អ្នក​គាំទ្រ​ក្លិប Liverpool ពីរ​ក្រុម​គ្រោង​តវ៉ា​រឿង​​សំបុត្រ​ឡើង​ថ្លៃ

ក្រុមអ្នកគាំទ្រក្លិបហង្សក្រហម Liverpool គ្រោង​នឹង​ធ្វើ​ការ​តវ៉ា​ជា​លើក​ដំបូង​នា​ថ្ងៃ​សៅរ៍​នេះ នៅ​កីឡដ្ឋាន Anfield ដោយ​ក្រុម​អ្នក​គាំទ្រ​នឹង​ជម្រុញ​ឲ្យ​ទស្សនិកជន​ទាំង​អស់​ដើរ​ចេញ​ពី​កន្លែង​អង្គុយ​របស់​ពួកគេ​នៅ​នាទី​ទី​ ៧៧ នៃ​ការប្រកួត​រវាង​ Liverpool និង​​ Sunderland ជាការ​ប្រឆាំង​ទៅ​នឹង​ការឡើង​ថ្លៃ​សំបុត្រ​ចូល​ទស្សនា​បាល់​ទាត់។

liverpoolក្រុម​អ្នក​គាំទ្រ​ចំនួន​ពីរ​ក្រុមគឺ Sprit of Shanky និង​ Spoin Kop 1906 ដែល​ជា​អ្នក​រៀប​ចំ​ការ​ការ​តវ៉ា​នេះ បាន​ឲ្យ​ដឹង​ថា ការ​ដើរចេញ​នៅ​នាទី​ទី ៧៧ ដើម្បី​បញ្ជាក់​​ដល់​ភាព​ពុំ​ពេញចិត្ត​ចំពោះ​ការដំឡើង​តម្លៃ​សំបុត្រ​ចូល​ទស្សនា​​បាល់ទាត់​របស់​ក្លិប Liverpool ​សម្រាប់​រដូវ​កាល​ក្រោយ​ពី ៥៩ ផោន (៨៦ ដុល្លារ) រហូត​ដល់​ទៅ ៧៧ ផោន (១១២ ដុល្លារ)។ ក្រុម​គាំទ្រ​ទាំង​ពីរ​នេះ​ក៏​ធ្លាប់​បាន​ចរចារ​សុំ​បញ្ចុះ​តម្លៃ​សំបុត្រ​ជាមួយ​នឹង​ក្លិបហង្សក្រហម Liverpool ​​ម្តង​រួច​មក​ហើយ​​ប៉ុន្តែ​បរាជ័យ ​ដោយ​ក្លិប​នេះ​បាន​យក​លេសថា ទូរទស្សន៍​ដែល​ផ្សាយ​ផ្ទាល់​ការ​ប្រកួត​របស់​ខ្លួន​ក៏​បាន​ដំឡើង​ថ្លៃ​​ផ្សាយ​ផងដែរ។

លោក Ian Ayre ជាប្រធាន​ប្រតិបត្តិ​របស់​ក្លិប Liverpool បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​ថា ការ​បំពេញ​ចិត្ត​មនុស្ស​គ្រប់​គ្នា​ទាំង​អស់​ពិត​ជា​ពុំ​អាច​ធ្វើ​ទៅ​បាន​នោះឡើយ។ អ្វី​មួយ​ដែល​មនុស្ស​ម្នាក់​មាន​សមត្ថភាព​ទិញ​បាន​អាច​នឹង​ថ្លៃ​ពេក​សម្រាប់​មនុស្ស​ម្នាក់​ទៀត។ ដោយ​ប្រកាន់​នូវ​គោលការណ៍​នេះ លោក បន្តថា «យើង​បាន​ព្យាយាម​បង្កើត​នូវ​តម្លៃ​ថ្មីជាច្រើន។ យើង​បាន​ដឹង​លឺ​ពី​ការ​ទុក្ខ​កង្វល់​របស់​អ្នក​គាំទ្រ ព្រម​ទាំង​មាន​គំនិត​ផ្តួចផ្តើម​ថ្មីៗ​មួយ​ចំនួន​​ផងដែរ ហើយ​យើង​សង្ឃឹម​ថា យើង​នឹង​អាច​សម្រេច​ទៅ​លើ​អ្វី​មួយ​ដែល​សមស្រប​សម្រាប់​អ្នក​ទាំង​អស់​គ្នា»៕