ឃុំ​កំពង់​ភ្លុក រមណីយដ្ឋាន​ទេសចរណ៍​លើ​ផ្ទៃ​ទឹក​ដ៏​ទាក់ទាញ​

Doliprane TVC

​កំពង់​ភ្លុក ជា​ភូមិ ឃុំ ដែល​ប្រជាពលរដ្ឋ​រស់​នៅលើ​ផ្ទៃ​ទឹក​ក្នុង​បឹង​ទន្លេសាប​នៃ​ខេត្តសៀមរាបនា​រដូវវស្សា ហើយ​នៅ​រដូវប្រាំង​លំនៅឋាន​ដែលមាន​សសរ​ខ្ពស់ៗ​ផុតពី​ដី ដែល​លំនៅឋាន​ទាំងនោះ​ជា​ចំណុច​ទាក់ទាញ​ភ្ញៀវទេសចរ ។ ក្រៅពី​ផ្ទះសម្បែងដែលមាន​ភាព​ទាក់ទាញ​ផ្នែក​ទេសចរណ៍​ដើម​រាំង​ទឹក​ក៏​ជា​ចំណុច​មួយ​សម្រាប់​ទាក់ទាញ​ភ្ញៀវទេសចរ​ឱ្យទៅ​ទស្សនា​ទីនោះ​កាន់តែ​ច្រើនឡើងៗ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ។ កំពង់​ភ្លុក ស្ថិតនៅក្នុង​ទឹកដី​ភូមិ​-​ឃុំ​កំពង់​ភ្លុក ស្រុក​ប្រាសាទបាគង មាន​ចម្ងាយ​ប្រមាណ ១៩ គីឡូម៉ែត្រពី​ខេត្តសៀមរាប ដោយ​យើង​អាច​ជិះ​កាណូត​ទៅតាម​ដងស្ទឹងរ​លួសឬទៅតាម​កំពង់​ថ្កូវ​ក៏បាន ។

ឃុំ​កំពង់​ភ្លុក រមណីយដ្ឋាន​ទេសចរណ៍​លើ​ផ្ទៃ​ទឹក​ដ៏​ទាក់ទាញ​

កំពង់​ភ្លុក បណ្តែត​ខ្លួន​នៅលើ​ដី​កោះ​ដែលមាន​ទេសភាព​ដ៏​ស្រស់បំព្រងមាន​ផ្ទៃ​ទឹក​ព័ទ្ធជុំវិញ ។ នៅពេល​ធ្វើដំណើរ​ទៅដល់​ភូមិឋាន​នោះ​ភ្លាម​គេ​នឹង​បានឃើញ​ទូក និង កាណូត​ទេសចរណ៍​ចត​តម្រៀប​គ្នា​ជា​ជួរៗ​នៅក្បែរៗ​គ្នា​រង់ចាំ​ដឹក​ភ្ញៀវ ។ ប្រសិនបើ​លោកអ្នក​ក្រឡេកមើល​ទៅលើ​ផ្ទៃ​បឹង​នឹង​ឃើញ​ទេសភាព​ដ៏​ស្រស់បំព្រង​រំលេច​ទៅដោយ​លំនៅឋាន សាលារៀន វត្ត​អារាម រួមទាំងកសិដ្ឋាន​ ចិញ្ចឹម​ត្រី និង ក្រពើជាដើម ។​

ឃុំ​កំពង់​ភ្លុក រមណីយដ្ឋាន​ទេសចរណ៍​លើ​ផ្ទៃ​ទឹក​ដ៏​ទាក់ទាញ​

​លោក ង៉ូ​វ សេង​កាក់ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប​បានឱ្យដឹង​ថា ការធ្វើដំណើរ​ទៅកាន់​កំពង់​ភ្លុក​ជា​គោលដៅ​ទស្សនាចរណ៍​មួយ​ដែល​មិនគួរ​អាក់ខាន ព្រោះ​នៅ​ទីនោះ​ភ្ញៀវទេសចរ​ជាតិ និង អន្តរជាតិ​អាច​ទស្សនា​ផ្ទាំងទស្សនីយភាព​ប្លែកៗ នៃ​សម្រស់​ធម្មជាតិ និង អាច​ឈ្វេងយល់​ពី​ជីវភាព​រស់នៅ ប្រពៃណី ទំនៀមទម្លាប់ ក៏ដូចជា​ការប្រកបរ​បរ​នេសាទ​ជា​លក្ខណៈ​គ្រួសារ​របស់​ប្រជាពលរដ្ឋ​យ៉ាង​ជក់ចិត្ត ។ ​លោក ង៉ូ​វ សេង​កាក់ បានឱ្យដឹង​ទៀតថា យើង​មាន​មធ្យោបាយ​ជាច្រើន​ដែល អាច​នាំ​លោកអ្នក​ទៅដល់​ភូមិ​កំពង់​ភ្លុក ប៉ុន្តែ​មធ្យោបាយ​ដែល​ងាយស្រួល និង ចំណាយពេលវេលា​តិច​នោះ​គឺ​តាម​ទូក ឬ កាណូត​ទេសចរណ៍ ដោយ​ចេញដំណើរ​ពី​ខេត្តសៀមរាប​តាម​ដងស្ទឹង​រលួស ឬ កំពង់​ថ្កូវ ។

ឃុំ​កំពង់​ភ្លុក រមណីយដ្ឋាន​ទេសចរណ៍​លើ​ផ្ទៃ​ទឹក​ដ៏​ទាក់ទាញ​

បើ​យើង​ធ្វើដំណើរ​តាម​កាណូត​យឺតៗ កាត់​តាម​ភូមិ​បណ្តែត​ទឹក​នោះ​គឺ​ត្រូវ​ចំណាយពេល ២០ នាទី ទើប​ឆ្លង​ផុត និង ទៅ ដល់​កណ្តាល​បឹង​ដ៏​ធំ​ល្វឹងល្វើយ​ដែលមាន​ធម្មជាតិ​ស្រស់ត្រកាល ។ កំពង់​ភ្លុក ជា​ភូមិ ឋាន​តូច​មួយ​ប្រកបទៅដោយ​សោភណភាព​ដែលមាន​ពលរដ្ឋ​រស់នៅ​រកទទួលទាន​ដោយ​អាស្រ័យ​លើ​ការនេសាទ​ជា​លក្ខណៈ​គ្រួសារ​ប្រមាណ​ជា ៩០ ភាគរយ សល់​ពី​នោះ​ប្រកប​របរ​ផ្សេងៗ​ទៀត ។ ប្រសិនបើ​ភ្ញៀវទេសចរ​បាន​ទៅ​ដល់ទី​ដ៏​មនោ​រម្យ​នោះ​ហើយ​ភ្ញៀវទេសចរ​ទាំងឡាយ​ក៏អាចឈាន​ចូលទៅ​ទស្សនាការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៅ​ភូមិ​ចុង​ឃ្នៀ​ស និង ភូមិ​កំពង់​ឃ្លាំង រួមទាំង​ដែន​ជម្រក​សត្វ​ស្លាប​ព្រែក​ទ័លដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​កំពង់​ភ្លុក ។

ឃុំ​កំពង់​ភ្លុក រមណីយដ្ឋាន​ទេសចរណ៍​លើ​ផ្ទៃ​ទឹក​ដ៏​ទាក់ទាញ​

ដោយសារតែ​ទីនោះ​មាន​ធម្មជាតិស្រស់បំព្រង​គួរឱ្យ​ទាក់ទាញរួមទាំង​មាន​លំនៅឋាន វត្ត​អារាម សាលារៀន​បណ្តែត​លើ​ផ្ទៃ​ទឹក និង នៅលើ​កោះ​សម្រាប់​ក្មេងៗ​រៀនសូត្រ ធ្វើឱ្យតំបន់​នោះ​មាន​លក្ខណៈ​ប្លែក​ពី​តំបន់​ផ្សេងៗ ។ ភ្ញៀវទេសចរ​បរទេស​ដែលទៅដល់​ទីនោះ​ក៏​អាច​ទៅ​ទស្សនា​កន្លែង​ចិញ្ចឹម​ត្រី កសិដ្ឋាន​ចិញ្ចឹម​ក្រពើ មើល​ការនេសាទ និង ឈ្វេងយល់​ពី​ការរស់នៅ​របស់​ពលរ​ដ្ឋ​នៅ​ភូមិ​កំពង់​ភ្លុក​នេះ​បាន​យ៉ាង​រីករាយ ។ ការ​ជិះទូក​ទស្សនា​នៅ​តំបន់​កំពង់​ភ្លុក បង្កលក្ខណៈ​ឱ្យ​ភ្ញៀវ​អាច​ទស្សនា​ទិដ្ឋភាព​រួម​នៅ​កំពង់​ភ្លុក​មើលឃើញ​ផ្ទៃ ទឹក​បឹង​ទន្លេសាប​ដែលជា​ជង្រុក​នៃ​ធនធានធម្មជាតិ​តែមួយគត់​នៅក្នុង​តំបន់​អាស៊ី ។ ក្នុងស្ថានភាព​ដ៏​មនោ​រម្យ​បែបនេះ​កាន់តែ​ធ្វើឱ្យ​ភ្ញៀវទេសចរ មាន​ភាពសប្បាយ​រីករាយ​ជាមួយនឹង​ផ្ទាំងទស្សនីយភាព​ព្រះ​សុរិយា​ហៀ​បអស្តង្គត​នៅលើ​បឹង​ទន្លេសាប​នៅ​តំបន់​កំពង់​ភ្លុក​នោះ ។​

ឃុំ​កំពង់​ភ្លុក រមណីយដ្ឋាន​ទេសចរណ៍​លើ​ផ្ទៃ​ទឹក​ដ៏​ទាក់ទាញ​

​ភូមិ​កំពង់​ភ្លុកត្រូវបាន​អ្នកដំណើរ ជាពិសេស​ជនបរទេស​ដែល​ធ្វើដំណើរដោយ​កាណូត​ឆ្លងកាត់​ទីនោះ​ជាប់ចិត្ត​ជាមួយនឹង​បរិយាកាស​ដ៏​ត្រជាក់ បរិសុទ្ធ​នៅលើ​ផ្ទៃ​ទឹក​ដ៏​ថ្លាយង់ ដោយមាន​សំណង់ផ្ទះ​បណ្តែត​ទឹក ព្រៃ លិច​ទឹក​លាតសន្ធឹង​ឆ្ងាយ​ដាច់​កន្ទុយភ្នែក រួមទាំង​ហ្វូង​សត្វ​ស្លាប​ជាច្រើន​ប្រភេទ​ដូចជា ទា​ទឹក ក្អែកទឹក ប្រវឹក ស្មោញ ជាដើម បាន​ហិចហើររក​ចំណី​នៅលើ​ផ្ទៃ​ទឹក​ដងស្ទឹង​រលួស កំពង់​ថ្កូវ និង បឹង​ទន្លេសាប គួរ​ជាទី​គយគន់​សម្រាប់​ភ្ញៀវទេសចរ​ដែល​បាន​ជិះ​កាណូត​ឆ្លងកាត់ និង បាន​មកដល់​តំបន់​កំពង់​ភ្លុក ។ ​ដើម្បី​ចង់ដឹងថា​តើ​សម្រស់​ធម្មជាតិ និង ការរស់នៅ​របស់​ពល​រដ្ឋ នៅ​កំពង់​ភ្លុក​មាន​ទិដ្ឋភាព​ឆើតឆាយ និង សប្បាយ​យ៉ាងណា​នោះ នៅពេល​លោកអ្នក​ធ្វើដំណើរ​តាម​កាណូត​ទេសចរណ៍​លើ​បឹង​ទន្លេសាប​ឆ្ពោះទៅ​ខេត្តសៀមរាប ឬ ខេត្តបាត់ដំបង នៅពេល​បានមក​ដល់​ភូមិ​ដែល​ធុំ​ឆ្អាប ដោយ​ក្លិន​មច្ឆា​កំពង់​ភ្លុក​ហើយ សូមកុំ​ភ្លេច​ឈប់សម្រាក ឬ ចូល​លេង ព្រោះថា​ប្រសិនបើ​មិនបាន​ចូល​លេង និង ផ្តិត​យក​រូបភាព​នៅ​ទី​នោះទេ​ប្រាកដជា​ស្តាយក្រោយ​ជាក់​ជាមិនខាន ។

ឃុំ​កំពង់​ភ្លុក រមណីយដ្ឋាន​ទេសចរណ៍​លើ​ផ្ទៃ​ទឹក​ដ៏​ទាក់ទាញ​

​សព្វថ្ងៃ​កំពង់​ភ្លុក​បានក្លាយ​ទៅជា​កន្លែង​ដែលមាន​ការទាក់ទាញ​បំផុត ពី​សំណាក់​ភ្ញៀវទេសចរ ពិសេស​គឺ​ភ្ញៀវទេសចរ​បរទេស​ដែល​ពួកគេ​បាន ទស្សនា​ម្តង​ហើយ​ចង់ទៅ​ទស្សនា​ម្តងទៀត ។
​លោក នឹម នី មេឃុំ​កំពង់​ភ្លុក បានឱ្យដឹងថា នៅ​ទី​នោះបាន​បង្កើត ចងក្រង​ជា​សហគមន៍​ទេសចរណ៍​សម្រាប់​ទូក​ដឹក​ទេសចរ​កម្សាន្ត​តាម​តំបន់​ព្រៃ រាំង​ទឹក ដែលជា​កត្តា​ចម្បង​គឺ​ជួយ​លើកតម្កើង​ស្ត្រី​មេម៉ាយ និង ស្ត្រី​ក្រីក្រ ។ សហគមន៍​នេះ​បង្កើតឡើង​តាំងពី​ឆ្នាំ ២០០៦ មកម៉្លេះដែល​សព្វថ្ងៃ​មាន​ភ្ញៀវ ទេសចរ​មក​កម្សាន្ត​រាល់ថ្ងៃ​ពី ៥០០ នាក់ ទៅ ៧០០ នាក់ ៕​ ​នឿន

ឃុំ​កំពង់​ភ្លុក រមណីយដ្ឋាន​ទេសចរណ៍​លើ​ផ្ទៃ​ទឹក​ដ៏​ទាក់ទាញ​