ទ្រឹស្តី «​ផឹកស៊ី​ប្រយ័ត្ន​ជាប់គុក​» កំពុង​ពេញនិយម​ជាង «​លើក​ដាច់​សាច់​ស្អាត​»

​ភ្នំពេញ​៖ ទ្រឹស្តី «​ផឹក ផឹក​ឲ្យ​គេ​សែង ផឹក​ដើរ​ខ្លួនឯង ផឹក​ធ្វើ​អី​» «​លើក​ដាច់​សាច់​ស្អាត​» «​ជល់​មួយ​ជួយ​កម្លាំង​» «​មក​ធ្វើ​អី បើ​មក​មិន​ផឹក​» «​ផឹកស៊ី កុំ​ទម្រន់ បើ​មិន​វៃ​ប្រពន្ធ គឺ​វៃ​ម៉ែក្មេក​»​លែង​ពេញនិយម​ទៀតហើយ ពីព្រោះ​តែ​បុរស​ខ្មែរ​ដែល​ចូលចិត្ត​សេព​គ្រឿង​ស្រវឹង​មួយចំនួន​នៅក្នុងពេល​បច្ចុប្បន្ននេះ​ចាប់ផ្តើម​គិតពី​កម្រិត​ចំនួន​ជាតិ​អាល់កុល​នៅក្នុង​ប្រភេទ​ស្រា​បៀរ​មុន​ពេលដែល​ពួកគេ​ទទួលទាន ព្រមទាំង​កំណត់​ចំនួន​យ៉ាង​ច្បាស់លាស់​។ និន្នាកា​នេះ កើតមាន​ក្រោយ​ពេលដែល​ច្បាប់​គ្រប់គ្រង​គ្រឿង​ស្រវឹង​ថ្មី​ត្រូវបាន​រឹតបណ្តឹង​នៅ​ដើមឆ្នាំ​២០១៦​នេះ និង​ជា​ស្មារតី​ភ្ញាក់រលឹក​គិតគូ​ពី​សុខភាព​ផងដែរ​។ ពួកគេ​បាន​ប្រើ​ទ្រឹស្តី​ថ្មី​ដើម្បី​ចំអន់​គ្នា​ថា​៖«​ផឹកស៊ី​ប្រយ័ត្ន​ជាប់គុក​»​។​

​ថ្ងៃមួយ នៅក្នុង​បន្ទប់​ស្ទី​ម​មួយកន្លែង​នៅ​សង្កាត់​បឹង​កេងកង​៣ ក្នុង​រាជធានី​ភ្នំពេញ មាន​បុរស​ចំណាស់​ប្រមាណ​ពី​បួន ទៅ​ប្រាំ​នាក់ នាំគ្នា​ស្ទី​ម​បណ្តើរ ជជែក​គ្នា​ពី​រឿង​«​ផឹកស៊ី​»​បណ្តើរ ហើយ​សារព័ត៌មាន​ថ្មីៗ​បាន​ស្តាប់ឮ​។​បុរស​ម្នាក់​វ័យ​ជាង​៥០​ឆ្នាំ​ចាប់ផ្តើម​លើកឡើង​មុនគេ​ថា​៖«​អត់​បានទេ​ឥឡូវ​ផឹក​ស្រួល ឬ​ស្រួល អស់​លុយ​ហើយ អាច​ត្រូវគេ​ចាប់​ដាក់គុក​ទៀត​»​។ លោក​បន្តថា ជាធម្មតា​លោក​ចូលចិត្ត​ស្រា​បៀរ អា​បេ​សេ (ABC) ហើយ​លោក​ពិសារ​មិនតិចជាង​បី​កំប៉ុង​នោះទេ ក្នុងពេល​ជួបជុំ​មិត្តភក្តិ​ម្តង​។ តែ​មកដល់ពេលនេះ​វិញ លោក​អះអាងថា​៖«​ផឹក​ដូច​មុន​អត់​កើត​ទេ​ខ្លាច​គេ​ឲ្យ​ផ្លុំ​ខ្យល់​ទៅលើ​ស​ជាតិ​អាល់កុល​។ ខ្ញុំ​ផឹក​តែមួយ ឬ​ពីរ​កំប៉ុង​ប៉ុណ្ណោះ​ព្រោះ​ខ្លាច​គេ​ផាកពិន័យ ណាមួយ​សុខភាព​ក៏​ចុះខ្សោយ​ដែរ​»​។​

​បន្ទាប់ពី​បុរស​វ័យ​ចំណាស់ បុរស​វ័យ​ជាង​២៥​ឆ្នាំ​ម្នាក់ទៀត មាន​កាន់​កូនកន្សែង​មួយ ជូត​ញើស​បណ្តើរ និយាយ​បន្ត​បណ្តើ​រថា ជាធម្មតា​លោក​ចូលចិត្ត​ស្រា​បៀរ ហែ​ន​នី​គែន (Heineken) ព្រោះ​វា​មាន​រស់ជាតិ​ស្រាល​ល្មម ហើយ​លោក​អាច​ពិ​សារបាន​ច្រើនជាងគេ គឺ​ចាប់ពីរ​ប្រាំ​ដប​ឡើងទៅ ក្នុងពេល​ជួយ​ជុំ​មិត្តភក្តិ​ម្តង​។ លោក​បន្ថែមថា រាល់ពេល​«​ផឹកស៊ី​»​ពួកលោក​តែង​ជម្រុញ​គ្នា​ទៅវិញទៅមក​ឲ្យ​ពិសារ​ច្រើនៗ​យកឈ្នះ​ចាញ់​។ អ្នក​ដែល​ពិ​សារបាន​ច្រើនជាងគេ​ត្រូវបាន គេ​សរសើរ​ថា​ជា​អ្នកខ្លាំង ចំណែកឯ​អ្នក​ដែល​ពិ​សារបាន​តិចជាងគេ នឹង​ត្រូវគេ​បង្អាប់​ថា​ខ្សោយ​។ ប៉ុន្តែ​មួយរយៈ​ពេល​ចុងក្រោយ​នេះ​វិញ ពួកលោក​ឈប់​ប្រើ​ទស្សនៈ​ជម្រុញ​ការផឹក ដូចជា​៖  «​មក​ធ្វើ​អី បើ​មក​មិន​ផឹក​»​ឬ​«​លើក​ដាច់​សាច់​ស្អាត​»​ទៀតហើយ ពួកលោក​ប្រើ​ទ្រឹស្តី​ថ្មី​ថា​«​ផឹកស៊ី​ហាម​បង្ខំ ផឹក​បាន​ប៉ុណ្ណា យក​ប៉ុណ្ណឹង​»«​ផឹកស៊ី​ប្រយ័ត្ន​ជាប់គុក​»​។​

​មាន​មាឌធំ​ក្រអាញ ក្បាល​ពោះធំ​បន្តិច បុរស​ចំណាស់​វ័យ​ជាង​៤០​ឆ្នាំ​ម្នាក់ទៀត ដែល​មើលទៅ​ទំនងជា​អ្នក​ពូកែ​ពិសារ​ស្រា​បៀរ​នោះ បន្ទរ​ថា​៖«​កាលពីមុន​ផឹក​ស្រវឹង​ហើយ រត់​មក​ស្ទី​ម ដល់ពេល​ស្ទី​ម​រាង​ស្វាង​ហើយ ស្រួល​មិន​ស្រួល​ចេញទៅ​វិញ​នាំគ្នា​ដាក់​ទៀត​។ ពេលខ្លះ​ផឹក​ទល់​ភ្លឺ​ក៏មានដែរ បើ​គិត​ជា​ចំនួន​វិញ​មិនដឹង​ជា​ប៉ុន្មាន​កោះ​ទេ​»​។​យ៉ាងណាក៏ដោយ​ទ​ម្រា​ប់​ទទួលទាន​គ្រឿង​ស្រវឹង​ច្រើនៗ របស់​បុរស ចំណាស់​រូបនេះ​ត្រូវបាន​ផ្លាស់ប្តូ​រហើយ ក្រោយ​ពេលដែល​ច្បាប់​គ្រប់គ្រង​ការទទួល​ទាន​គ្រឿង​ស្រវឹង​ថ្មី​ត្រូវបាន​រឹតបន្តឹង​នោះ​។ លោក​បាន​អះអាង​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​ចាប់ផ្តើម​កាត់បន្ថយ​ហើយ​ចាប់ពីពេលនេះ​ទៅ  ព្រោះ​ខ្លាច​ថ្ងៃ​ណា​ចៃដន្យ​ត្រូវ​ប៉ូលិស​ចាប់​ឲ្យ​ផ្លុំ​ខ្យល់ និង​ត្រូវគេ​ថត​ចុះ​កាសែត ឬ​ហ្វេ​ស​ប៊ុ​ក ទៀត​នោះ​ច្បាស់​ជា​ខ្មាស់​គេ​ណាស់​។ ណាមួយ​ចាស់​ហើយ គិតគូរ​ហាត់ប្រាណ ជិះ​កង់​វិញ​ម្តង​»​។​

​សូម​រំលឹកថា ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឆ្នាំ​២០១៥ ក្នុង​ជំពូក​ទី​១០ មាត្រា​៧៧ បាន​ចែងថា​៖ ជន​ណា​បើកបរ​យានយន្ត​នៅពេលដែល​ខ្លួន​ស្ថិតក្នុង​ភាពស្រវឹង ដោយមាន​ជាតិ​អាល់កុល​ចាប់ពី ០,៤០ មី​លី​ក្រាម ក្នុង​មួយ​លីត្រ​ខ្យល់ ឬ​ចាប់ពី ០,៨០​ក្រាម ក្នុង​មួយ​លីត្រ​ឈាម​ឡើងទៅ ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី ១​ខែ ទៅ ៦​ខែ និង​ពិន័យ​ជា​ប្រាក់ ពី ៨​សែន​រៀល ទៅ ៤​លាន​រៀល​៕

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​