គ.ជ.ប គ្រោងរើសអ្នកជំនាញ កុំព្យូទ័រនៅទីប្រជុំជន ស្រុក ខេត្ត ដើម្បីបំរើការចុះបញ្ជីឈ្មោះ បោះឆ្នោតនៅទីជនបទ

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោតហៅកាត់ថា (គ.ជ.ប) គ្រោងនឹងធ្វើការជ្រើសរើស អ្នកជំនាញក្នុងការប្រើប្រាស់ កុំព្យូទ័រ នៅតាមទីប្រជុំជនស្រុក ខេត្ត  សម្រាប់បំរើការ ក្នុងការចុះបញ្ជីឈ្មោះបោះឆ្នោតថ្មី តាមប្រព័ន្ធអេឡិចត្រូនិច នៅតាមទីជនបទដាច់ស្រយាល។

អ្នកនាំពាក្យ គ.ជ.ប លោកហង្ស ពុទ្ធា បានប្រាប់មជ្ឈមណ្ឌលពត៌មានដើមអំពិល នាថ្ងៃទី០៦ កុម្ភៈ ឆ្នាំ២០១៦នេះថា គ.ជ.ប គ្រោងនឹងជ្រើសរើសមនុស្ស នៅទីប្រជុំជនដែលមានសមត្ថភាព យកទៅធ្វើការនៅកន្លែង ដែលដាច់ស្រយាល ហើយខេត្តដែលមានការខ្វះខាត អ្នកជំនាញផ្នែកនេះច្រើនជាងគេ មានខេត្តស្ទឹងត្រែង រតនៈគីរី មណ្ឌលគីរី ជាដើម ចំណែកពេលវេលា នឹងចតួលេខនៃការជ្រើសរើសវិញ គ.ជ.ប មិនទាន់អាចបញ្ជាក់បានទេនៅពេលនេះ។

លោកបន្តថាទីក្រុងគឺមានអ្នកដែលមាន សមត្ថភាពគ្រប់គ្រាន់ហើយ ដោយឡែកឃុំមួយចំនួននៅដាច់ស្រយាលនឹងឯង បើសិនជាជ្រើសបាន នៅក្នុងឃុំនោះ គឺយកនៅឃុំនោះ ប៉ុន្តេបើជ្រើសមិនបានទេគឺយកពីទីប្រជុំជន អាចថាស្រុក ឫខេត្តទៅតែម្តង។

សូមបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តី ព្រាងបទបញ្ជា និងនីតិវិធី សម្រាប់ការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មី  កាលពីចុងខែមុន  គ.ជ.ប បានបង្ហាញ ពីកង្វល់របស់ខ្លួនសម្រាប់ដំណើរ ការចុះឈ្មោះសាកល្បង តាមប្រព័ន្ធកុំព្យូទ័រ ដោយសារកង្វះខាត អ្នកជំនាញច្បាស់លាស់ក្នុង ការប្រើប្រាស់កុំព្យូទ័រ ឲ្យស្របនឹងជំនាញនេះ៕