ទម្លាប់ ៧យ៉ាង ដែលបំផ្លាញសក់របស់អ្នក

បុរសទំនងជាជ្រុះសក់ច្រើនជាងស្រ្ដី ប៉ុន្ដែបច្ចុប្បន្ននេះ បញ្ហាជ្រុះសក់នេះក៏កើតមានចំពោះស្រ្ដីដែរ។ មូលហេតុចម្បងនៃការជ្រុះសក់ មានទំនាក់ទំនងទៅនឹងរបៀបរស់នៅ ទម្លាប់ទទួលទានអាហារ ជម្រើសនៃការប្រើប្រាស់ផលិតផល ឱសថមួយចំនួន និងទម្លាប់ផ្សេងៗទៀតរបស់យើង។ ខាងក្រោមនេះគឺជាទម្លាប់អាក្រក់ ៧យ៉ាង ដែលអ្នកគួរចៀសវាង ដើម្បការពារសក់របស់អ្នកកុំឱ្យជ្រុះ៖
១.  ការប្រើប្រាស់ច្រើនលើសកំណត់ចំពោះផលិតផលផ្ទុកសារធាតុគីមី៖ ផលិតផលថែរក្សាសក់ភាគច្រើន តែងប្រកាសថាមានប្រសិទ្ធភាពផ្ដល់ការបំប៉នដល់សក់របស់អ្នក និងធ្វើឱ្យសក់ទន់រលើបរលោង។ តើផលិតផលទាំងនោះពិតជាផ្ដល់ការថែបំប៉នដល់សក់ដូចអ្វីដែលបានផ្សាយឬទេ? ភាគច្រើនផលិតផលទាំងនេះ ត្រូវបានផលិតឡើងដោយប្រើសារធាតុគីមី ដែលផ្ទុយទៅវិញធ្វើឱ្យសក់របស់អ្នកស្ងួត។ ការកក់សក់ជាប្រចាំនឹងរក្សាសក់របស់អ្នកឱ្យមានសុខភាពល្អ និងស្អាត ល្គឹកណាអ្នកធ្វើការជ្រើសរើសប្រភេទសាប៊ូមិនផ្ទុកសារធាតុគីមី ដែលមានផ្ទុករុក្ខឱសថធម្មជាតិ និងធាតុផ្សំសកម្មបែបធម្មជាតិ។ ម្យ៉ាងទៀតថ្នាំអប់សក់ ដែលចម្រាញ់ពីរុក្ខឱសថជាតិ ក៏ផ្ដល់ការថែទាំសក់របស់អ្នកបានល្អផងដែរ។
២. ការចងសក់តឹងពេក៖ ម៉ូត្រចងសក់ ដែលច្នៃតាមរបៀបកន្ទុយអណ្ដើក ឬម៉ូតក្រងដោយចងតឹងៗពេកគឺជាមូលហេតុនៃការជ្រុះសក់។ ម៉ូតសក់តឹងៗទាំងនេះធ្វើឱ្យឬសសក់ចុះខ្សោយ ហើយប្រការនេះក្លាយជាហេតុផល ដែលនាំឱ្យមានការជ្រុះសក់។ លោកវេជ្ជបណ្ឌិត Joshua Zeichner ពន្យល់ថា ទំនាញតឹងខ្លាំងក្នុងរយៈពេលយូរអាចនាំឱ្យមានអាការៈរលាកនៅត្រង់ឬសសក់របស់អ្នក និងបណ្ដាលឱ្យជ្រុះសក់។ សូមធ្វើការឆ្នៃម៉ូតសក់ធូរៗ ដែលធ្វើឱ្យអ្នកមានអារម្មណ៍ថាស្រួលខ្លួន និងល្អប្រសើរសម្រាប់សក់របស់អ្នក។ 
៣. ស្រ្ដេសផ្នែកផ្លូវកាយ៖ ភាពស្រ្ដេសផ្នែកផ្លូវកាយដូចជាទទួលរងគ្រោះថ្នាក់អ្វីមួយ ជំងឺគ្រុនផ្ដាសាយ ឬការវះកាត់អាចបណ្ដាលឱ្យជ្រុះសក់។ សក់របស់យើងមានវដ្ដនៃជីវិតមួយ ដែលត្រូវបានកំណត់ជាកម្មវិធី ៣ យ៉ាងគឺ ដំណាក់កាលលូតលាស់ ដំណាក់កាលសម្រាក និងដំណាក់កាលបាត់បង់ទៅវិញ។ នៅពេលយើងឆ្លងកាត់បញ្ហាស្រ្ដេសផ្លូវកាយ ឬកើតជំងឺអ្វីមួយ វាអាចរំខានដល់វដ្ដនៃអាយុរបស់សក់ និងរុញច្រានឱ្យសក់របស់យើងឈានដល់ដំណាក់កាលបាត់បង់។ អាការៈជ្រុះសក់ដោយសារការប៉ះទង្គិចផ្នែករាងកាយអាចត្រូវបានកត់សម្គាល់បានក្នុងរយៈពេល ៣ ទៅ ៦ខែ។
៤. កង្វះសារធាតុចិញ្ចឹម៖ រាងកាយរបស់មនុស្សយើងត្រូវការសារធាតុចិញ្ចឹម ដើម្បីឱ្យរស់នៅប្រកបដោយសុខភាពល្អ ចំណែកឯកោសិកាសក់របស់យើងក៏មានតម្រូវការដូចរាងកាយដែរ ដែលត្រូវការសារធាតុចិញ្ចឹមដើម្បីឱ្យវាមានសុខភាពល្អ និងលូតលាស់បានក្រាស់ល្អ។ សារធាតុចិញ្ចឹមគឺមានសារៈសំខាន់ ហើយអាចទទួលវាបានពីចំណីអាហារ ដែលយើងទទួលទាន។ សូមរីករាយនូវចំណីអាហារប្រកបដោយតុល្យភាព និងសម្បូរដោយវីតាមីន សារធាតុរ៉ែ និងប្រូតេអ៊ីន។ សារធាតុទាំងនេះនឹងរក្សាកោសិកាខួរក្បាលរបស់អ្នកឱ្យមានសុខភាពល្អ និងកាត់បន្ថយការជ្រុះសក់។
៥. ការប៉ះនឹងពន្លឺព្រះអាទិត្យច្រើនពេក៖ ការប៉ះនឹងពន្លឺព្រះអាទិត្យធ្វើឱ្យសក់របស់អ្នកស្ងួត និងងាយដាច់ ហើយកាំរស្មី UV នេះទៀតសោតធ្វើឱ្យសក់របស់អ្នកខូច។ អ្នកគួរពាក់មួយ នៅពេលអ្នកធ្វើដំណើរទៅក្រៅប៉ះនឹងពន្លឺព្រះអាទិត្យ។ ម្យ៉ាងទៀត អ្នកគួរប្រើ Spray ដែលមានផ្ទុក SPF ទៅលើសក់របស់អ្នក។
៦. គេងមិនគ្រប់គ្រាន់៖ ស្បែកក្បាលរបស់អ្នក គឺជាផ្នែកមួយ នៃស្បែករាងកាយទាំងស្រុងរបស់អ្នក ដូច្នេះនៅពេលអ្នកផ្ដល់ការព្យាបាលស្បែករបស់អ្នកដោយបៀបណាមួយនោះ អ្នកក៏គួរតែធ្វើការព្យាបាលស្បែកក្បាលតាមរបៀបដូចគ្នានេះដែរ។ ការគេងបានគ្រប់គ្រាន់គឺមានសារៈសំខាន់ដើម្បីថែរក្សាសក់ និងស្បែកក្បាលរបស់អ្នកឱ្យមានសុខភាពល្អ។ ការគេងមិនបានគ្រប់គ្រាន់ ជានិច្ចកាលតែងនាំឱ្យសក់ខូច ដែលជាលទ្ធផលធ្វើឱ្យសក់ជ្រុះ។ ម្យ៉ាងទៀតការគេងបានគ្រប់គ្រាន់ ជួយឱ្យអ្នកចៀសផុតពីភាពស្រ្ដេស ដែលជាលទ្ធផលនឹងជួយឱ្យសក់របស់អ្នកមានសុខភាពល្អ។
៧. ការប្ដូម៉ូតសក់ច្រើនហួសហេតុពេក៖  ភាពក្ដៅខ្លាំងបំផ្លាញសក់របស់អ្នក ដោយការធ្វើឱ្យសក់របស់អ្នកស្ងួត។ ម្យ៉ាងទៀត វាបំផ្លាញដល់ឬសសក់ ដោយធ្វើឱ្យសក់លូតលាស់មិនបានល្អ។ វេជ្ជបណ្ឌិតណែនាំឱ្យចៀសវាង ការប្រើឧបករណ៍ផ្លុំសក់ឱ្យស្ងួត ឧបករណ៍អ៊ុតសក់ឱ្យរួញ ឬឱ្យត្រង់។ ប្រសិនបើអ្នកចាំបាច់ត្រូវតែប្រើឧបករណ៍ផ្លុំសក់ឱ្យស្ងួត សូមប្រើផ្លុំតែចំណុចកណ្ដាលសក់បានហើយ ដោយចៀសវាងការផ្លុំដល់ឬស និងចុងសក់៕
ទម្លាប់ ៧យ៉ាង ដែលបំផ្លាញសក់របស់អ្នក

អត្ថបទ៖ ដេវីដ