សិល្បៈ​និងវប្ប​​​ធម៌ &raquo ជ្រុង​មួយ​នៃ​សាសនា

ពុទ្ធកិច្ច​៥​យ៉ា​ង​ក្នុង​នោះ​មាន​និយាយ​នៅ​ពេល​រសៀល​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​សម្តែងធម៌​ដល់​ពុទ្ធបរិស័ទ ពេល​នោះ​ព្រះ​អង្គ​ចាប់ផ្តើម​សម្តែង​អំពី​ទាន​ជា​មុន ទើប​សម្តែង​សីល ឋានសួគ៌ និង​ព្រះ​និព្វាន​តាម​លំដាប់ ។ ហេតុ​ដូច​ម្តេច​ទើប​ទ្រង់​សម្តែង​អំពី​ទាន​ជា​មុន ? ព្រោះ​ទ្រង់​មើលឃើញ​ចិត្ត​របស់​មនុស្ស​ចាប់អារម្មណ៍​លើ​ទ្រព្យសម្បត្តិ​ខ្លាំង រហូត​ប្រើ​កម្លាំង​ទ្រព្យ​ទៅ​ជិះជាន់​សង្កត់សង្កិន​អ្នក​ដទៃ​ដែល​ទន់ខ្សោយ ក្រខ្សត់​ជាង​ខ្លួន​...​មិន​អើពើ​ដល់​ការ​រស់នៅ​របស់​អ្នក​ដទៃ​។ ក្នុង​ធម៌​ទេសនា​នោះ ព្រះ​អង្គ​ទ្រង់​ណែនាំ​ឱ្យ​មនុស្ស​ចេះ​លះបង់​ទ្រព្យសម្បត្តិ ធ្វើ​អំណោយ​ដល់​មនុស្ស​ដែល​ត្រូវ​សង្គ្រោះ​មាន​អ្នកក្រ​ខ្សត់ និង​អ្នក​រង​គ្រោះ​ដោយ​ប្រការ​ដទៃ​ៗ​ទៀត​ជាដើម ។ នេះ​បញ្ជាក់​ឱ្យ​ឃើញច្បាស់​ថា ព្រះពុទ្ធ​បរមគ្រូ​ទ្រង់​បាន​គិតគូរ​ដល់​ជីវភាព​រស់នៅ​របស់​មនុស្ស​ជាបឋម​ទើប​ទ្រង់​សម្តែង​អំពី​ទាន​មុន​អនុបុព្វីកថា​ដទៃ​ៗ​ទៀត ។

ទាន​មាន​ច្រើន​ប្រការ​ណាស់ ប៉ុន្តែ​ប្រការ​ដែល​សំខាន់​ជាងគេ​មាន​២​យ៉ា​ង​គឺៈ អាមិសទាន​១ និង​ធម្មទាន​១ ។ ការ​ចែករំលែក​ទ្រព្យសម្បត្តិ​មាន គ្រឿង​ស្លៀកដណ្តប់​, គ្រឿង​បរិភោគ​, ទី​សំណាក់អាស្រ័យ និង​ថ្នាំ​សម្រាប់​ព្យាបាល​រោគ​ដល់​សមណព្រាហ្មណ៍ អ្នកមាន​សីល ឬ​ឱ្យ​ដល់​បរ​ជន​ណាមួយ ឈ្មោះ​ថា​អាមិសទាន ។ ការ​ឃោសនា​ពន្យល់​មហាជន​ឱ្យ​ស្គាល់​ច្បាស់​ថា ធម៌​នេះ​ជា​កុសល​, ធម៌​នេះ​ជា​អកុសល​, ធម៌​នេះ​នាំ​ឱ្យ​មានទោស​, ធម៌​នេះ​មិន​មានទោស ធម៌​នេះ​ពួក​អ្នកប្រាជ្ញ​តែង​តិះដៀល​, ធម៌​នេះ​អ្នកប្រាជ្ញ​សរសើរ​, ធម៌​នេះ​ប្រព្រឹត្ត​ទៅ​ដើម្បី​សេចក្តី​សាបសូន្យ ដើម្បី​សេចក្តី​ទុក្ខ​, ធម៌​នេះ​ប្រព្រឹត្ត​ទៅ​ដើម្បី​ប្រយោជន៍ ដើម្បី​សេចក្តីចម្រើន ឬ​ដើម្បី​សេចក្តីសុខ ហៅ​ថា​ធម្មទាន ។

បណ្តា​ទាន​ទាំង​២​ប្រការ​នេះ ធម្មទាន​ប្រសើរ​ក្រៃ​លែង​ជាង​អាមិសទាន ។ ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​ទេសនា​ថា សព្វ​ទា​នំ ធម្ម​ទា​នំ ជិ​នា​តិ ប្រែ​ថា ធម្មទាន ឈ្នះ​ទាន​ទាំងអស់ ។

មានការ​ពន្យល់​ថា ប្រសិនបើ​ទាយក​អាច​ប្រគេន​ចីវរ​ដ៏​មាន​សាច់​ម៉ដ្ឋ​ល្អ​ដូច​បណ្តូលចេក​ដល់​ព្រះពុទ្ធ ព្រះ​បច្ចេកពុទ្ធ ព្រះ​ខីណាស្រព​ទាំងឡាយ​ដែល​គង់​កកកុញ​ក្នុង​ផ្ទៃ​ចក្រ​វា​ឡ រហូត​ដល់​ទល់​ព្រហ្មលោក​ក៏​ដោយ ការ​អនុមោទនា​តែ​មួយ​គាថា​របស់​លោក​ទាំងឡាយ​នោះ​ប្រសើរ​ជាង ។ ការ​សម្តែងធម៌​ក្តី ការ​បង្រៀន​ធម៌​ក្តី ការ​ស្តាប់ធម៌​ក្តី រមែង​បាន​ផល​យា​៉​ង​ធំ​ក្រៃ​លែង ។ បិណ្ឌបាតទាន​ដ៏​ប្រណីត​ដែល​ទាយក​ដាក់​បំពេញ​បាត្រ​ប្រគេន​ដោយ​គោរព​ក្តី ភេសជ្ជៈ​ទាំងឡាយ​មាន​ទឹកដោះ​ដ៏​មាន​រស់​ពិសេស​ជាដើម​ក្តី សេនាសនទាន​ដ៏​ប្រសើរ​ដូច​ជា​មហាវិហារ​របស់​អនាថបិណ្ឌិក​សេដ្ឋី ឬ​លោហៈ​ប្រាសាទ​របស់​មហា​ឧបាសិកា​ឈ្មោះ​វិសាខា​ក្តី ក៏​ឈ្មោះ​ថា​មិន​ប្រសើរ​ដូច​ធម្មទាន​ឡើយ ។ ធម្មទាន​នេះ​ដោយ​ហោចទៅ​សូ​ម្បី​តែ​ការ​សម្តែង​ប្រាប់​ពន្យល់​តែ​ក្នុង​ចំណុច​ណាមួយ​នៃ​ព្រះធម៌​ក៏​រមែង​ប្រសើរ​ជាង​អាមិសទាន​ទាំង​អស់នោះ​ទៅ​ទៀត ។ ព្រោះ​ហេតុ​អ្វី ? ព្រោះថា​មនុស្ស​សត្វ​ទាំងឡាយ ដែល​នឹង​ធ្វើបុណ្យ​កុសល លះ​ទ្រព្យ​ឱ្យ​ជា​ទាន​ទៅ​បាន ក៏​អាស្រ័យ​នឹង​ការ​ស្តាប់ធម៌​ជា​ហេតុ​, មិនមែន​មិន​ស្តាប់ធម៌​ហើយ​មានចិត្ត​ជ្រះថ្លា​ធ្វើ​បុញ្ញកម្ម​ទាំងនេះ​កើត​នោះ​ទេ ។

ប្រសិនបើ​បុគ្គល​មិន​បាន​ស្តាប់ធម៌​ទេ ម្លេ​៉ះ​មិន​អាច​នឹង​ឱ្យ​នូវ​បបរ​មួយ​បោយ ឬ​បាយ​មួយ​វែក​បាន​ឡើយ ។ សូ​ម្បី​ព្រះ​សារីបុត្ត​ត្ថេ​រលោក​មាន​បញ្ញា​លើសលប់​អាច​រាប់​តំណក់ទឹកភ្លៀង​ដែល​បង្អុរ​ធ្លាក់​ចុះ​អស់​កប្ប​ទាំងមូល​បាន ក៏​មិន​អាច​លុះ​មគ្គផល​បាន​ដែរ លុះតែ​បាន​ស្តាប់ធម៌​របស់​ព្រះ​ថេរៈ​ទាំងឡាយ​មាន​ព្រះ​អស្ស​ជិត​ត្ថេ​រ​ជាដើម ទើប​ធ្វើ​ឱ្យ​លោក​ជាក់ច្បាស់​នូវ​សាវ​បារមី​ញាណ​បាន ។ ព្រោះហេតុនោះ​ធម្មទាន​ទើប​ឱ្យឈ្មោះ​ថា ជា​ទាន​ប្រសើរ​ក្រៃ​លែង​ជាង​អាមិសទាន ។

ចំណែកឯ​អាមិសទាន ចែក​ជា​ពីរ​ប្រភេទ​គឺ បាដិបុគ្គលិកទាន និង​សង្ឃទាន ។ បាដិបុគ្គលិកទាន ប្រែ​ថា ឱ្យ​តាម​លំដាប់​បុគ្គល ឬ​ឱ្យ​តាម​ពួក គឺ​រាប់​អំពី​ព្រះ​បរម​ពុទ្ធ​ចុះ​មក​តាម​លំដាប់​មនុស្ស​ធម្មតា​បន្ត​រហូត​ដល់​សត្វ​តិរច្ឆាន ។ រីឯ​សង្ឃទាន ប្រែ​ថា ប្រគេន​ទេយ្យទាន​ដល់​ភិក្ខុសង្ឃ ឬ​ភិក្ខុនី​សង្ឃ ឬ​ក៏​សាមណេរ​ទាំង​នៅ​ជា​បុថុជ្ជន និង​បាន​សម្រេច​អរិយ​មគ្គ អរិយ​ផល​ក្តី​ត្រូវ​មាន​ចំនួន​យ៉ាង​តិច​៤​អង្គ​ឡើង​ទៅ ទើប​ហៅ​ថា​សង្ឃ ។ បុគ្គល​ក្រៅ​អំពី​នេះ​ហៅ​ថា សង្ឃ​មិន​បាន​ទេ ។ ក្នុង​គម្ពីរ​ទាន​ទស្សនៈ​បាន​ពន្យល់​បន្ថែម​ថា បើ​ទោះជា​អ្នក​ដទៃ​ឈ្មោះ​ថា​សង្ឃ​មិន​បាន​ក្តី តែបើ​គេ​ធ្វើ​ទាន​ដល់​មនុស្ស​ពួក​ច្រើន​តាំង​អំពី​ចំនួន​៤​រូប​ឡើង​ទៅ ទាន​របស់​គេ​ក៏​មាន​ផល​ច្រើន មិន​ចាញ់​សង្ឃទាន​ប៉ុន្មាន​ទេ ។ ដូច​គេ​សាង​ផ្លូវ ថ្នល់ ស្ពាន ស្រះ អណ្តូង កំពង់​ចំណត មន្ទីរ​ព្យាបាល ។​ល​។ ទាន​ទាំង​អស់នេះ​ពិតមែនតែ​ឱ្យឈ្មោះ​ថា​សង្ឃទាន មិន​បាន​មែន​ព្រោះ​ពាក្យ​ថា សង្ឃ​ជា​ពាក្យ​បច្ចេកទេស​សម្រាប់​វិន័យ ប៉ុន្តែ​គេ​អាច​ឱ្យទាន​នេះ​ឈ្មោះ​ថា សាធារណទាន​បាន ។ ពាក្យ​ថា សាធារណៈ​នេះ​មាន​ទម្ងន់​ឬ​ទំហំ​ប៉ុន​ពាក្យ​សង្ឃៈ ដែរ ។ ទាន​ប្រភេទ​នេះ​មាន​អានិសង្ស​ច្រើន​ហួសនិស្ស័យ​នឹង​គណនា មិន​ចាញ់​សង្ឃទាន​ទេ​។

ដោយហេតុ​នេះ ការ​ឱ្យទាន​ទើប​ព្រះ​ដ៏​មានបុណ្យ​ទ្រង់​ត្រាស់​ថា​ជា​មង្គល​ដ៏​ប្រសើរ ព្រោះ​ជា​ហេតុ​នៃ​សេចក្តីចម្រើន និង​សេចក្តីសុខ​ក្នុង​លោក​នេះ និង​លោក​ខាង​មុខ​ប្រាកដ​ជាក់ស្តែង​ដូច​បាន​អធិប្បាយ​មកនេះ​ឯង ៕
 
(​ដោយ​ធម្មាចារ្យ សច្ចៈ ភាព ឈ្វេងយល់​ឱវាទ​ព្រះពុទ្ធ​សាសនា​ចេញផ្សាយ​រៀងរាល់ថ្ងៃ​សីល​)