ឯកឧត្តម សម រង្ស៊ី មិនគាំទ្រ សកម្មជន CNRP ធ្វើបាតុកម្ម​ប្រឆាំង​សម្តេចតេជោ ក្នុងដំណើរ​ទស្សនកិច្ច​នៅអាមេរិក​

ភ្នំពេញ៖ ប្រធានគណបក្សសង្គ្រោះជាតិ (CNRP) ឯកឧត្តម សម រង្ស៊ី បានប្រកាស មិនគាំទ្រនូវទង្វើ របស់សកម្មជន របស់គណបក្សសង្គ្រោះជាតិ ដែលមានបំណង ធ្វើបាតុកម្មប្រឆាំង នឹងដំណើរទស្សនកិច្ច នៅប្រទេសអាមេរិក របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅថ្ងៃទី១៥-១៦ ខែកុម្ភៈ ឆ្នាំ២០១៦ នោះទេ។

នាឱកាសចូលរួម ក្នុងពិធីសំណេះសំណាល ជាមួយគាំទ្រគណបក្សសង្គ្រោះជាតិ នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៦ ឯកឧត្តម សម រង្ស៊ី បានមានប្រសាសន៍ថា សូមឲ្យពលរដ្ឋកម្ពុជា នៅក្នុងប្រទេស និងនៅឯនាយសមុទ្រ តាំងចិត្តឲ្យស្ងប់ ឲ្យមានកម្រិតចាស់ទុំក្នុងនយោបាយ ដោយសួរខ្លួនថា ចង់បានអី ត្រូវធ្វើយ៉ាងមិចយើង យល់ច្បាស់។

មេបក្សប្រឆាំងនៅកម្ពុជារូបនេះ បានបន្តថា “រឿងបាតុកម្មនៅពេលនេះ គឺមិនល្អទេខូចការគណបក្ស សង្គ្រោះជាតិមិនគាំទ្រទេ ហើយបើមានអ្នកណានៅតែធ្វើ ទទូចធ្វើ អាហ្នឹងក៏មិនដឹងធ្វើមិចដែរ ប៉ុន្តែអ្នកដែលទទូចធ្វើនោះ សូមចាត់ទុកខ្លួនមិនមែនជាសមជិកគណបក្សសង្គ្រោះជាតិទេ ហើយគណបក្សសង្គ្រោះជាតិ អត់ទទួលស្គាល់ទង្វើរ អ្នកទាំងអស់នោះទេ”។

ឯកឧត្តម បានបន្ថែមថា “ខ្ញុំជឿថា មតិភាគច្រើន នៃគណបក្សសង្គ្រោះជាតិ យល់អំពីស្ថានការ ការចាំបាច់ អ្វីដែលយើងត្រូវធ្វើ អ្វីដែលយើងមិនត្រូវធ្វើ គឺយល់ឲ្យច្បាស់ដើម្បី សម្រេចគោលដៅ របស់យើង គឺសង្គ្រោះជាតិយើងដោយសន្តិវិធី”។

សូមបញ្ជាក់ថា មានបុរសម្នាក់ឈ្មោះ ទូច វិបុល កាលពីចុងខែមករា កន្លងទៅនេះ បានតាំងខ្លួន ថាមិនឋិតក្នុង គណបក្សនយោបាយ ណាមួយនោះទេ ហើយបានអំពាវនាវ ឲ្យពលរដ្ឋខ្មែរនៅក្រៅប្រទេស ពិសេសនៅប្រទេសអាមេរិក ចូលរួមការតវ៉ាជាមួយខ្លួន ប្រឆាំងក្នុងដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមកិច្ចប្រជុំកំពូល អាស៊ាន-អាមេរិក ១៥-១៦ ខែកុម្ភៈ នាប៉ុន្មានថ្ងៃខាងមុខនេះ៕

ឯកឧត្តម សម រង្ស៊ី មិនគាំទ្រ សកម្មជន CNRP ធ្វើបាតុកម្ម​ប្រឆាំង​សម្តេចតេជោ ក្នុងដំណើរ​ទស្សនកិច្ច​នៅអាមេរិក​

ឯកឧត្តម សម រង្ស៊ី មិនគាំទ្រ សកម្មជន CNRP ធ្វើបាតុកម្ម​ប្រឆាំង​សម្តេចតេជោ ក្នុងដំណើរ​ទស្សនកិច្ច​នៅអាមេរិក​