បុរស​២​នាក់​ជិះ​ម៉ូតូឌុប​គ្នា ក្នុង​ល្បឿន​លឿន​រេ​ចង្កូត​ជ្រុល​ទៅបុក​រថយន្ត​បញ្ច្រាសទិស​គ្នា​ចំ​ពីមុខ​ស្លាប់​ទាំងពីរ​

​ខេត្តបាត់ដំបង​៖ បុរស​២​នាក់​បាន​ជិះ​ម៉ូតូឌុប​គ្នា ក្នុង​ល្បឿន​លឿន រេ​ចង្កូត​ជ្រុល​ទៅបុក​រថយន្ត បញ្ច្រាសទិស​គ្នា​ចំ​ពីមុខ​ពេញទំហឹង​បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​ទាំងពីរ​នាក់​យ៉ាង​រន្ធត់ កាលពី​ល្ងាច​ថ្ងៃទី​៤ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅលើ​ចំណុច​ផ្លូវ​កោង​ខាងកើត​ដងស្ទឹង​សង្កែ ស្ថិតក្នុង​ភូមិ​កំពង់​ពិល ឃុំ​វត្ត​តា​មិ​ម ស្រុក​សង្កែ ខេត្តបាត់ដំបង​។ ឃើញ​សភាព​មិន​ស្រួល​បន្ទាប់ពី​កើតហេតុ​អ្នកបើកបរ​រថយន្ត​បាន​រត់​គេចខ្លួនបាត់​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ដល់​ជីវិត​ទាំងពីរ​នាក់​គឺមាន​ឈ្មោះ សន ធិ​ន អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​អូរ​ដំបង ឃុំ​អូរ​ដំបង​២ ស្រុក​សង្កែ និង​ម្នាក់ទៀត​មានឈ្មោះ ចាយ ឡែ​ម អាយុ​៦០​ឆ្នាំ រស់នៅ​ភូមិ​បោះ​ពោធិ៍ ឃុំ​អូរ​ដំបង​១ ស្រុក​សង្កែ ខេត្តបាត់ដំបង ។ សមត្ថកិច្ច​បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ កើតឡើង​រវាង​រថយន្ត​ដឹក​ដី​ធុន​តូច ១​គ្រឿង ពាក់​ស្លាក​លេខ​បាត់ដំបង 3A-1412 ត្រូវ​ម៉ូតូ​ម៉ាក​ឃ្លិ​ច ពណ៌​ស សេរី​ឆ្នាំ​២០១៥ គ្មាន​ស្លាក​លេខ ដែលមាន​មនុស្ស​ជិះ​ពីរ​នាក់​ផង ក្នុងទិសដៅ​ផ្ទុយគ្នា​បុក​ចំ​មួយ​ទំហឹង​។

​ក្រោយពេល​កើតហេតុ​រថយន្ត និង​ម៉ូតូ​ទាំងពីរ​គ្រឿង​ត្រូវបាន​សមត្ថកិច្ច​នាំយក​ទៅ​រក្សាទុក នៅ​អធិការដ្ឋាន​ដើម្បី​បញ្ជូន​ទៅកាន់ ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្ត រីឯ​សព​ជនរងគ្រោះ បានប្រគល់​ទៅ​ឲ្យ​ក្រុមគ្រួសារ​នាំយកទៅ​ធ្វើបុណ្យ រៀងៗ​ខ្លួន​៕

KA-05-02-2016-08 KA-05-02-2016-09