នាវាទេសចរណ៍បរទេស ពីរគ្រឿងដឹកភ្ញៀវប្រមាណ ៤០០០នាក់ មកក្រុងព្រះសីហនុ

ភ្នំពេញ៖ នាវាទេសចរណ៍បរទេស ចំនួន ០២គ្រឿងដែលដឹកភ្ញៀវ ទេសចរណ៍អន្តរជាតិ ប្រមាណ ៤០០០នាក់ កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៦ បានចូលសំចត នៅកំពង់ផែអន្តរជាតិ ខេត្តព្រះសីហនុ ដើម្បីកំសាន្តនៅតាមតំបន់ រមណីយដ្ឋាននានាក្នុងខេត្តនេះ។  

យោងតាមទីភ្នាក់ងារ សារពត៌មានកម្ពុជា AKP បានឲ្យដឹងថា «នៅព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ ២០១៦នេះ នាវាទេសចរណ៍ ០២គ្រឿងបាន នាំភ្ញៀវទេសចរណ៍បរទេស ចម្រុះជាតិសាសន៍ ចំនួនជិត៤.០០០នាក់ ចូលតាមច្រកកំពង់ផែសមុទ្រ ខេត្តព្រះសីហនុដើម្បីធ្វើ ទស្សនកិច្ចនៅតាមតំបន់ រមណីយដ្ឋាននានាខេត្តព្រះសីហនុ» ។

លោក ស៊ាង ឡេង  ប្រធានប៉ុស្តិ៍នគរបាលច្រកទ្វារ កំពង់ផែអន្តរជាតិខេត្តព្រះសីហនុបានឱ្យដឹងថា នាវាទេសចរណ៍បរទេសចំនួន០២គ្រឿងនោះ ទីមួយ មានឈ្មោះ AIDA BELLA មានបណ្តោយ ២៣០ម៉ែត្រ ទទឹង ៣២ម៉ែត្រ ជម្រៅទឹក ៧.៣ម៉ែត្រ មកពីប្រទេសវៀតណាម នាំភ្ញៀវទេសចរណ៍បរទេសចម្រុះជាតិសាសន៍ចំនួន ២.៥៩៦នាក់ ។ ក្នុងនោះ ភ្ញៀវទេសចរណ៍មានចំនួន ១៩៩១នាក់  ស្រី១០២២នាក់ មាន២១សញ្ជាតិផ្សេងគ្នា នឹងមាននាវិកសរុប ៦០៥នាក់ ស្រី១២៩នាក់ ។បានចូលចតកំពង់ផែអន្តរជាតិក្រុងព្រះសីហនុនៅម៉ោង ៧និង២០នាទី នាវាមានគម្រោងធ្វើដំណើរចាកចេញពីប្រទេសកម្ពុជា ឆ្ពោះទៅកាន់ប្រទេសថៃ នៅវេលាម៉ោង ១៨ល្ងាចថ្ងៃនេះ។

នាវាទី២ ឈ្មោះSEVEN SEASVOYAGER    មានភ្ញៀវទេសចរចម្រុះជាតិសាសន៍៦៦៩នាក់ ស្រី៣៤៨នាក់ មាន២១សញ្ជាតិ។  នាវិក៤៤៧នាក់ ស្រី៨៣នាក់ នាវាទេសចរណ៍ SEVEN SEASVOYAGER  បាននាំភ្ញៀវទេសចរបរទេសមកពីប្រទេសថៃ ចូលចតកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ មុននឹងចាកចេញពីពី កម្ពុជាឆ្ពោះទៅកាន់ប្រទេសវៀតណាមវេលាម៉ោង១៨ល្ងាចថ្ងៃដដែល។

សូមបញ្ជាក់ថា  នៅដើមខែកុម្ភៈនេះមាននាវា ទេសចរណ៍បរទេសចូល ចតកំពង់ផែខេត្តព្រះសីហនុ ចំនួន០៤លើក ហើយនៅ មាននាវាទេសចរណ៍បរទេស ជាច្រើនគ្រឿងផ្សេងទៀត នាំភ្ញៀវទេសចរ បរទេសចូលចត ធ្វើទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា៕