ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

* មាន​ដំណឹង​ល្បី​លេចឮ​ត​ៗ​គ្នា​ប្រាប់​ថា ការ​យកពន្ធ​ទំនិញ​ដោយ​ម៉ៅ​មួយ​កប៉ាល់​ៗ ដែល​ផ្ទុក​ចំណុះ​ពី​១៥០​តោន ទៅ​២០០​តោន របស់​ក្រុមហ៊ុន​នាំ​ចូល​ទំនិញ​ពី​ប្រទេស​ថៃ ចូល​ផែ​ឯកជន​មួយ​​នៅ​កោះកុង បាន​ធ្វើ​ឱ្យ​មាន​ភាព​រង្គោះរង្គើរ​មិន​តិច​ទេ ក្នុង​ចំណោម​មន្ត្រី​គយ​នៅ​សាខា​គយ ខេត្តកោះកុង ក្រោម​អំណាច​លោក​សំ កុសល មេ​សាខា​ថ្មី ។

* មន្ត្រី​គយ​មួយ​ក្រុម​និយាយ​ថា តាម​ធម្មតា​មុន​កម្រិត​ចំនួន​ឱ្យ​បង់ពន្ធ​ ត្រូវ​ពិនិត្យ​មើល​នូវ​គ្រប់មុខ​ទំនិញ ទើប​អាច​កំណត់​ប្រាក់​ពន្ធ​បាន ​។ ប៉ុន្តែ​បើ​មេ​គយ​បញ្ជា​ឱ្យ​យកពន្ធ​តាម​មាត់​គាត់ ដោយ​មិនបាច់​ពិនិត្យ គ្មាន​មន្ត្រី​ណា​ហ៊ាន​ជំទាស់​ទេ វា​ដូច​ជា​ខុស​ធ្ងន់​ពេក ។

* ទំនិញ​មួយ​កប៉ាល់​ណែន​ប៉ែស មេ​បញ្ជា​ឱ្យ​បង់​តែ​១០​លាន​កន្លះ​រៀល​ប៉ុណ្ណោះ មិនដឹង​ថា បង់​ក្រៅ​ប៉ុន្មាន​ឡើយ ។ ប្រការ​នេះ​ហើយ ដែល​បង្ក​លក្ខណៈ​ឱ្យ​រង្គោះរង្គើរ ក្នុង​ចំណោម​មន្ត្រី​គយ​ថ្នាក់ទាប​ៗ ដែល​ពួក​គេ​ស្មាន​មិន​ដល់​ថា មេមាន​គំរូ​ប្លែក ទុកជា​មេ​រៀន​​បែប​នេះ​ឡើយ ។

* នៅ​មាន​ទៀត ប៉ុស្តិ៍​គយ​ត្រួតពិនិត្យ​មួយ​កន្លែង នៅ​លើ​ផ្លូវជាតិ​លេខ​៤៨ កោះកុង​-​ស្រែអំបិល រថយន្ត​ដឹក​ទំនិញ​តូច​-​ធំ តាំងពី​ដឹក​ផ្លែ​ឈើ​ឡើង​ទៅ ចូល​បង់ប្រាក់​អត់​របូត​មួយ​ទេ ដោយ​បាន​កំណត់​បង់​ច្បាស់លាស់ គ្មាន​បង្កាន់ដៃ​ទេ ពី​៤​ម៉ឺន​រៀល ទៅ​ដល់​៣០​ម៉ឺន​រៀល ។

* អ្នក​ដឹក​ផ្លែ​ឈើ​និយាយ​ថា កាល​មេ​សាខា​គយ​ចាស់ មិន​បាន​កំណត់​ទេ ជួនកាល​ឱ្យ​ហុច​១​ម៉ឺន ឬ​២​ម៉ឺនសម្រាប់​ថ្លៃ​បាយ ថ្លៃ​ដេក​សំដិល​ក្រៅ​ផ្ទះ ។ តែ​មេ​សាខា​ថ្មី​កំណត់​យក​៤​ម៉ឺន ដូច​ច្រើន​ពេក​ហើយ ។

* លោក​សំ កុសល កាល​នៅ​ខេត្តតាកែវ ជា​មេ​ស្នាក់​ការ​ច្រក​ទ្វារ​មួយ​ក៏​ល្បី​មិន​តិច​ដែរ ... លុះ​បាន​មក​ដល់​ធ្វើ​មេ​សាខា​នៅ​ខេត្ត​កោះកុង កាន់តែ​ល្បី​ទៀត ធ្វើ​ឱ្យ​មន្ត្រី​ទាំងឡាយ ដែល​ធ្លាប់​នៅ​ជាមួយ​មេ​សាខា​ចាស់ លោកប៉ា​ង វ៉ា​ន់​ថន ពិបាក​ធ្វើការ​ជាមួយ​។

* តើ​កាល​នៅ​ធ្វើ​មេ​ស្នាក់​នៅ​ច្រក​ទ្វារ​ត្រពាំង​ក្រសាំង​ជាប់​ព្រំដែន​វៀតណាម លេង​ស្នៀត​ម៉ៅ​ការ​បង់ពន្ធ ដោយ​មិនបាច់​មើល​មុខ​ទំនិញ ដូច​ធ្វើ​មេ​សាខា​ខេត្តកោះកុង​ដែរ​ទេ?

* មិន​អាច​ធ្វើការ​ប្រៀបធៀប​សាច់​ការ​បាន​ទេ ព្រោះ​មិន​អាច​សុំ​ការ​បំភ្លឺ​បាន ដែល​សង្ស័យ​ណាស់ រឿង​សាច់​ការ​វា​មិន​ដែល​ធំ​ជាង​សាច់​គោ​ឡើយ ។