មកលេងផ្ទះបងប្អូន ចុះលាងដៃតាមផ្លូវ រអិលជើង ធ្លាក់ទន្លេលង់ ទឹកស្លាប់

ខេត្តកណ្តាល៖ យុវជនម្នាក់ ធ្វើដំណើរមកលេងផ្ទះបងប្អូន ជិតដល់ទៅហើយនោះ ក៏បានចុះទៅលាងដៃមាត់ទន្លេ ជាន់ចំដីជ្រាល ក៏រអិលជើងចូលទៅក្នុងទឹកទន្លេ លង់ស្លាប់ នៅម៉ោង ១៧៖០០នាទី ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៦ នៅចំណុចដៃទន្លេបាសាក់កោះថ្មី ភូមិទួលកន្ទួត ឃុំកោះធំក ស្រុកកោះធំ ខេត្តកណ្តាល។

មន្រ្តីនគរបាល បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ គឿន កក្កដា ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរកសិករ មានទីលំនៅសព្វថ្ងៃ នៅភូមិត្រពាំងអំពិល ឃុំបឹងកណ្ដោល ស្រុកបាកានខេត្តពោធិ៍សាត់។

នគរបាលបន្តទៀតថា មុនពេលកើតហេតុ ជនរងគ្រោះ បានចេញពីស្រុកកំណើត មកលេងផ្ទះបងប្អូន នៅភូមិចុងកោះថ្មី ឃុំកោះធំក ស្រុកកោះធំ ខេត្តកណ្ដាល លុះពេលធ្វើដំណើរ មកដល់ភូមិទួលកន្ទួត ជនរងគ្រោះបានចុះលាងដៃ មាត់ទន្លេ ចំណុចកើតហេតុ ពេលនោះជាន់ចំដីជ្រាល រអិលជើងចូលទៅក្នុងទឹកទន្លេ ភ្លាមៗ នោះ ជនរងគ្រោះប្រឹងធាក់ឡើងដែរ ប៉ុន្តែដោយជនរងគ្រោះ មិនចេះហែលទឹក ក៏លិចបន្តិចៗ ចូលទៅក្នុងទឹកបាត់ទៅ។

សាក្សីបានឲ្យដឹងដែរថា ដោយឃើញហេតុការណ៍នេះ អ្នករួមដំណើរ បានចុះទៅជួយដែរ តែទម្រាំរាវរកឃើញជនរងគ្រោះ បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ក្រោយពេលកើតហេតុ នគរបាល បានចុះទៅដល់ ដើម្បីពិនិត្យសាកសព ដោយមិនមានឃើញស្លាកស្នាមអ្វីគួរឲ្យកក់សម្គាល់ រួចសន្និដ្ឋានថា ជនរងគ្រោះ ពិតជាស្លាប់ ដោយសារលង់ទឹកពិតប្រាកដមែន រួចក៏ប្រគល់សាកសព ទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មកលេងផ្ទះបងប្អូន ចុះលាងដៃតាមផ្លូវ រអិលជើង ធ្លាក់ទន្លេលង់ ទឹកស្លាប់

មកលេងផ្ទះបងប្អូន ចុះលាងដៃតាមផ្លូវ រអិលជើង ធ្លាក់ទន្លេលង់ ទឹកស្លាប់