រថយន្ត​ដឹក​កម្មករ​បុក​រថយន្ត​យី​ឌុប​ដឹកទំនិញ​ពេញ​ចត​ស្ងៀម​ពីក្រោយ ស្លាប់​២​នាក់ របួស​១៥​នាក់​

ខេត្តព្រៃវែង ៖ រថយន្ត​ដឹក​កម្មករ​រោងចក្រ​១​គ្រឿង បាន​បើក​ទៅបុក​នឹង​រថយន្ត​យី​ឌុប​ដឹកទំនិញ​ពេញ​ដែល​ចត​នៅលើ​ផ្លូវ​ចំ​ពីក្រោយ​ពេញទំហឹង កាលពី​វេលា​ម៉ោង​ប្រមាណ​ជាង​៦​ព្រឹក ថ្ងៃទី​៦ ខែកុម្ភៈ ឆ្នាំ​២០១៦ នេះ​។ មនុស្ស​ចំនួន​២​នាក់​ស្លាប់​ភ្លាមៗ ស្ថិតនៅ​កន្លែងកើតហេតុ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៨ ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ ៦៥-៦៦ ស្ថិតក្នុង​ភូមិ​ទ្រា ឃុំ​ក​ញ្ចំ ស្រុក​ពារាំង ខេត្តព្រៃវែង ក្រោយ​កើតហេតុ​អ្នកបើករថយន្ត​ហ៊ី​ណូ​បាន​រត់​គេចខ្លួនបាត់ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា រថយន្ត​ដឹក​កម្មករ​ពាក់​ស្លាក​លេខ ភ្នំពេញ 3B-3970 បាន​ដឹក​កម្មករ​រោងចក្រ​7NG ធ្វើដំណើរ​ពី​កើតមក​លិច តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៨ លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ រថយន្ត​ដឹក​កម្មករ​បាន​ជ្រុល​ចង្កូត​ទៅបុក​ពីក្រោយ​រថយន្ត​១​គ្រឿង​ទៀត​ម៉ាក​ហ៊ី​ណូ ពាក់​ស្លាក​លេខ 3A-1895 ដែល​ចត​ស្ងៀម​នៅលើ​ចិញ្ចើមផ្លូវ បណ្តាល​ឲ្យ​អ្នកបើករថយន្ត​ដឹក​កម្មករ ព្រមទាំង​កម្មករ​រួម​ដំណើរ​ម្នាក់​ដែល​ជិះ​នៅខាងមុខ​ក្បែរ​គ្នា​ស្លាប់​ភ្លាមៗ ចំណែក​កម្មករ​១៥​នាក់​ផ្សេងទៀត​រងរបួស​។ ហើយ​ពេលនេះ សមត្ថកិច្ច​កំពុងតែ​ចាត់ការ​ទៅតាម​នីតិវិធី​៕

KA-06-02-2016-10 KA-06-02-2016-11 KA-06-02-2016-12 KA-06-02-2016-13 KA-06-02-2016-14