កម្ពុជា​និង​អាមេរិក ពិភាក្សា​និង​ផ្លាស់ប្តូរ​ទស្សនៈ ទាក់ទង​នឹង​សន្ធិសញ្ញា​វិនិយោគ​ទ្វេភាគី​

ភ្នំពេញ: ដើម្បី​ពិភាក្សា​និង​ផ្លាស់ប្តូរ​ទស្សនៈ​ទាក់ទង​នឹង​សន្ធិសញ្ញា​វិនិយោគ​ទ្វេភាគី និង​កិច្ចព្រមព្រៀង​ស្តីពី​ក្របខ័ណ្ឌ​ពាណិជ្ជកម្ម​និង​វិនិយោគ ពង្រឹង​និង​ពង្រីក​ទំហំ​ពាណិជ្ជកម្ម និង​ការវិនិយោគ​បន្ថែមទៀត រវាង​ប្រទេស​ទាំងពីរ កម្ពុជា​អាមេរិក លោក​ទេសរដ្ឋមន្ត្រី បានស្នើ​ឲ្យ​ភាគី​សហរដ្ឋអាមេរិក ជួយ​ដល់​កម្ពុជា​ក្នុងការ​រៀបចំ​សិក្ខាសាលា​ជំរុញ​ការវិនិយោគ​នៅ​កម្ពុជា​នៅ​ទីក្រុង San Francisco ឬ​ទីក្រុង​Washington, D.C.​។​

​នៅ​ថ្ងៃរសៀល​ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ​២០១៦ លោកស្រី Barbara Weisel ជំនួយការ​ជាន់ខ្ពស់​នៃ​តំណាង​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក បាន​ជួប​សម្តែង​ការគួរសម​និង​ពិភាក្សា​ការងារ​ជាមួយ​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ក្នុងអំឡុងពេល​ដំណើរ​ទស្សនកិច្ច​របស់​លោកជំទាវ​មកកាន់​កម្ពុជា​ដើម្បី​ចូលរួម​ធ្វើជា​សហប្រធាន​ក្នុង​កិច្ចប្រជុំ​លើក​ទី​៣​នៃ​ក្រុមប្រឹក្សា​ចម្រុះ​ស្តី អំពី​កិច្ចព្រមព្រៀង​ក្របខណ្ឌ​ពាណិជ្ជកម្ម​និង​វិនិយោគ រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​សហរដ្ឋអាមេរិក​។​

​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​លោក​លោក​Weisel និង​គណៈប្រតិភូ​សហរ​ដ្ឋ​អាមេរិក ដែល​បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​កម្ពុជា ដើម្បី​ពិភាក្សា​និង​ផ្លាស់ប្តូរ​ទស្សនៈ​ទាក់ទង​នឹង​សន្ធិសញ្ញា​វិនិយោគ​ទ្វេភាគី និង​កិច្ចព្រមព្រៀង​ស្តីពី​ក្របខ័ណ្ឌ​ពាណិជ្ជកម្ម​និង​វិនិយោគ​ដើម្បី​ពង្រឹង​និង​ពង្រីក​ទំហំ​ពាណិជ្ជកម្ម និង​ការវិនិយោគ​បន្ថែមទៀត​រវាង​ប្រទេស​ទាំងពីរ​។ ជាមួយគ្នានេះ​ផងដែរ លោក​ទេសរដ្ឋមន្ត្រី បានស្នើ​ឲ្យ​ភាគី​សហរដ្ឋអាមេរិក ជួយ​ដល់​កម្ពុជា​ក្នុងការ​រៀបចំ​សិក្ខាសាលា​ជំរុញ​ការវិនិយោគ​នៅ​កម្ពុជា​នៅ​ទីក្រុង San Francisco ឬ​ទីក្រុង​Washington, D.C. ដោយឡែក​ពី​ជំនួប​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​នៅ​សហរដ្ឋអាមេរិក​ក្នុងពេល​ខាងមុខនេះ​។​

​ជាការ​ឆ្លើយតប លោកស្រី Weisel បាន​ជម្រាបជូន​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថា​៖ លោកស្រី នឹង​ពិនិត្យមើល​លទ្ធភាព​ក្នុងការ​រៀបចំ​សិក្ខាសាលា​ជំរុញ​ការវិនិយោគ​កម្ពុជា​នៅ​សហរដ្ឋអាមេរិក ដោយឡែក​ពី​ជំនួប​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​។​

​លើសពីនេះ​ទៀត លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ជម្រាបជូន​លោកជំទាវ​អំពី​កំណើនសេដ្ឋកិច្ច​ថេរ​របស់​កម្ពុជា បរិយាកាស​នយោបាយ​ប្រកបដោយ​ភាព​វិជ្ជមាន គោលនយោបាយ​ផ្តោតលើ​វិស័យ​ពាណិជ្ជកម្ម និង​ទីតាំង​ប្រកបដោយ​ឧត្តមភាព​ជា​យុទ្ធសាស្ត្រ ព្រមទាំង​ហេតុផល​សមស្រប​ផ្សេងទៀត​ក្នុងការ​វិនិយោគ​នៅ​កម្ពុជា​។​

​ជាមួយគ្នានេះ​ផងដែរ លោក​ទេសរដ្ឋមន្ត្រី​បាន​ជម្រាបជូន​លោកស្រី អំពី​កំណែទម្រង់​សំខាន់ៗ​ដែល​ក្រសួង​សម្រេចបាន​កន្លងមក និង​កំពុង​អនុវត្ត​បន្តទៀត​។ លោក​ទេសរដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​អំពី​សារសំខាន់​នៃ​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ថ្មី សម្រាប់​ការចេញ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម​ទំនិញ និង​ការចុះបញ្ជី​ពាណិជ្ជកម្ម ដែល​បានដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​នៅ​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០១៦ និង​សារសំខាន់​នៃ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​ឆ្នាំ​២០១៥-២០២៥ ដែល​ទើបត្រូវ​បានអនុម័ត​នាពេល​ថ្មីៗ​នេះ ដើម្បី​អភិវឌ្ឍ​ប្រទេស​ឲ្យ​មានការ​រីកចម្រើន ឈានឡើង​មួយកម្រិត​ទៀត​៕

កម្ពុជា​និង​អាមេរិក ពិភាក្សា​និង​ផ្លាស់ប្តូរ​ទស្សនៈ ទាក់ទង​នឹង​សន្ធិសញ្ញា​វិនិយោគ​ទ្វេភាគី​

កម្ពុជា​និង​អាមេរិក ពិភាក្សា​និង​ផ្លាស់ប្តូរ​ទស្សនៈ ទាក់ទង​នឹង​សន្ធិសញ្ញា​វិនិយោគ​ទ្វេភាគី​

កម្ពុជា​និង​អាមេរិក ពិភាក្សា​និង​ផ្លាស់ប្តូរ​ទស្សនៈ ទាក់ទង​នឹង​សន្ធិសញ្ញា​វិនិយោគ​ទ្វេភាគី​