អាជ្ញាធរ​ជាតិ​អប្សរា​ហាមឃាត់​ការចាក់សំរាម​អាណាធិបតេយ្យ​លើដី​បុរី​វប្បធម៌​និង​ទេសចរណ៍​អង្គរ​

ភ្នំពេញ: អាជ្ញាធរ​ជាតិ​អប្សរា បាន​ឲ្យ​ដឹងថា ក្នុង​មួយថ្ងៃៗ​ក្នុង​ខេត្តសៀមរាប​មាន​កាកសំណល់​សំរាម​ជាង​៣០​តោន ដែល​ប្រមូល​ពី​ទីផ្សារ សណ្ឋាគារ ភោជនីយដ្ឋាន ក្រុមហ៊ុន កន្លែង​អាជីវកម្ម ផ្ទះ​ប្រជាជន​។​ល​។ ប្រសិនបើ​មិនបាន​ទុកដាក់​សំរាម​ឱ្យ​បានល្អ​ត្រឹមត្រូវ​ទេ នោះ​វា​នឹង​ក្លាយជា​កង្វល់​ដ៏​ធំ​មួយ​សម្រាប់​ខេត្តសៀមរាប​ដែលជា​តំបន់​ទេសចរណ៍​ដ៏​ល្បីល្បាញ និង​មាន​ប្រជាប្រិយភាព​បំផុត​លើ​ពិភពលោក​។ ដូច្នេះហើយ​ទើប​ច្រើន​ឆ្នាំ​មកនេះ​ក្រៅពី​កិច្ចការ​អភិរក្ស ជួស​ជុស ថែរក្សា​ប្រាសាទ អាជ្ញាធរ​ជាតិ​អប្សរា​ក៏បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ឯកជន ដើម្បី​រួមចំណែក​សម្អាត​បរិស្ថាន​ឱ្យ​ស្អាត​ក្នុង​តំបន់​ដែល​ខ្លួន​គ្រប់គ្រង​ផងដែរ​។​

​អាជ្ញាធរ​ជាតិ​អប្សរា​តែងតែ​ធ្វើជា​គំរូ​ផង ការពារ​ផង និង​បង្រៀន​ប្រជាជន​ឱ្យ​យល់ដឹង​ពី​ផលប៉ះពាល់​នៃ​សំរាម​ផង ហើយ​កិច្ចខិតខំ​ប្រឹងប្រែង​កន្ល​ង​មកនេះ​បានធ្វើឱ្យ​រមណីយដ្ឋាន​អង្គរ​ប្រែ​មុខមាត់​គួរឱ្យកត់សម្គាល់​។ ប៉ុន្តែ​ក៏មាន​ប្រជាជន​មួយចំនួន​មិនបាន​ចូលរួម​សហការ​ទុកដាក់​សំរាម​ឱ្យបាន​ត្រឹមត្រូវ ហើយ​បាន​ចោល​សំរាម​ផ្តេសផ្តាស​។​

​ជាក់ស្តែង​នៅ​ព្រឹក​ព្រលឹម​ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ​២០១៦ ក្រុមការងារ​នាយកដ្ឋាន​សណ្តាប់ធ្នាប់​និង​សហប្រតិបត្តិការ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ហាមឃាត់​បុរស​ម្នាក់​ឈ្មោះ ម៉ោ ឈុន​ណា អាយុ​៤៨​ឆ្នាំ រស់នៅ​ភូមិ​ធ្លក​អណ្តូង សង្កាត់​ស្លក្រាម ក្រុង​សៀមរាប (​ភូមិប​ង្គើ​ត​ថ្មី​) ដែល​យក​សំរាម​ទៅ​ចោល​នៅ​លើដី​បុរី​វប្បធម៌​និង​ទេសចរណ៍​អង្គរ ព្រមទាំង​បាន​ណែនាំ អប់រំ​ឱ្យ​ឈប់​ចាក់សំរាម​នៅទីនេះ​ទៀត​។​

​លោក គង់ មរកត ប្រធានស្តីទី​នាយកដ្ឋាន​សណ្តាប់ធ្នាប់​និង​សហប្រតិបត្តិការ​បាន​ប្រាប់ថា ចេះតែ​ឃើញ​គំនរ​សំរាម​លើ​ដងផ្លូវ​និង​កន្លែង​ផ្សេងទៀត​នៃ​បុរី​វប្បធម៌​និង​ទេសចរណ៍​អង្គរ​កើនឡើង​រាល់ថ្ងៃ ទើប​ក្រុមការងារ​បានដាក់​កម្លាំង​ឱ្យ​តាមដាន​ជាប្រចាំ ទាំង​ថ្ងៃ​ផង យប់​ផង​តែ​មិន​ប្រទះ ទើប​នៅ​ព្រឹក​នេះ​បាន​តាម​ទាន់​។ ករណី​ចាក់សំរាម​នេះ​មិនមែន​មានតែ​បុរស​ម្នាក់នេះ​ទេ អ្នកភូមិ​មួយចំនួនទៀត​ដែល​នៅ​ជិត​ម្តុំ​នេះ​ក៏​យកមក​ចោល​ដែរ លើ​ទីតាំង​ច្រើន​កន្លែង​ផ្សេងទៀត​។ ពួកគាត់​ជួន​យកមក​ចោល​ពេលយប់ ជួន​ពេល​ព្រលឹម ហើយពីរ​ឬ​បី​ថ្ងៃ​គាត់​យកមក​ចោល​ម្តង​។​

​លោក​បន្តទៀតថា ក្រោយពី​ចាប់បាន​ភស្តុតាង​ហើយ ក្រុមការងារ​ក៏បាន​ណែនាំ អប់រំ និង​ឱ្យ​បុរស​នោះ​ធ្វើ​កិច្ចសន្យា​ឈប់​ចាក់សំរាម​ចោល​ផ្តេសផ្តាស​លើដី​បុរី​វប្បធម៌​និង​ទេសចរណ៍​អង្គរ​ទៀត ហើយ​ឱ្យ​សម្អាត​សំរាម​នៅ​កន្លែង​ដែល​គាត់​ចោល​ឱ្យ​ស្អាត​ឡើងវិញ​៕

អាជ្ញាធរ​ជាតិ​អប្សរា​ហាមឃាត់​ការចាក់សំរាម​អាណាធិបតេយ្យ​លើដី​បុរី​វប្បធម៌​និង​ទេសចរណ៍​អង្គរ​

អាជ្ញាធរ​ជាតិ​អប្សរា​ហាមឃាត់​ការចាក់សំរាម​អាណាធិបតេយ្យ​លើដី​បុរី​វប្បធម៌​និង​ទេសចរណ៍​អង្គរ​

អាជ្ញាធរ​ជាតិ​អប្សរា​ហាមឃាត់​ការចាក់សំរាម​អាណាធិបតេយ្យ​លើដី​បុរី​វប្បធម៌​និង​ទេសចរណ៍​អង្គរ​