ក្រសួង​សុខាភិបាល ពង្រឹង​ប្រព័ន្ទ​តាមដាន និងធ្វើតេស្ហ​អ្នកសង្ស័យ​ជំងឺ​ Zika មកពី​ អាហ្វ្រិក-អាមេរិក​

ភ្នំពេញ៖ វីរុស Zika រកឃើញដំបូង នៅលើសត្វស្វាក្នុងឆ្នាំ ១៩៤៧ និងលើមនុស្ស ក្នុងឆ្នាំ១៩៥២ នៅប្រទេស Uganda និងTanzania នែទ្វីបអាហ្វ្រិក។ បន្ទាប់មកជំងឺ នេះមានការ ផ្ទុះឡើងជារប៉េះរប៉ោះ នៅទ្វីបអាហ្រ្វិក អាមេរិក និងអាស៊ីប៉ាស៊ីហ្វិក។ បច្ចុប្បន្ន វីរុស Zika កំពុងរាត្បាតនៅប្រទេសក្នុងតំបន់អាមេរិក ខាងត្បូង និងកណ្តាល។ ការរាត្បាតនេះរីកខ្លាំងឡើង បន្ទាប់ពីការទាត់បាល់ពិភពលោក នៅប្រទេសប្រេស៊ីលឆ្នាំ២០១៤ ។ ជំងឺនេះចំលងតាមមូសខ្លា ដោយស្រដៀងដូច ជំងឺគ្រុនឈាមដែរ និងមានរោគសញ្ញា ដូចជំងឺគ្រុនឈាម (គ្រុនក្តៅ ឈឺក្បាល ក្រហមភ្នែក កន្ទួលក្រហមលើស្បែក ឈឺសន្លាក់) ។

លោកវេជ្ជបណ្ឌិតលី សុវណ្ណ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC នៃក្រសួងសុខាភិបាល លើកឡើងតាមបណ្តាញ សង្គមហ្វេសបុកថា វិធានការណ៏សុខាភិបាល នៅពេលនេះ ពង្រឹងប្រព័ន្ទតាមដានជំងឺ ធ្វើតេស្ហអ្នកសង្ស័យជំងឺ បងប្អូនដែលធ្វើត្រលប់មកពី អាហ្វ្រិក និង អាមេរិក។ បើមានករណីសង្ស័យ សូមទៅពិគ្រោះជំងឺនៅមន្ទីរពេទ្យ និងប្រាប់គ្រូពេទ្យអំពីប្រវត្តិដំណើរជំងឺ រឺទូរស័ព្ទមកលេខ ១១៥ និង០១២ ៤៨ ៨៩ ៨១ ឬ០៨៩ ៦៦ ៩៥ ៦៧។

លោកវេជ្ជបណ្ឌិតលី សុវណ្ណ បញ្ជាក់ថា” នៅក្នុងតំបន់យើង រកឃើញជំងឺនេះនៅស្រុក យើងមួយករណីកាលពីឆ្នាំ ២០១០ ជាសះស្បើយ និងចាប់ពីពេលនោះ ដល់បច្ចុប្បន្នពុំរកឃើញ ទៀតទេ ឯប្រទេសថៃវិញចាប់ពីឆ្នាំ២០១២ ដល់ ២០១៤ រកឃើញ ៧ករណីសុទ្ធសឹងតែជាសះស្បើយ និង ខែមករានេះរកឃើញ ១ករណីទៀតរកឃើញ ពេលធ្វើដំណើរទៅកោះតៃវ៉ាន់ ។ យើងមានមន្ទីរ ពិសោធន៏អាចធ្វើតេស្ហបាន ។ គ្រោះភ័យបណ្តាលមកពីជំងឺនេះនៅ ក្នុងប្រទេសយើង នៅមានកំរិតទាបនៅឡើយ តែវិធានការបង្ការត្រូវតែ ពង្រឹងជាប់ជានិច្ច ដែលយើងប្រើប្រព័ន្ទដែលមានស្រាប់”។

ទោះបីជាវិរុសនេះ មិនទាន់មកប្រទេសកម្ពុជាក៏ពិតមែន ក៏នាយកដ្ឋានប្រយុទ្ឋនឹងជំងឺឆ្លង បង្ហាញសារគន្លឹះទាំង៦ នៃជំងឺបណ្តាលមកពីវិរុសហ្ស៉ីការ រូមមានៈ ១ វិរុសZIKAឆ្លងតាមរយៈមូសខ្លា,២ ជំងឺZIKA កំពុងផ្ទុះនៅប្រទេសប្រេស៊ីល និងបានរាតត្បាតជាង២០ប្រទេសជិតខាង ,៣ គ្មានថ្នាំព្យាបាល និងគ្មានវ៉ាក់សាំងចាក់ការពារ នៅឡើយ, ៤ សញ្ញាក្តៅខ្លួនស្រាល ឈឺក្បាល ឈឺសន្លាក់ កន្ទួលក្រហមលើភ្នែក ភ្នែកក្រហម ជាធម្មតាជាបាត់វិញក្នុងរយៈពេល២ ទៅ៧ថ្ងៃ, ៥ ស្រ្តីមានផ្ទៃពោះ មានហានិភ័យខ្ពស់ដោយវិរុសZIKA ធ្វើអោយខួចខួរក្បាល និងប្រព័ន្ឋសសៃប្រាសាទទារកនៅក្នុងផ្ទៃ, និងទី៦ ត្រូវបង្ការកុំអោយមូសខ្លាខាំ ដោយបំបាត់ជំរកមូស និងស្លៀកពាក់ខោអាវជើងវែង និងប្រើថ្នាំកុំអោយ មានមូលខ្លាមកជិតបាន។

ទន្ទឹមជាមួយគ្នានោះដែរ មជ្ឈមណ្ឌលជាតិប្រយុទ្ឋ នឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ- បាណកសាស្រ្តនៃក្រសួងសុខាភិបាល បានបើកយុទ្ធនាការ ចុះតាមមូលដ្ឋានរស់នៅ របស់ពលរដ្ឋ ដើម្បីចាប់មូសពិសេសមូសខ្លា ក្នុងគោលដៅស្រាវជ្រាវរកមេរោគ ហ្ស៊ីកា នៅក្នុងរាជធានីភ្នំពេញ ក្នុងខណៈពលរដ្ឋ មានការបារម្មរណ៍ ពីជម្ងឺប្រភេទមួយនេះ៕

ក្រសួង​សុខាភិបាល ពង្រឹង​ប្រព័ន្ទ​តាមដាន និងធ្វើតេស្ហ​អ្នកសង្ស័យ​ជំងឺ​ Zika មកពី​ អាហ្វ្រិក-អាមេរិក​