ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

ខេត្តបន្ទាយមានជ័យ ៖ បុរស​​​ម្នាក់​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង បន្ទាប់​ពី​ជិះ​ម៉ូតូ​ទៅ​បុក​ជាមួយ​រ៉ឺ​ម៉ក​គោ​យន្ត​ពីក្រោយ​ពេញ​ទំហឹង កាល​ពី​វេលា​ម៉ោង​០៦ និង​៤០​យប់​ថ្ងៃ​ទី​០៥ កុម្ភៈ ២០១៦ ស្ថិត​លើ​ផ្លូវជាតិ​លេខ​59A ក្នុងភូមិ​រស្មី​សាមគ្គី សង្កាត់​និមិត្ត ក្រុង​ប៉ោយ​ប៉ែ​ត ។​ ជន​រង​គ្រោះ​ឈ្មោះ​តូច សំ​អុល អាយុ​៦០​ឆ្នាំ ជា​មេ​ភូមិ​បន្ទាយ​ទី​១ ឃុំ​ទួល​ពង្រ ស្រុក​ម៉ា​ឡៃ ។

ប្រភព​ពី​កន្លែង​កើតហេតុ​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ម៉ាក​សង់​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​បន្ទាយ​មាន​ជ័យ​1H-0736 ម្នាក់​ឯង មក​ពី​ទិស​ខាងលិច លុះដល់​ចំណុច​កើតហេតុ ក៏​បាន​បុក​រ៉ឺ​ម៉ក​គោ​យន្ត ដែល​បើកបរ​ស្រប​ទិស​ពីក្រោយ បណ្តាល​ឱ្យ​ស្លាប់​តែ​ម្តង ។

លោក​ម៉ា​រិ​ន នាយ​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​និមិត្ត បានឱ្យ​ដឹង​ថា រ៉ឺ​ម៉ក​គោ​យន្ត ក្រោយ​កើតហេតុ​បាន​បើក​គេច​ទៅ​ទិស​ខាងត្បូង (​ចូល​ព្រៃ​) បាត់​ស្រមោល ។ ចំ​ណែ​គ​សព​ត្រូវ​បាន​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។