​លោក​សម រង្ស៊ី ៖ កុំ​បារម្ភ​រឿង​លោក​ទេព នីថា ចូលកាន់​តំណែង​ជា អគ្គលេខាធិការ គ​.​ជ​.​ប​.

ភ្នំពេញ: លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុងតែ​ស្ថិតនៅ​ក្រៅប្រទេស បាន​ថ្លែង​ក្នុង​ពិធី​សំណេះសំណាលជាមួយអ្នកគាំទ្រនៅ​សហរដ្ឋអាមេរិក​ថា គណបក្ស​សង្គ្រោះ​ជាតិ មាន​ទំនុក​ចិត្តច្រើន​លើគណៈកម្មាធិការ​ជាតិរៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​.)​។​

​គណៈកម្មាធិការ​ជាតិរៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​.) មាន​សមាសភាពចំនួន​៩​នាក់ ដោយ​៤​នាក់ ជ្រើសតាំង​ដោយគណបក្ស​ប្រជាជន​កម្ពុជា និង​៤​នាក់​ទៀតជ្រើសតាំង​ដោយគណបក្ស​សង្គ្រោះ​ជាតិ និង​ម្នាក់ទៀតជា​មន្ត្រី​សង្គម​ស៊ីវិល ជ្រើសតាំង​ដោយ​គណបក្ស​ទាំងពីរ​។​

​លោក​សម រង្ស៊ី បាន​និយាយថាៈ "​គ​.​ជ​.​ប​. ឥឡូវ សមាសភាព ៩​នាក់ ៤​នាក់ មកពី​ខាង​គណបក្ស​ប្រជាជន​កម្ពុជា និង​៤​នាក់​ទៀត មកពី​ខាង​គណបក្ស​សង្គ្រោះ​ជាតិ និង​ម្នាក់ទៀត​មកពី​ខាង​សង្គម​ស៊ីវិល​។ ហើយ​មកទល់ពេលនេះឃើញ​ជំហរ​របស់​សង្គម​ស៊ីវិល​ល្អ និង​ឯករាជ្យ​"​។

​លោក​បាន​បញ្ជាក់ថាៈ "​សូម្បីតែ​គណបក្ស​សង្គ្រោះ​ជាតិខ្លួនឯង មានគំនិត​មិន​សម​ហេតុ​សម​ផល ទាំង​ខាង​តំណាង​សង្គម​ស៊ីវិល និង​គណបក្ស​ប្រជាជន​កម្ពុជា គេ​អត់​គាំទ្រ គឺ​ទៅ​មិន​រួច យើង​ត្រូវ​ខំ​ទាំងអស់គ្នា សមាជិក គ​.​ជ​.​ប​. ទាំង​៩​នាក់ ត្រូវ​ផ្តួច​ផ្តើម គំនិត​អ្វីដែលមាន​ការគាំទ្រ​ពីសមាជិក​ទាំង​៩​នាក់​"​។

​លោក​បាន​បញ្ជាក់ទៀតថាៈ "​មាន​អ្នកខ្លះ​បារម្ភ​ថា អគ្គលេខាធិការលោក ទេព នីថា ចូលមក​កាន់តំណែង​ថ្មី ខ្ញុំ​ថារឿង​បុគ្គលមិន​សំខាន់​ទេ លទ្ធិប្រជាធិបតេយ្យ របៀប​ធ្វើការ​ត្រឹមត្រូវ គឺ​អាស្រ័យ​លើ​ស្ថាប័ន លើ​យន្តការ លើ​ច្បាប់ លើ​បែបបទ បើ​យើង​រៀបចំ​ស្ថាប័នឲ្យ​បានល្អ បែបបទ​ឲ្យ​បានល្អ បុគ្គល​ណាក៏​មិន​អាចធ្វើ​អ្វី​បានតាមចិត្ត​ដែរ​... មិនមែន​អគ្គលេខាធិការ​នឹងនឹកឃើញ​ចង់​ធ្វើ​ខ្លួនឯង មិនមែន​ប្រធាន​មួយ ឃុបឃិត​ឲ្យអគ្គលេខាធិការធ្វើ​អ្វី​បាន​តាមចិត្ត​ទេដូច​មុន​ទេ​..." ៕V​/S