គណបក្ស​ប្រឆាំង​ចង់​ឲ្យ​នាយករដ្ឋមន្ត្រី​ធ្វើ​ការងារ​ជា​អ្នកដឹកនាំ​ពិត​ប្រាកដ

ប្រធាន​គណបក្ស​ប្រឆាំង​ថ្លែង​ពី​នាយ​សមុទ្រ​ថា លោក​គាំទ្រ​សកម្មភាព​របស់​ប្រជាពលរដ្ឋ​ទូទៅ ជាពិសេស​ក្រុម​យុវជន​ដែល​ចូលរួម​ប្រើ​ប្រព័ន្ធ​ហ្វេសប៊ុក (Faccebook) ដើម្បី​តាមដាន​ព័ត៌មាន​សកម្មភាព​អ្នក​នយោបាយ និង​បញ្ហា​ផ្សេងៗ​ដែល​កើត​មាន​ក្នុង​សង្គម។ ​លោក​អះអាង​ថា នៅ​ពេល​ពលរដ្ឋ និង​យុវជន​ទទួល​បាន​ព័ត៌មាន​ពិត គ្រប់​ជ្រុងជ្រោយ និង​មាន​តម្លាភាព គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ថ្មី ក៏​អាច​នឹង​ទុក​ចិត្ត​បាន​ជាង​ស្ថាប័ន​មុន ហើយ​ប្រការ​នេះ​អាច​នឹង​ជំរុញ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​មេដឹកនាំ​ប្រទេស​បាន​ទៅ​ថ្ងៃ​អនាគត។

មេដឹកនាំ​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី ចង់​ឲ្យ​នាយករដ្ឋមន្ត្រី​ក្នុង​តំណែង​ធ្វើ​ការងារ​ជា​អ្នក​ដឹកនាំ​ប្រទេស​ពិត​ប្រាកដ មាន​គោលនយោបាយ​ដោះស្រាយ​បញ្ហា​ជាតិ​ច្បាស់លាស់ ប្រសើរ​ជាង​ការ​តាំង​ខ្លួន​ធ្វើជា​យករដ្ឋមន្ត្រី​ហ្វេសប៊ុក។

​មេគណបក្ស​ប្រឆាំង​ដែល​កំពុង​និរទេស​ខ្លួន ថ្លែង​ពី​សហរដ្ឋអាមេរិក​ថា បញ្ហា​ក្នុង​ប្រទេស​កម្ពុជា មាន​ច្រើន​ណាស់ ដែល​ថ្នាក់ដឹកនាំ​ប្រទេស​ត្រូវ​ដោះស្រាយ​ជូន​ពលរដ្ឋ ដូចជា​បញ្ហា​ព្រំដែន ការ​ហិនហោច​ព្រៃឈើ បញ្ហា​បាត់បង់​ដីធ្លី និង​ផ្ទះសម្បែង​ជាដើម។

នាយករដ្ឋមន្ត្រី​មិន​ត្រូវ​បង្វែរ​សាច់រឿង​ដែល​ត្រូវ​ដោះស្រាយ​មាន​ការ​ទទួល​ខុស​ត្រូវ ទៅ​ជា​ការ​ស្វែងរក​ប្រជាប្រិយភាព​តាម​រយៈ​ជា​ការ​ថតរូប ចែក​លុយ បង្ហាញ​តែ​រូបភាព​កាយវិការ​ឲ្យ​តែ​ល្អមើល​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក នោះ​ទេ៖ «អ្នក​ណា​ចង់​ដណ្ដើម​តំណែង​ហ្វេសប៊ុក យក​ទៅ សំខាន់​នាយករដ្ឋមន្ត្រី​មែន​ទែន គឺ​ត្រូវតែ​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​មែន​ទែន កុំ​ផ្តោត​អារម្មរណ៍​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​ហ្វេសប៊ុក»

​លោក សម រង្ស៊ី លើក​ឡើង​បែប​នេះ​ក្នុង​វេទិកា​អ្នក​ស្តាប់​វិទ្យុ​អាស៊ីសេរី កាលពី​យប់​ថ្ងៃ​សុក្រ ទី​៥ កុម្ភៈ ពី​រដ្ឋធានី​ធានី​វ៉ាស៊ីនតោន នៃ​សហរដ្ឋអាមេរិក។

​ស្រប​ពេល​គ្នា​នេះ​ដែរ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បង្អួត​ប្រជាប្រិយភាព​ហ្វេសប៊ុក របស់​លោក​ថា មាន​អ្នក​ចុច​ចូលចិត្ត (Like) ជាង ២​លាន​នាក់​ក្នុង​រយៈពេល​ប្រមាណ ៤​ខែ​កន្លង​នេះ។

លោក ហ៊ុន សែន បង្អាប់​ថា នៅ​ពេល​នេះ នាយករដ្ឋមន្ត្រី​ហ្វេសប៊ុក ធ្លាក់​ពី​តំណែង​ហើយ។ ទោះ​បី​ជា​លោក​ថ្លែង​មិន​ចេញ​ឈ្មោះ ក៏ប៉ុន្តែ​អ្នក​ដែល​លោក​ចំអក​ឲ្យ​នោះ​ទំនង​ជា​សំដៅ​ទៅ​លើ​លោក សម រង្ស៊ី ខណៈ​ដែល​ហ្វេសប៊ុក លោក សម រង្ស៊ី នៅ​ពេល​នេះ មាន​អ្នក​ចុច Like តិច​ជាង​ហ្វេសប៊ុក របស់​លោក ហ៊ុន សែន។

មក​ដល់​ពេល​នេះ ហ្វេសប៊ុក លោក សម រង្ស៊ី មាន​អ្នក​ចុច Like ប្រមាណ ២,១​លាន​នាក់ ចំណែក​លោក លោក ហ៊ុន សែន មាន​អ្នក Like ប្រមាណ ២,២​លាន​នាក់។

លោក សម រង្ស៊ី ក៏​បាន​បញ្ជាក់​ក្នុង​វេទិកា​អ្នក​ស្តាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​សុក្រ ទី​៥ កុម្ភៈ នោះ​ដែរ​ថា ការ​បោះឆ្នោត​នៅ​អាណត្តិ​ក្រោយ នឹង​មិន​មាន​បាតុកម្ម​តវ៉ា​ពី​លទ្ធផល​ឆ្នោត​ដូច​អាណត្តិ​ទី​៥ នេះ​ទៀត​ទេ។

ការ​បង្ហាញ​ទំនុក​ចិត្ត​បែប​នេះ ដោយសារ​លោក​ទុក​ចិត្ត​លើ​ប្រព័ន្ធ​គ្រប់គ្រង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ថ្មី ថា​អាច​ទុក​ចិត្ត​បាន​ច្រើន​ជាង​បណ្តា​អាណត្តិ​មុនៗ៖ «ដរាបណា គ.ជ.ប ធ្វើ​ការ​បាន​ល្អ អត់​ត្រូវ​មាន​ការ​តវ៉ា​ស្អី​ទេ ហើយ​ជាពិសេស​សូម​ឲ្យ​គណបក្ស​ដែល​កំពុង​កាន់​អំណាច​សព្វថ្ងៃ​កុំឡាំប៉ា សូមកុំ​ឲ្យ​រារាំង សូម​ឲ្យ​យល់​ព្រម​ផ្ទេរ​អំណាច​ទៅ​ឲ្យ​គណបក្ស​ឈ្នះ​ឆ្នោត​ដោយ​សន្តិវិធី»

​លោក សម រង្ស៊ី នៅ​ពេល​នេះ កំពុង​បំពេញ​ទស្សនកិច្ច​នៅ​សហរដ្ឋអាមេរិក ហើយ​ដៃគូ​ប្រកួតប្រជែង​នយោបាយ​របស់​លោក គឺ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​នឹង​ធ្វើ​ដំណើរ​មក​កាន់​សហរដ្ឋ​អាមេរិក​ដែរ នៅ​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ខាង​មុខ​នេះ ដើម្បី​ចូលរួម​ក្នុង​សន្និសីទ​កំពូល​អាស៊ាន-​អាមេរិក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។