​មេបក្ស​ប្រឆាំង អំពាវនាវ​ឲ្យ​សមាជិក​ខ្លួន ផ្អាក​គម្រោង​ធ្វើបាតុកម្ម ប្រឆាំង​សម្តេច ហ៊ុន សែន នៅ​អាមេរិក​

ភ្នំពេញ: មេដឹកនាំ​គណបក្សប្រឆាំងនៅ​កម្ពុជា ដែល​កំពុងតែ​រត់គេច​ខ្លួននៅក្រៅ​ប្រទេស បាន​
​អំពាវនាវ​ឲ្យ​អ្នកគាំទ្រ និង​សមាជិក​របស់ខ្លួននៅក្រៅ​ប្រទេសផ្អាក​ទាំងអស់ នូវ​គម្រោង​ធ្វើបាតុកម្មប្រឆាំងនឹង​ដំណើរ​ទស្សនកិច្ចរបស់​ប្រមុខ​ដឹកនាំ រាជរដ្ឋាភិបាល​កម្ពុជា នៅ លើ​ទឹកដីសហរដ្ឋអាមេរិក នៅ​ពាក់កណ្តាល​ខែកុម្ភៈ ខាងមុខនេះ​។​ជាមួយនឹង​ការ អំពាវនាវឲ្យ​ផ្អាក​ធ្វើបាតុកម្ម មេដឹកនាំ​បក្សប្រឆាំងក៏បាន​ប្រកាស​មិន​ទទួលខុសត្រូវ ចំពោះ​អ្នក​ដែល​ធ្វើបាតុកម្ម​នោះទេ​។

​លោក​សម រង្ស៊ី អំពាវនាវ​ឲ្យ​សមាជិក​ខ្លួនផ្អាក​គម្រោង​ធ្វើបាតុកម្ម គឺ​បាន​ធ្វើឡើង នៅក្នុង​ពិធី​សំណេះសំណាលជាមួយ​អ្នកគាំទ្រ និង​សមាជិក​របស់ខ្លួន កាលពី​ថ្ងៃទី​៤ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​សហរដ្ឋអាមេរិក ។

​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​បញ្ជាក់ទៅកាន់​សមាជិក​ខ្លួន​ថា រឿង​ធ្វើបាតុកម្ម គឺ​សូម​ឲ្យ​សមាជិក​ទាំងអស់ផ្អាក​គម្រោង​ធ្វើបាតុកម្មនៅទីណា​ក៏ដោយ ពីព្រោះ​ការធ្វើ​បាតុកម្ម​នេះ វា​អត់​មានការ​ចំណេញ​អ្វី​នោះទេ​។​
 
​លោក​បាន​អះអាងថា រឿង​ធ្វើបាតុកម្ម​នៅពេលនេះ គឺ​មិនល្អ​ទេ គណបក្ស​សង្គ្រោះ​ជាតិ មិន​គាំទ្រ​ទេ ហើយ​បើ​មាន​អ្នកណានៅតែ​ធ្វើបាតុកម្ម គឺ​គណបក្ស​សង្គ្រោះ​ជាតិ មិន​ទទួលស្គាល់ទង្វើ​ទាំងអស់​នោះទេ​។​
 
​លោក​សម រង្ស៊ី បាន​បញ្ជាក់ថា “​រឿង​បាតុកម្មគណបក្ស​សង្គ្រោះ​ជាតិ គឺ​សូម​ឲ្យ​បងប្អូន​ផ្អាក​ទាំងអស់គម្រោង​ធ្វើបាតុកម្មនៅទីណា​ក៏ដោយ ពីព្រោះ​ការធ្វើ​បាតុកម្ម វា​អត់​មាន​ចំណេញ​អ្វី ហើយ​បាតុកម្មនៅពេលនេះ គឺ​មិនល្អ​ទេ គណបក្ស​សង្គ្រោះ​ជាតិ មិន​គាំទ្រ​ទេ ហើយ​បើ​មាន​អ្នកណាគេ​នៅតែ​ធ្វើ គណបក្ស​សង្គ្រោះ​ជាតិ អត់​ទទួលស្គាល់​ទង្វើ អ្នក​ទាំងអស់​នោះទេ​”​។​

​ការអំពាវនាវ​របស់​លោក​សម រង្ស៊ី គឺ​ខណៈពេលដែល​នៅតែ​ប៉ុន្មាន​ថ្ងៃ​ទៀត​តែប៉ុណ្ណោះ ដែល​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​កម្ពុជា គ្រោង​នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូលអាមេរិក អាស៊ាន នៅ​រដ្ឋ​កាលីហ្វ័រ​ញ៉ា សហរដ្ឋ អាមេរិក គឺ​ចាប់ពី​ថ្ងៃទី​១៥ ដល់​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៦​។ ប៉ុន្តែ​មាន​ក្រុម​អ្នកគាំទ្រ គណបក្សប្រឆាំង​មួយចំនួននៅ​រដ្ឋ​លី​ហ្វ័​រ​ញ៉ា សហរដ្ឋអាមេរិក បានប្រកាស​ធ្វើបាតុកម្ម​ប្រឆាំងទៅនឹង​ដំណើរ​ទស្សនកិច្ច របស់​សម្តេច​តេ​ជោ នៅលើ​ទឹកដី​សហរដ្ឋអាមេរិក​។​
 សម្ដេច​តេ​ជោ ហ៊ុន សែន នឹងមាន​វត្តមានចូលរួម​កិច្ចប្រជុំ​កំពូល អាស៊ាន អាមេរិក ដែល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ប្រធានាធិបតីសហរដ្ឋអាមេរិក សម្រេច​រៀបចំនៅ​រដ្ឋ​កាលីហ្វ័​ញ៉ា​។​

 ទាក់ទង​ការព្រមាន​ធ្វើបាតុកម្ម​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រតិកម្ម កាលពី ពេល​កន្លងមក​នេះថា បើសិនជា​ក្រុម​សកម្មជនគណបក្សប្រឆាំងនៅតែ​ប្រមូល​ផ្តុំគ្នា ដើម្បី​ធ្វើបាតុកម្ម​ប្រឆាំងទៅនឹង​វត្តមាន​របស់​សម្តេច នៅ​សហរដ្ឋអាមេរិក គឺ​នឹងមាន​បាតុកម្ម​ផ្ទុះឡើងនៅក្នុង​ប្រទេស​។​

​កិច្ចប្រជុំ​កំពូល​អាស៊ាន​អាមេរិនឹង​ធ្វើឡើង​ចាប់ពី​ថ្ងៃទី​១៥ ដល់​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៦​។ កិច្ចប្រជុំ​កំពូល រវាង​មេដឹកនាំ​ប្រទេស អាស៊ាន​ទាំង ១០ ជាមួយនឹង​អាមេរិក​នោះ ជា​វេទិកា​ពង្រឹង​កិច្ចសហប្រតិបត្តិការ ក្នុង​ក្របខ័ណ្ឌ​ភាពជា​ដៃគូ យុទ្ធសាស្ត្រ អាមេរិក​-​អាស៊ាន លើ​បញ្ហានយោបាយ សន្តិសុខ និង​សេដ្ឋកិច្ច ដែល​បាន​ដាក់ចេញ កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៥ ក្នុង​ទីក្រុង កូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី​៕V​/S

​មេបក្ស​ប្រឆាំង អំពាវនាវ​ឲ្យ​សមាជិក​ខ្លួន ផ្អាក​គម្រោង​ធ្វើបាតុកម្ម ប្រឆាំង​សម្តេច ហ៊ុន សែន នៅ​អាមេរិក​