ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ៖ លោកប៉ា សុ​ជាតិ​វង្ស  អភិបាល​រាជធានី​ភ្នំពេញ មាន​ប្រសាសន៍​ថា រាល់​ការ​ប្រគំ​តន្ត្រី ដើម្បី​រៃ​អង្គាសប្រាក់​នៅ​តាម​ភ្លើងស្តុប និង​នៅ​តាម​ទី​សាធារណៈ​នានា​ របស់ជន​ពិការ​ដែល​បាន និង​កំពុង​ធ្វើ​សកម្មភាព​រាល់ថ្ងៃ​នោះ ចាប់ពី​ពេល​នេះ​តទៅ​សាលា​រាជធានី​ភ្នំពេញ មិន​អនុញ្ញាត​ទៀត​ទេ ។

លោកប៉ា សុ​ជាតិ​វង្ស មាន​ប្រសាសន៍​បែប​នេះ​នៅ​សាលា​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​៤ កុម្ភៈ ២០១៦ ក្នុង​កិច្ចប្រជុំ​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ ដោយ​មានការ​ចូលរួម​ពី​ឧត្តមសេនីយ៍​ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី លោក​រ័​ត្ន ស្រ៊ា​ង មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​មានការ​ចូលរួម​ពី​អភិបាល​ខណ្ឌ​ទាំង​១២ ។

លោកប៉ា សុ​ជាតិ​វង្ស លើក​ឡើង​ថា ការ​ប្រគំ​តន្ត្រី​នៅ​តាម​ភ្លើងស្តុប និង​នៅ​តាម​ទី​សាធារណៈ​នានា​ របស់​ជន​ពិការ​ដែល​បាន​និង​កំពុង​ធ្វើ​សកម្មភាព​រាល់ថ្ងៃ ដើម្បី​រៃ​អង្គាស​លុយ​ពី​សប្បុរសជន​នេះ គឺ​វា​ពិតជា​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់​លើ​បញ្ហា​សណ្តាប់ធ្នាប់​សាធារណៈ ។​ អាជ្ញាធរ​រាជធានី​ភ្នំពេញ មិន​អាច​ឱ្យ​ពួក​គាត់​បន្តសកម្មភាព​ដូច្នេះ​ទៀត​ទេ ហើយ​អាជ្ញាធរ​គ្រប់​ខណ្ឌ​ត្រូវ​ណែនាំ​ឱ្យ​ពួក​គាត់​បញ្ឈប់​ជា​បន្ទាន់ ។

ក្នុង​ឱកាស​នោះ​លោកប៉ា សុ​ជាតិ​វង្ស បាន​ណែនាំ​ឱ្យ​មន្ត្រី​រាជធានី​ភ្នំពេញ រួម​ជាមួយ​មន្ទីរ​សង្គមកិច្ច អតីត​យុទ្ធ​ជន​រាជធានី​ភ្នំពេញ ត្រូវ​ទៅ​ដល់ទី​តាំងរបស់​ជន​ពិការ​រស់នៅ និង​ពិនិត្យ​ឱ្យ​បាន​ច្បាស់លាស់​ថា តើ​មាន​អង្គការ​ណា​មើល​ការ​ខុស​ត្រូវ ហើយ​ពួក​គាត់​ខ្វះខាត​អ្វីខ្លះ សាលា​រាជធានី​ភ្នំពេញ​នឹង​ដោះស្រាយ​ជូន​ពួក​គាត់​តែ​ម្តង ៕