ភុំ សារ៉ាយ និង លួន សុខខេងជួបគ្នាលើសង្វៀនស៊ីម៉ង់អូដ្ឋ

ភ្នំពេញ:

​ភ្នំពេញ​:​ថ្ងៃទី​៦​កុម្ភៈ​លើស​ង្វៀន​អធិរាជ​ស៊ីម៉ង់​អូដ្ឋ​របស់​TV5 អ្នក​ប្រដាល់​ភុំ សា​រ៉ា​យ​ក្លិប​កថ្ងងល​តូច​លេខ ៣១ប្រកួត​ជាមួយ​អ្នក​ប្រដាល់​លួ​ន សុខ​ខេង​ក្លិប​អាស៊ី​កីឡា ។​
​នេះ​ជាការ​ជួបគ្នា​រវាង​អ្នក​ប្រដាល់​ជើងចាស់​ដូចគ្នា ។ សា​រ៉ា​យ​ពិតជា​ចាស់​មែន​តែ​វ៉ៃ​ចេញ​របស់គេ​មិន​ត្រឹមតែ​ពោរពេញ​ដោយ​កលល្បិច​ប៉ុណ្ណោះ​ទេ​គឺ​ធ្ងន់​ទៀតផង ។ ជា​អ្នក​ប្រដាល់​មួយរូប​ដែល​វ៉ៃ​មិន​បំពាន​គូប្រកួត​តែ​បៃ​មាន​ឱកាស​គេ​នឹង​បញ្ចប់​គូប្រកួត​ភ្លាមៗ​តែម្ដង ។​
​ស្នៀត​កណ្ដាប់ដៃ និង លោត​ទាត់​ផ្កាប់​ចាន់​គឺជា​ស្នៀត​ដែល​អ្នក​ប្រដាល់​រូបនេះ​ប្រើ​បាន​ដោយ​ជោគជ័យ​ក្នុងការ​ផ្ដួល​គូប្រកួត ។ ចលនា​ញាក់​ចង្កេះ​បញ្ឆោត​គូប្រកួត​ក៏​អ្នក​ប្រដាល់​រូបនេះ​ធ្វើ​បានល្អ​បណ្ដាល​ឲ្យ​គូប្រកួត​ស្ថិតក្នុង​ស្ថាន​ភាពលំបាក​ដោយ​មិនដឹង​អ្នក​ប្រដាល់​រូបនេះ​បញ្ចេញ​ដៃ ឬ ជើង ឬក៏​វ៉ៃ​ចេញ​តាម​ច្រក​ណា​ឡើយ ។​
​ចំពោះ​សុខ​ខេង​វិញ​ការ​វ៉ៃ​ចេញ​របស់គេ​ក៏​ធ្ងន់​តែ​តែ​ការ​វ៉ៃ​ចេញ​ហាក់ដូច​ជាមាន​លក្ខណៈ​ត្រង់ៗ​ពេក​ដែលជា​ហេតុ​ធ្វើ​ឲ្យ​គូប្រកួត​ងាយស្រួល​ក្នុងការ​ការពារ  ។​ការជួបគ្នា​រវាង​អ្នក​ប្រដាល់​ជើងចាស់​ទាំង ២ រូបនេះ​មិនដឹងថា​នរណា​ជា​អ្នកឈ្នះ​នោះឡើយ ។​
​វង្ស ស៊ី​ថៃ​ក្លិប​កងពលតូច​លេខ ៧០​ប្រកាស​វ៉ៃ​សងសឹក​ជាមួយ​អ្នក​ប្រដាល់​ម៉ូ រដ្ឋា​ក្លិប​ព្រៃទទឹង​កីឡា​ខេត្ត​បាត់​ដំបង​បន្ទាប់ពី​គេ​ចាញ់​ដោយ​ពិន្ទុ​ម្ដង​ទាំង​មិន​អស់ចិត្ត​នោះ ។​
​អ្នក​ប្រដាល់​ចាស់វស្សា​ទាំង ២ រូបនេះ​សុទ្ធតែ​ឆាប់​ស្រុត​កម្លាំង​ដូចគ្នា ហើយ ការប្រកួត​របស់គេ​គឺ​ប្រើ​កល​ល្បិច និង បច្ចេកទេស​ជាជាង​ប្រើ​កម្លាំង ។ ពួកគេ​ឆាប់​ស្រុត​កម្លាំង​ដូចគ្នា​តែ​ការប្រកួត ៥ ទឹក​នោះ​គឺ​គេ​វាយប្រហារ​គ្នា​រហូត​គ្រាន់តែ​ចាប់ពី​ទឹក​ទី ៣ ទៅ​ការ​វ៉ៃ​ចេញ​របស់​ពួកគេ​ចាប់ផ្ដើម​ស្រាល​ហើយ​មិនសូវ​ចំ​គោលដៅ​ទៀតផង ។​
​ការឡើង​វ៉ៃ​សងសឹក​លើក​នេះ​មិនដឹងថា​វង្ស ស៊ី​ថៃ​សងសឹក​បានសម្រេច ឬ ក៏​ម៉ូ រដ្ឋា​នៅ​រក្សាបាន​នូវ​តំណែង​ជា​អ្នកឈ្នះ​ទៀត​នោះទេ ។​
​ឌុន ប៊ុនធឿន ក្លិប​អេ​ភូ​ថង​កីឡា​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​គង់ វិចិត្រ​ក្លិប​កងពលតូច​លេខ ៧០ ។ អ្នក​ប្រដាល់​ ទាំង ២ រូបនេះ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥០​គីឡូក្រាម ។​
​អ្នក​ប្រដាល់​ទាំង ២ រូបនេះ​មិនសូវ​មានឈ្មោះ​បោះ​សម្លេង​ក៏ពិតមែន​តែ​គេ​ជា​អ្នក​ប្រដាល់​ដែល​វ៉ៃ​ល្អ និង មាន​ការគាំទ្រ​ច្រើន​ពី​អ្នកទស្សនា ។ ជាមួយនឹង​ភាពរហ័សរហួន​នោះ​វិធី​ការពារ និង វាយលុក​គឺ​ល្អ ។ ចាំមើល​នរណា​ជា​អ្នក​ដណ្ដើមបាន​ជ័យជំនះ ?
​នួន ភិ​រក្ស ក្លិប​តា​ព្រហ្ម​មានជ័យ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​សុខ លាប​សមាគម​ប្រដាល់​ក្រសួងការពារជាតិ​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម ។ ចំពោះ​អ្នក​ប្រដា​ល់លឹម តក់​ក្លិប​គុហារ​ព្រហ្ម​ទេព​វិញ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ឡុង វ៉ាន់​តង​របស់​ក្លិប​សាល​វ័​ន្ត​កីឡា​ក្នុង​ប្រភេទ​ទម្ងន់​៥១​គីឡូក្រាម ។​