​រាជរដ្ឋាភិបាល មានបំណង​បង្កើត​មូលនិធិ​ទ្រទ្រង់​សម្រាប់​ជួយ​ដល់​ផលិតករ ក្នុង​ការផលិត​ខ្សែភាពយន្ត​ខ្មែរ​

ភ្នំពេញ: ប្រមុខ​រាជរដ្ឋាភិបាល មានបំណង​បង្កើត​មូលនិធិ​មួយ សម្រាប់​ទ្រទ្រង់​ដល់​ផលិតករ​ក្នុង​ការផលិត​ខ្សែភាពយន្ត​ខ្មែរ ដែល​កំពុង​ជួប​ការខ្វះខាត​ថវិកា​ក្នុង​ការផលិត ដោយ​អាចឱ្យ​ខ្ចី​ថវិកា​ពី​មូលនិធិ​នេះ យកទៅ​ប្រើប្រាស់​ក្នុង​ការផលិត​ខ្សែភាពយន្ត ហើយ​នៅពេលដែល​ចាក់​បញ្ចាំង​បាន​ចំណូល ចាំ​យកមក​សង​មូលនិធិ​វិញ​។​

​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បានលើកឡើង​នៅក្នុង​ជំនួប​ជាមួយ សមាគម​សិល្បករ​ខ្មែរ ដឹកនាំ​ដោយ​លោក សុះ ម៉ាច ប្រធាន​សមាគម នា​ព្រឹក​ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​ទីស្តីការក្រសួង​ព័ត៌មាន​។ ពាក់ព័ន្ធ​ទៅនឹង​ការបង្កើត​មូលនិធិ​នេះ លោក​រដ្ឋមន្ត្រី​បាន​ជំរុញ​ឱ្យ​សមាគម​សិល្បករ​ខ្មែរ រួមទាំង​អ្នកពាក់ព័ន្ធ​ពិភាក្សាគ្នា​រក​យន្តការ​ត្រឹមត្រូវ​មួយ ដែល​អាច​គ្រប់គ្រង​បាន ហើយ​លើក​ជា សំណើ​ទៅ​ប្រមុខ​រាជរដ្ឋាភិបាល ដើម្បី​សម្រេច​បង្កើត​នូវ​មូលនិធិ​នេះ​ឡើង​ជួយ​ដល់​សិល្បៈ​ភាពយន្ត​ខ្មែរ​។ ឆ្លៀត​ក្នុងឱកាស​នោះដែរ លោក​រដ្ឋមន្ត្រី ក៏បាន​អំពាវនាវ​ដល់​អ្នក​ដែល តែងតែ​និយាយថា​ស្រឡាញ់​សិល្បៈ​ខ្មែរ សូមជួយ​ចូលរួម​គាំទ្រ និង​ឧបត្ថម្ភ​ផងដែរ ព្រោះ​កន្លង មក​ពិនិត្យឃើញថា រាល់​កម្មវិធី​សិល្បៈ​បុរាណ​ខ្មែរ ផ្សព្វផ្សាយ​នៅតាម​ទូរទស្សន៍​ជាតិ គ្មាន​អ្នក ជួយឧបត្ថម្ភ​ឡើយ​។​

​ឯកឧត្តម​បានលើកឡើង​ថា ក្រោយពី​ក្រសួង​ព័ត៌មាន បានចេញ​សេចក្តីប្រកាស​ហាម​ដល់​ស្ថានីយទូរទស្សន៍​ទាំងអស់​មិនឱ្យ​ចាក់ផ្សាយ​ខ្សែភាពយន្ត​បរទេស​នៅក្នុង​ម៉ោង​មាស (​ចាប់ពី​ម៉ោង ៧​យប់ ដល់​ម៉ោង ៩​យប់​) មក មាន​ស្ថានីយទូរទស្សន៍​មួយចំនួន​បាន​ត្អូញ ត្អែ​រ​អំពី​ប្រាក់ចំណូល​បានមកពី​ពាណិជ្ជកម្ម ដែល​ធ្វើឱ្យប៉ះពាល់​ដល់​ដំណើរការ​ផ្សព្វផ្សាយ របស់​ស្ថានីយ​ទាំងមូល តែ​ទោះបីជា​យ៉ាងណាក៏ដោយ​យើង​នៅតែ​បន្តធ្វើ​តទៅទៀត ដើម្បី​លើក ស្ទួយ​សិល្បៈ​ខ្មែរ​យើង ឱ្យបានរ​ស់រានត​ទៅមុខ​ទៀត ។​

​លោក​រដ្ឋមន្ត្រី​ក៏បាន​ជំរុញ​លើកទឹកចិត្ត​ដល់​អ្នក​ផលិត​ខ្សែភាពយន្ត​ខ្មែរ និង​តួ​សម្តែង ទាំងអស់​ឱ្យខិត​ខំ​រួម​សាមគ្គី​គ្នា​ក្នុងការ​ធ្វើយ៉ាងណា​ឱ្យ​ខ្សែភាពយន្ត ក៏ដូចជា​កម្មវិធី​ផ្សេងៗ​ទៀត ដែល​ផលិត​ដោយ​ខ្មែរ​ខ្លួនឯង កាន់តែ​មាន​ភាព​ទាក់ទាញ និង​មានគុណ​ភាពល្អ​។ ឯកឧត្តម​រដ្ឋ មន្ត្រី​ក៏បាន​លើកឡើង​ផងដែរ​ថា ដើម្បីឱ្យ​វិស័យ​ខ្សែភាពយន្ត​ខ្មែរ បាន​រីកចម្រើន និង​ទទួល បាន​ជោគជ័យ ត្រូវខិតខំ​ស្វែងរក​ទីផ្សារ ចាក់​បញ្ចាំង​ឱ្យបាន​ច្រើន​កន្លែង​ទាំង​នៅក្នុង​និង​ក្រៅ ប្រទេស​។​

​លោក​រដ្ឋមន្ត្រី​ក៏បាន​លើក​ជា​ឧទាហរណ៍​ថា ខ្សែភាពយន្ត​បរទេស គេ​មិនអាច​លួច​ចម្លង​បាន ដោយសារ​គេ​ផលិត​រួច គេ​រក​ទីផ្សារ​ចាក់​បញ្ចាំង​ឱ្យបាន​ច្រើន ទាំង​នៅក្នុង​និង​ក្រៅប្រទេស ទើប​គេ​ចាក់​បញ្ចាំង​ក្នុងពេល​តែមួយ ធ្វើ​ដូច្នេះ​គ្មាន​អ្នកណា​អាច​លួច​ចម្លង​បានឡើយ ។​

​លោក សុះ ម៉ាច បាន​ជម្រាប​ថា ក្រោយពី​ក្រសួង​ព័ត៌មាន បានចេញ​សេចក្តីប្រកាស​ហាម​មិនឱ្យ​ស្ថានីយទូរទស្សន៍​ទាំងអស់ ចាក់ផ្សាយ​ខ្សែភាពយន្ត​បរទេស​នៅក្នុង​ម៉ោង​មាស​មក សិល្បករ​រួមទាំង​អ្នក​ផលិត​ខ្សែភាពយន្ត​ខ្មែរ និង​អ្នក​ស្រឡាញ់​វិស័យ​ខ្សែភាពយន្ត​ខ្មែរ មានការ​សប្បាយរីករាយ​ជាខ្លាំង ព្រោះថា​នេះ​ជាការ​លើកកម្ពស់​វិស័យ​សិល្បៈ និង​វប្បធម៌​ខ្មែរ ក៏ដូចជា​អត្តសញ្ញាណ​ជាតិ ឱ្យ​កាន់តែ​មានការ​រីកចម្រើន ។ លោក​ប្តេជ្ញា​ថា សិល្បករ អ្នក​ផលិត អ្នក​តែង និពន្ធ និង​អ្នកដឹកនាំ​រឿង​ទាំងអស់ នឹង​ខិតខំ​ប្រឹងប្រែង​ធ្វើយ៉ាងណា​ផលិត​នូវ​រឿង ក៏ដូចជា​កម្ម វិធី​ផ្សេងៗ ដែលជា​ស្នាដៃ​របស់​កូន​ខ្មែរ ឱ្យ​កាន់តែ​ល្អ ដើម្បី​យកមក​ចាក់​បញ្ចាំង​នៅតាម​កញ្ចក់ ទូរទស្សន៍​។ ទន្ទឹមនឹងនេះ លោក​ក៏​សូមឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​រួមគ្នា​គាំទ្រ និង​ជួយ​លើកតម្កើង វិស័យ​សិល្បៈ​ខ្មែរ​យើង​ឱ្យ​កាន់តែ​រីកចម្រើន​ថែមទៀត ៕

​រាជរដ្ឋាភិបាល មានបំណង​បង្កើត​មូលនិធិ​ទ្រទ្រង់​សម្រាប់​ជួយ​ដល់​ផលិតករ ក្នុង​ការផលិត​ខ្សែភាពយន្ត​ខ្មែរ​