ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

ខេត្តកំពង់ចាម ៖   បុរស​ចំណាស់​វ័យ​៦០​ឆ្នាំ​ឈ្មោះ កៅ ផា​ន  ជា​កម្មករ​បំរើ​ការងារ​នៅ​សិប្បកម្ម​ថ្នាំ​បារី​មួយ​កន្លែង​នៅ​ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ   បាន​ស្លាប់​ភ្លាម​ៗ​នៅ​លើ​ស្ពាន​គី​ហ្ស៊ុ​ណា  ត្រង់​ផ្លូវ​ចុះ​ចំណោត​ក្នុងភូមិ​ទី​៣ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម ។  ហេតុ​ការ​ណ៏​នោះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៦​និង​៣០នាទី​ល្ងាច​ថ្ងៃ​ទី​៥​កុម្ភៈ​២០១៦  ដោយសារ​តែ​ជិះ​ម៉ូតូ​ឌ្រី​ម C 125 ពណ៌​ក្រហម    ពាក់​ស្លាក​លេខ​ឧត្តរមានជ័យ​1A-2661  ទៅ​បុក​គោ​យន្ត​កន្ត្រៃ​ដឹក​ដើម​ឫស្សី​ពី ក្រោយ​ជង់​ចំ​ចុងដង្ហើម  ដោត​ជាប់​ហូរ​ឈាម​កក្លាក់​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច  ទៅ​ជួយ​សំរួល​ចរាចរ​មិន​ឲ្យ​មាន​ភាព​កកស្ទះ​។​

ហើយ​ក៏​មាន​ជន​កំហូច​បាន​ឆ្លៀត​លួច​ទូរស័ព្ទ​ដៃ  របស់​អ្នក​ស្លាប់​ថែម​ទៀត  ។​លោក​អនុ​សេនី​យ៏​ឯក ស៊ា​ម យូ​សេង នាយការិយាល័យ​ចរាចរណ៍ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ចាម​ប្រាប់​ឲ្យ​ដឹង​ថា​គោ​យន្ត​កន្ត្រៃ​បាន​ដឹក​ដើម​ឫស្សី​ជា​ច្រើន​ដើម  ចេញ​មក​ពី​ត្រើយ​ខាងកើត​ឆ្ពោះ​មក​ខាងលិច​ចូល​ក្រុង​កំពង់ចាម  ស្រប​ពេល​ដែល​បើក មក​ដល់​ត្រង់​ផ្លូវ​ចំណោត    មិន​ទាន់​មិន​ផុត​ផង​នោះ​ក៏​បាន​ខូច​កាលពី​វេលា​ម៉ោង​៥​ល្ងាច     ដោយ​ដាច់​បា​ឡុ​ង​ខ្ចៅ​កង់​ខាង​មុខ   ហើយ​ម្ចាស់​បាន​ទុក​គោ​យន្ត​ចោល​ទៅ​ទិញ​របស់​ដើម្បី យក​មក​ដោះ​ដូរ ត្រៀម​បន្តដំណើរ​ទៅ​មុខ​ទៀត  ។​លោក​អនុ​សេនី​យ៏​ឯក ស៊ា​ម យូ​សេង  ប្រាប់​បន្ត​ឲ្យ​ដឹង​ទៀត​ថា​លុះ​រហូត​ដល់​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច​ស្រាប់តែ​មាន​បុរស​ចំណាស់​ខាងលើ  បាន​ជិះ​ម៉ូតូ​មក​ពីក្រោយ​ពុក​ពេញទំហឹង   បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​តែ​ម្តង ។

តាម​ច្បាប់​នៅ​ពេល​ដែល​គោ​យន្ត​កន្ត្រៃ​ខូច​បែប​នេះ ម្ចាស់​ត្រូវ​តែ​ដាក់​ស្លាក​សញ្ញា​ចំងាយយ៉ាង​ហោច​ណាស់​១៥​ម៉ែត្រ  ដើម្បី​ឲ្យ​អ្នក​ធ្វើ​ដំណើរ​នៅ​ខាងក្រោយ​បានដឹង តែ​ករណី​នេះ​ម្ចាស់​គោ​យន្ត​ឈ្មោះ លី ធា​រ៉ា  ភេទ​ប្រុស   អាយុ​២៧​ឆ្នាំ នៅ​ភូមិ​ទី​៨ ឃុំ​កោះសំរោង ស្រុក​កំពង់សៀម  ដែល​ជា​ការ​ធ្វេសប្រហែស ។

ក្រោយ​ពី​មាន​ហេតុ​ការ​ណ៏ គ្រោះថ្នាក់​ចរាចរ​ណ៏​នេះ   កម្លាំង​នគរបាល​ចរាចរ​ក្រុង​កំពង់ចាម​និង​កង​អន្តរា​គម​ន៏​ខេត្ត បាន​ចុះ​ទៅ​កន្លែង​កើតហេតុ   ដោយ​បាន​ជួយ​សំរួល​ចរាចរ​មិន​ឲ្យ​កកស្ទះ​និង​បាន​ឃាត់​បុរស ម្ចាស់​គោ​យន្ត​កន្ត្រៃ   បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ចាម ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់  ។
លោក​អនុ​សេនី​យ៏​ឯក​ស៊ា​ម  យូ​សេង    នាយការិយាល័យ​ចរាចរ​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ចាម
បញ្ជាក់​ថា រហូត​មក​ដល់​វេលា​ម៉ោង​ជិត​៩​យប់​ថ្ងៃ​ដដែល  សព​បុរស​ចំណាស់​ជា​កម្មករ​យាម​ឲ្យ​សិប្បកម្ម
ផលិត​បារី​មួយ​កន្លែង​នៅ​ទន្លេ​បិទ    នឹង​ត្រូវ​បាន​ប្រគល់​ទៅ​ឲ្យ​សាច់ញាតិ    ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម
ប្រពៃណី​នៅ​ស្រុក​កំណើត​ខេត្តកំពង់ឆ្នាំង ៕