មន្រ្ដីនាំពាក្យ CPP អះអាងថា បើអត់ ឯកឧត្ដមសម រង្ស៊ី ក៏ការបោះឆ្នោត នាពេលខាងមុខ ដំណើរធម្មតា

ភ្នំពេញ៖ មន្រ្ដីនាំពាក្យ គណបក្សប្រជាជនកម្ពុជា (CPP) លោក សុខ ឥសាន បានឆ្លើយតបភ្លាមៗ ទៅកាន់ប្រធានគណបក្សប្រឆាំង ថា បើទោះបីជាគ្មានវត្ដមាន ឯកឧត្ដមសម រង្ស៊ី នៅក្នុងយុទ្ធនាការបោះឆ្នោតនាពេលខាងមុខ ក៏ការបោះឆ្នោតឆ្នាំ ២០១៧ និងឆ្នាំ២០១៨ ដំណើរការជាធម្មតាដែរ។ ការឆ្លើយតបនេះ បានធ្វើឡើងបន្ទាប់ពី ឯកឧត្ដមសម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ បានលើកឡើង ថា ដើម្បីឲ្យការបោះឆ្នោត នាពេលខាងមុខនេះ មានស្របច្បាប់ត្រូវតែអនុញ្ញាតិ ឲ្យរូបលោកចូលរួម ក្នុងយុទ្ធនាការបោះឆ្នោត។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្អិលថា ការលើកឡើងរបស់ ប្រធានគណបក្សប្រឆាំង ឯកឧត្ដម សម រង្ស៊ី គ្រាន់តែជាមតិផ្ទាល់ខ្លួន ប៉ុណ្ណោះ ហើយគ្មានអ្នកជឿតាមឡើយ។ ឯកឧត្ដមសុខ ឥសាន បានលើកឡើង ថា នៅព្រះរាជាណាចក្រកម្ពុជា គឺអនុវត្ដនយោបាយ សេរីពហុបក្ស ដែលកន្លងទៅមានគណបក្ស ជាង៥០ បានចុះបញ្ជីនៅក្រសួងមហាផ្ទៃ ហើយកាលពីពេលថ្មីៗនេះ ក៏មានគណបក្សប្រមាណ ជា៧ទៀត ទើបតែបានបង្កើតឡើង។

មន្រ្ដីនាំពាក្យគណបក្សប្រជាជនកម្ពុជារូបនេះ បានបញ្ជាក់ ថា "បើអត់ពីឯកឧត្ដមសម រង្ស៊ីមួយ សួរថាគេ អាចបោះឆ្នោតបានឬមិនបាន? នៅតែបោះឆ្នោតបាន។ មិនមែនដូចគាត់សម្ភាសន៍ នៅវិទ្យុបរទេសកាលពីម្សិលមិញ គាត់ថា បើអត់ពីប្រធានបក្សប្រឆាំងមួយទៅ មិនអាចបោះឆ្នោតបាន។ ខ្ញុំយល់ថា ការលើកឡើងហ្នឹង ជាគំនិតអន្ដោម័តរបស់គាត់ទេ គាត់ចង់និយាយយ៉ាងម៉េច ក៏និយាយទៅ មិនមែនអត់គាត់មួយ ភ្លុកទឹកភ្លុកដីឯណា"។  

គួររំលឹក ថា នៅក្នុងពិធីជួបសំណេះសំណាល ជាមួយសកម្មជនមូលដ្ឋានរបស់ខ្លួន នៅភូមិតាខ្មៅ៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាលតាមរយៈVideo Conferenceនៅថ្ងៃទី០៦ ខែកុម្ភ: ឆ្នាំ២០១៦នេះ ឯកឧត្ដមសម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ បានលើកឡើង ថា ដើម្បីឲ្យការបោះឆ្នោត នាពេលខាងមុខនេះ មានស្របច្បាប់ ត្រូវតែ អនុញ្ញាតិឲ្យរូបលោកចូលរួម ក្នុងយុទ្ធនាការបោះឆ្នោត ទាំងការបោះឆ្នោតឃុំ-សង្កាត់ និងការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដអាណត្ដិទី៥។

ឯកឧត្ដម សម រង្ស៊ី បានថ្លែងបន្ដ ថា "ដើម្បីមានភាពស្របច្បាប់ទាល់តែ ការរៀបចំការបោះឆ្នោត ដើម្បីបង្កើតរដ្ឋាភិបាលមួយ ជាពិសេសការបង្កើត រដ្ឋាភិបាលថ្មី ទៅថ្ងៃមុខ ទាល់តែការបោះឆ្នោត ស្របច្បាប់។ ដើម្បីឲ្យការបោះឆ្នោតស្របច្បាប់ ត្រូវតែមានវត្ដមាន នៃការគូរប្រកួតទាំងអស់ក្នុងយុទ្ធនាការបោះឆ្នោត ហើយគូរប្រកួតមាន តែពីរទេ បើគិតជាគណបក្សគឺ គណបក្សកាន់អំណាចសព្វថ្ងៃ ហើយគណបក្សសង្រ្គោះជាតិ ពីព្រោះមានតែ គណបក្សសង្រ្គោះជាតិមួយគត់ ដែលអាច ហើយដែលនឹងដណ្ដើមយកជ័យជំនៈ ពីគណបក្សមួយទៀត ឲ្យទាល់តែបាន"។

ឯកឧត្ដម សម រង្ស៊ី បានលើកឡើងបន្ដ ថា គូរប្រកួតប្រជែងដើម្បី ដណ្ដើមតំណែងជា នាយករដ្ឋមន្រ្ដី ក៏មានតែពីរដែរ ក្នុងនោះប្រធានគណបក្សប្រជាជនកម្ពុជា គឺសម្ដេចតេជោហ៊ុនសែន និងប្រធានគណបក្សសង្រ្គោះជាតិ គឺ សម រង្ស៊ី៕

មន្រ្ដីនាំពាក្យ CPP អះអាងថា បើអត់ ឯកឧត្ដមសម រង្ស៊ី ក៏ការបោះឆ្នោត នាពេលខាងមុខ ដំណើរធម្មតា