សញ្ញា​ជំងឺ​ដុំ​សាច់​ក្នុង​ខួរក្បាល​ដែល​កើតមាន​ជា​ញឹកញាប់​បំផុត​

សញ្ញា​ជំងឺ​ដុំ​សាច់​ក្នុង​ខួរក្បាល​ដែល​កើតមាន​ជា​ញឹកញាប់​បំផុត​

​ជំងឺ​ដុំ​សាច់​ក្នុង​ខួរក្បាល​មិន​ខុសគ្នា​នឹង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ឬ​ការបង្ក​រោគ​នៅ​ខួរក្បាល​ទេ គឺ​វា​គ្មាន​សញ្ញា​ជាក់លាក់​ណាមួយ​ឱ្យ​យើង​សម្គាល់​ដឹង​ឡើយ​។ ចាប់ពី​ឈឺ​ក្បាល​រហូតដល់​ប្រកាច់ មាន​សញ្ញា​មួយ​ចំនួន​ដែល​អ្នក​ត្រូវ​ដឹង ដើម្បី​អាច​មាន​ពេលវេលា​គ្រប់គ្រាន់​ស្វែងរក​ជំនួយ​។​

ឈឺក្បាល​
ទោះបីជា​ការឈឺ​ក្បាល​គឺជា​សញ្ញា​មួយ​ដែល​កើត​ញឹកញាប់​ក៏ដោយ តែ​បើ​សិន​ជា​វា​ឧស្សាហ៍​កើតមាន ជាពិសេស​ខ្លាំងក្លា​នៅ​ពេល​ព្រឹក ឬ​កាន់តែខ្លាំង​ទៅៗ វា​អាច​បញ្ជាក់​ថា​ជា​ជំងឺ​ដុំ​សាច់​ក្នុង​ខួរក្បាល​បានដែរ​។ យក​ល្អ​គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​អំពី​បញ្ហា​នេះ​ទៅ​។

ច​ង្អោ​
វា​គឺជា​សញ្ញា​ដែល​កើតមាន​ជា​ញឹកញាប់​មួយ​នៃ​បញ្ហា​ក្រពះ​ពោះវៀន ប៉ុន្តែ​ក៏​អាច​ទាក់ទង​នឹង​ដុំ​សាច់​នៅ​ខួរក្បាល​បានដែឬ​។ បើសិន​ជា​អ្នក​ធ្លាប់​មាន​អា​ការៈឈឺ​ក្បាល ឬ​ខ្សោយ​ក្នុង​ខ្លួន​ជាមួយនឹង​ចង្អោរ​ទៀត​នោះ អ្នក​គួរតែ​ស្វែង​ការពិគ្រោះ​ជំងឺ​រកមើល​ដុំ​សាច់​ក្នុង​ខួរក្បាល​ហើយ​។

ក្អួត​
បើសិន​ជា​អ្នក​ធ្លាប់​ចង្អោ ឬ​ក្អួត​ដំបូង​គេ​នៅ​ពេល​ព្រឹក (​គ្មាន​ផ្ទៃពោះ​) យក​ល្អ​គួរតែ​យកចិត្តទុកដាក់​ចំពោះ​រឿង​នេះ​ឱ្យបាន​ច្រើន​ផង ជាពិសេស​នៅពេល​កើត​ឡើង​ជាមួយ​គ្នា​នឹង​ការ​អស់កម្លាំង ឬ​ប៉ះ​អ្វី​លែង​ដឹង​។

ពិបាក​ស្តាប់លឺ​
ករណីខ្លះ ការពិបាក​ស្តាប់លឺ ឬ​ស្តាប់​មិនលឺ​ក៏​ជា​សញ្ញា​ក្រោយ​គេ​មួយ​របស់​ដុំ​សាច់​ក្នុង​ខួរក្បាល​ដែឬ​។ ដូច្នេះ​បើ​សិន​ជា​អ្នក​ជួប​បញ្ហា​នេះ​មែន ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ភ្លាម​ទៅ​។

បញ្ហា​ភ្នែក​
បញ្ហា​ភ្នែក​តែងតែ​កើតមាន​ជា​ញឹកញាប់​ចំពោះ​អ្នក​មាន​ដុំ​សាច់​ក្នុង​ខួរក្បាល ជាពិសេស​ពួកគេ​អាច​នឹង​មើលឃើញ​ពីរៗ នេះ​ដោយសារ​តែ​កង្វះ​ការសម្របសម្រួល​ផ្នែក​សរសៃប្រសាទ​។ ករណី​ខ្លះ​ក៏​អាច​មើលឃើញ​ជា​ព្រឹលៗ​ផងដែរ​។

ពិបាក​និយាយ​
អ្នក​អាច​នឹង​ពិបាក​និយាយ ឬ​និយាយ​ចេញលុលៗ​នៅពេល​មាន​ដុំ​សាច់​ក្នុង​ខួរក្បាល​។ រឿង​នេះ​បណ្តាលមកពី​ដុំ​សាច់​នោះ​ស្ថិតនៅ​ផ្នែក​ខាងក្រោយ​របស់​ខួរក្បាល​តែម្តង​។

ជើង និង​ដៃ​ខ្សោយ​
ដោយ​យោង​ទៅតាម​ទីតាំង​ដុំ​សាច់​ក្នុង​ខួរក្បាល អ្នក​ប្រហែលជា​ធ្លាប់​មាន​អាការៈ​ខ្សោយ​ដៃ ឬ​ជើង​ជា​មិន​ខាន​ទេ​។ បើសិន​ជា​ដុំ​សាច់​នោះ​ប៉ះពាល់​ទៅលើ​ផ្នែក​ខាងស្តាំ​នៃ​ខួរក្បាល វា​អាច​នាំឱ្យ​ខ្សោយ​នៅ​ជើង និង​ដៃ​ឆ្វេង និង​នៅ​ស្តាំ​ដែរ​។

វង្វេងវង្វាន់​
អ្នក​ដែល​មាន​ដុំ​សាច់​ក្នុង​ខួរក្បាល​ប្រហែលជា​មាន​អាការៈ​វង្វេងវង្វាន់ ជាពិសេស​ក្នុង​ដំណាក់កាល​ចុង​ក្រោយ​តែម្តង​។ វា​អាច​ធ្វើឱ្យ​ពួកគេ​ពី​បាក​យល់​អំពី​សម្លេង មើលឃើញ និង​អ្វីៗ​ផ្សេង​ទៀត​ដែល​កំពុងតែ​ព្យាយាម​និយាយ​។ រឿង​ទាំងនោះ​អាច​ធ្វើឱ្យ​អ្នកជំងឺ​មាន​ភាព​តក់ស្លុត ពិបាកចិត្ត ឬ​ខឹង​។

អតុល្យភាព​ជំហរ​
ដុំ​សាច់​ក្នុង​ផ្នែក​ខាងក្រោយ​នៃ​ខួរក្បាល​នឹង​នាំឱ្យ​មាន​អាការៈ​អតុល្យភាព និង​ពិបាក​ក្នុង​ពេល​ដើរ​។

ប្រកាច់​
សញ្ញា​ប្រកាច់​នេះ​អាច​បញ្ជាក់បាន​ថា ដុំ​សាច់​ខួរក្បាល​គឺ​ស្ថិតនៅ​ផ្នែក​ខាងលើៗ​នៃ​ខួរក្បាល​ទេ​។ ដូច្នេះ​គ្រូពេទ្យ​អាច​នឹង​រក​ឃើញ​តាមរយៈ​ការថត MRI​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី06  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។