ឯកឧត្ដម សម រង្ស៊ី៖ ការបោះឆ្នោត​ស្របច្បាប់ ត្រូវតែ​មានវត្ដមាន​ នៃការគូរប្រកួត​ទាំងអស់ ក្នុងយុទ្ធនាការ​បោះឆ្នោត

ភ្នំពេញ៖ ឯកឧត្ដម សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ បានលើកឡើង ថា ដើម្បីឲ្យការបោះឆ្នោត នាពេលខាងមុខនេះ មានស្របច្បាប់ត្រូវតែ អនុញ្ញាតិឲ្យរូបលោកចូលរួម ក្នុងយុទ្ធនាការបោះឆ្នោត ទាំងការបោះឆ្នោតឃុំ-សង្កាត់ និងការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដអាណត្ដិទី៥។ ការលើកឡើងនេះ បានធ្វើឡើងក្នុងពិធី ជួបសំណេះសំណាល ជាមួយសកម្មជន មូលដ្ឋាននៅភូមិតាខ្មៅ៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល តាមរយៈ Video Conferenceនៅថ្ងៃទី០៦ ខែកុម្ភ: ឆ្នាំ២០១៦នេះ។ ឯកឧត្ដមសម សម រង្ស៊ី បានថ្លែងថា ក្នុងការបង្កើតរដ្ឋាភិបាល មួយឲ្យមានភាពស្របច្បាប់ ហើយទទួលស្គាល់ ជាអន្ដរជាតិនោះ ទាល់តែការបោះឆ្នោត នោះស្របច្បាប់ដែរ។

ឯកឧត្ដម សម រង្ស៊ី បានថ្លែងបន្ដ ថា "ដើម្បីមានភាពស្របច្បាប់ទាល់តែ ការរៀបចំការបោះឆ្នោត ដើម្បីបង្កើតរដ្ឋាភិបាលមួយ ជាពិសេសការបង្កើត រដ្ឋាភិបាលថ្មីទៅថ្ងៃមុខ ទាល់តែការបោះឆ្នោត ស្របច្បាប់។ ដើម្បីឲ្យការបោះឆ្នោតស្របច្បាប់ ត្រូវតែមានវត្ដមាន នៃការគូរប្រកួតទាំងអស់ ក្នុងយុទ្ធនាការបោះឆ្នោត ហើយគូរប្រកួតមាន តែពីរទេ បើគិតជាគណបក្សគឺ គណបក្សកាន់អំណាចសព្វថ្ងៃ ហើយគណបក្សសង្រ្គោះជាតិ ពីព្រោះមានតែ គណបក្សសង្រ្គោះជាតិមួយគត់ ដែលអាច ហើយដែលនឹងដណ្ដើម យកជ័យជំនៈ ពីគណបក្សមួយទៀត ឲ្យទាល់តែបាន"។

ឯកឧត្ដម សម រង្ស៊ី បានលើកឡើងបន្ដ ថា គូរប្រកួតប្រជែងដើម្បី ដណ្ដើមតំណែងជា នាយករដ្ឋមន្រ្ដី ក៏មានតែពីរដែរ ក្នុងនោះប្រធានគណបក្សប្រជាជនកម្ពុជា គឺសម្ដេចតេជោហ៊ុនសែន និងប្រធានគណបក្សសង្រ្គោះជាតិ គឺ សម រង្ស៊ី៕

ឯកឧត្ដម សម រង្ស៊ី៖ ការបោះឆ្នោត​ស្របច្បាប់ ត្រូវតែ​មានវត្ដមាន​ នៃការគូរប្រកួត​ទាំងអស់ ក្នុងយុទ្ធនាការ​បោះឆ្នោត