទី​០៥​ខែកុម្ភ​: ឆ្នាំ​២០១៦ នៅ​ក្នុង​សាលា​បឋម​សិក្សា​ទួល​កី ស្ថិត​ក្នុងភូមិ​ទួល​កី សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី ភ្នំពេញ​។

​លោកគ្រូ​ម្នាក់​បង្រៀន​នៅ​ក្នុង​សាលា​ខាងលើ បាន​ឲ្យ​ដឹង​ថា​ពស់ថ្លាន់​ញី​មួយ​ក្បាល​នោះ​មាន​ប្រវែង ប្រមាណ​ជាង​២​ម៉ែត្រ​ទម្ងន់​ជាង​១០​គីឡូក្រាម​មាន​ទំហំ​ដងខ្លួន​ប៉ុន​កំភួនជើង សង្ស័យ​វា​លូន​ចេញពី​ក្នុង ថ្លុក​ត្រពាំង និង​ព្រៃរបោះ​ៗ ដែល​ស្ថិត​នៅ​ជិត​នោះ ។​បន្ទាប់​ពី​តំបន់​ខាងលើ​ត្រូវ​បាន​កាប់​ឆ្ការ ឈូស​ឆាយ និង ចាក់​ដី​បំពេញ​អស់ ធ្វើ​ឱ្យ​វា​គ្មាន​ទីជម្រក​សម្រាប់​រស់នៅ​បន្ត​ទៀត ព្រោះ​ទីនោះ​គឺជា​តំបន់​អភិវឌ្ឍ​ន៏ ហើយ ដោយសារ​តែ​បែប​នឹង​ទើប​វា​លូន​ទៅ​ក្នុង​ថ្នាក់រៀន​ខាងលើ ហើយ​បាន​ដេក​សន្ធឹង​ខ្លួន​នៅ​លើ​ធ្នឹម អាគារ​ក្នុង​ថ្នាក់​នោះ​តែ​ម្ដង​។

​ប្រភព​ដដែល​បាន​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ មាន​សិ​ស្សាលា​ច្រើន​នាក់​បាន​នាំ​គ្នា​ដើរ​ចូល​ទៅ ក្នុង​ថ្នាក់រៀន​ខាងលើ ហើយ​ពេល​ចូល​ទៅ​ដល់ បាន​ប្រទះ​ឃើញ​ពស់ថ្លាន់​ញី​១​ក្បាល​នោះ កំពុង​ដេក​នៅ​លើ ធ្នឹម​ធ្វើ​ឲ្យ​ពួក​គេ​មានការ​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង ហើយ​បាន​នាំ​គ្នា​រត់​យ៉ាង​ប្រសេចប្រសាច​ជាន់​ជើង​គ្នា​ចេញ​ក្រៅ ។​ខណៈនោះ​លោកគ្រូ​អ្នកគ្រូ​ប្រចាំ​ថ្នាក់​បាន​រាយ​ការ​ណ៏​ប្រាប់​ទៅ​អាជ្ញាធរ មូលដ្ឋាន​ឲ្យ​ចុះ​ទៅ​ពិនិត្យ​មើល​និង​ចាត់ចែង ទំនាក់ទំនង​ទៅ​ខាង ក្រុម​អភិរក្ស​សត្វព្រៃ ចុះ​ទៅ​យក​ពស់ថ្លាន់​ញី​នោះ​ទៅ​រក្សា​ទុក​ដើម្បី​យក ទៅ​ដាក់​នៅ​សួនសត្វ ឬ​ព្រៃ​ណាមួយ​ដែល​មាន​សុវត្ថិភាព​ឆ្ងាយ​ពី​ដៃ​ជន​ទុច្ចរិត​៕​