ឡៅ ចន្រ្ទា និង អ៊ុំ ចំរើន ត្រូវ​ប្រជែងជាមួយ​​ជើង​ខ្លាំង​មិន​ដែល​ចាញ់​របស់​​ឡាវ

អ្នក​ប្រដាល់​ជើង​ខ្លាំង​របស់​កម្ពុជា ឡៅ ចន្រ្ទា នឹង​ត្រូវ​​ប្រឈម​នៅ​ការ​ប្រកួត​ដ៏​តាន​តឹង​មួយ ខណៈ​រូប​គេ​ត្រូវ​វិល​ទៅ​ជួប​អ្នក​ប្រយុទ្ធ​មិន​ធ្លាប់​ចាញ់​របស់​ឡាវ Ha Chhlam ក្នុង​ការ​ប្រកួតជម្រុះ​សមរភូមិ​អ្នក​ប្រយុទ្ធ​ដណ្តើម​ខ្សែ​ក្រវាត់ នៅ​លើ​សង្វៀន PNN។ រីឯ អ៊ុំ ចំរើន ត្រូវ​​ប្រជែង​ជាមួយ​ជើង​ខ្លាំង​មិន​ធ្លាប់​ចាញ់​របស់ឡាវ Yodkunphon Ek Bangsai ដូច​គ្នា​ក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ នៅ​សង្វៀន CNC។

kh-boxing-1

អ៊ុំ ចំរើន ជា​កីឡាករ​កម្ពុជា​តែ​ម្នាក់​គត់ ដែល​បាន​ឆ្លង​ផុត​វគ្គ​ជម្រុះ ដើម្បី​ឡើង​ទៅ​ប្រកួត​នៅ​វគ្គពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ខណៈ​មិត្ត​រួម​ជាតិ​របស់​គេ​៣​នាក់​ទៀត​រួម​មាន មិន សិលា ចាន់ គឹមលាភ និង ជា សំនៀង បាន​ធ្លាក់​ចេញ​ពី​ការ​ប្រកួត​ដូច​គ្នា ប៉ុន្តែ​ភាគី​កីឡាករ​បរទេស​គឺ​បាន​ធ្លាក់​តែ​ម្នាក់​គត់​គឺ​កីឡាករ​ចាញ់​ទាំង​៤​ប្រកួតរបស់​ថៃ Mamai sit Yotchean។ ចំពោះ​ការ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ នៅ​​យប់​ថ្ងៃ​សៅរ៍ ខាង​មុខ​នេះ អ៊ុំ ចំរើន របស់​ក្លិប​តាឡី​ដំរី​មាន​រិទ្ធ អាច​នឹង​ប្រឈម​នៅ​ការ​លំបាក​ច្រើន ក្នុង​ការ​ស្វែង​រក​ឱកាស​ឡើង​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ ព្រោះ​កីឡាករ​ឡាវ Yodkunphon Ek Bangsai ដែល​គេ​ត្រូវ​ប្រជែង​លើក​នេះ ធ្លាប់​បាន​យក​ឈ្នះ​ដោយ​ពិន្ទុ​លើ ចំរើន ក្នុង​ការ​ប្រកួត​វគ្គ​ជម្រុះ​ម្តង​ហើយ ហើយ​ឡាវ​ម្នាក់​នេះ​ក៏​បាន​ផ្តួល មិន សិលា និង ចាន់ គឹមលាភ ឲ្យ​សន្លប់​នៅ​ទឹក​ទី​២ដូច​គ្នា និង​បាន​វាយ​ឲ្យ ជា សំនៀង សន្លប់​នៅ​ទឹក​ទី​៤​ផង​ដែរ។

kh-boxing-2
ចំណែក​ការ​ប្រកួត​កីឡាករ​ឡាវ Orono Champasak ត្រូវ​ធ្វើ​ការ​ប្រកួត​​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រជាមួយ​ជើង​ខ្លាំង​របស់​ថៃ Nataphon Kietavorn នៅយប់​ថ្ងៃ​សៅរ៍​នោះ​ដែរ។ នៅ​ក្នុង​ការ​ប្រកួត​វគ្គ​ជម្រុះ Nataphon បាន​ឈ្នះ អ៊ុំ ចំរើន ជា សំនៀង មិន សិលា និង ចាន់ គឹមលាភ ខណៈ Orono បាន​ចាញ់ពិន្ទុ អ៊ុំ ចំរើន តែ​បាន​ឈ្នះ ជា សំនៀង មិន សិលា និង ចាន់ គឹមលាភ។ ដោយ​ឡែក ការ​វិល​មក​ជួប​គ្នា​រវាង​ជើង​ខ្លាំង ឡៅ ចន្រ្ទា និង​ជើង​ខ្លាំង​របស់​ឡាវ Ha Chhlam ក្នុង​ការ​ប្រកួត​​ជម្រុះ​ដណ្តើម​ខ្សែ​ក្រវាត់ ក្នុង​ទម្ងន់​៦០​គីឡូ​ក្រាម នៅ​លើ​សង្វៀន PNN នាល្ងាច​ថ្ងៃ​សៅរ៍ វា​កាន់​តែ​មាន​ការ​ចាប់​អារម្មណ៍ ព្រោះ​អ្នក​ទាំង​នេះ​មិន​ធ្លាប់​ចាញ់​ដូច​គ្នា ​ដោយ​ក្នុង​នោះ ​Ha Chhlam ​បាន​យក​ឈ្នះកីឡាករ​កម្ពុជា សូត្រ ប៊ុនធី និង សេក គឹមផៃ ខណៈ ឡៅ ចន្ទ្រា បាន​ឈ្នះ​​កីឡាករ​ថៃ ចេកនួន និង​ជើង​ខ្លាំង Sam A ដូច​គ្នា។

ចំណែក​កីឡាករ​មក​ពី​ជាយ​ដែន​ខេត្ត​បន្ទាយ​មាន​ជ័យ ឃីម បូរ៉ា ដែល​ជា​បេក្ខភាព​ក្នុង​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​នេះ​ដែរ ត្រូវ​ដាក់​ឲ្យ​ប្រកួតជាមួយ​មិត្ត​ភាពអន្តរជាតិ​​ជាមួយ​កីឡាករ​ថៃ Lookyod វិញ ខណៈ​​គូ​ប្រកួត​របស់​គេ​មក​ពី​ឡាវ​បាន​បោះ​បង់​ចោល​ការ​ប្រកួត​នោះ។ ហេតុ​នេះ ឃីម បូរ៉ា នឹង​ទទួល​បាន​៣ពិន្ទុ​បន្ថែម​ដោយ​ស្វាយ​ប្រវត្តិ ខណៈ​ការ​ប្រកួត​ជម្រុះ​២​លើក​កន្លង​មក បូរ៉ា បាន​ចាញ់​ជើង​ខ្លាំង Sam A តែ​បាន​ឈ្នះ​ពិន្ទុ​កីឡាករ​ថៃ ចេក នួន៕

kh-boxing-3

kh-boxing-4