ឆន្ទៈ​ពលរដ្ឋ តម្រូវ​ឲ្យ​សម រង្ស៊ី​-​កឹម សុខា រួបរួមគ្នា​ដើម្បី​បញ្ចប់​ការបែកបាក់​ជាតិ​

ភ្នំពេញ​៖ ឆ្លើយតប​នឹង​សំណួរ​របស់​មតិ​មហាជន ដែល​សង្ស័យ​ពី​ការបែកបាក់​គ្នា​រវាង​ឯកឧត្តម​សម រង្ស៊ី និង​ឯកឧត្តម កឹម សុខា នៅ​ព្រឹក​ថ្ងៃទី​០៦ កុម្ភៈ​នេះ ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ ឯកឧត្តម កឹម សុខា បាន​ថ្លែង​នៅក្នុង​វេទិកា​សកម្មជន​មូលដ្ឋាន ស្ថិតក្នុង​ក្រុង​តាខ្មៅ ខេត្តកណ្តាល ថា គណបក្ស​សង្គ្រោះ​ជាតិ មិន​បែកបាក់​គ្នា​នោះទេ ពីព្រោះ​ពលរដ្ឋ​ខ្មែរ​តម្រូវ​ឲ្យ​លោក​ទាំងពីរ​ត្រូវតែ​រួបរួមគ្នា​។ 

​ថ្លែង​នៅក្នុង​វេទិកា​ជាមួយ​សកម្មជន​មូលដ្ឋាន នៅ​ព្រឹក​ថ្ងៃទី​០៦ កុម្ភៈ ឯកឧត្តម កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ បាន​ថ្លែងថា លោក​ទាំងពីរ​នឹង​បន្ត​ការ​រួបរួមគ្នា តាម​ឆន្ទៈ​របស់​ពលរដ្ឋ​ខ្មែរ​។ តំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម​រូបនេះ បានបញ្ជាក់​តាមរយៈ​ការផ្សាយ ផ្ទាល់​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​យ៉ាង​ដូច្នេះ​ថា​៖ «​បងប្អូន​ខ្លះ ភ័យ​ថា លោក សម រង្ស៊ី និង កឹម សុខា បែកបាក់​គ្នា ក្បត់គ្នា​អត់ ក្បត់​ទៅ​លក់ខ្លួន​ឲ្យ​គេ​ដែរ​អត់​។ មិនអាច​ទៅរួច​ទេ​បងប្អូន ពីព្រោះ ឆន្ទៈ​បងប្អូន​មុះ​មុត​ណាស់ តម្រូវ​ឲ្យ​ពួកយើងខ្ញុំ​ជា​អ្នកដឹកនាំ​ត្រូវតែ​រួមគ្នា ត្រូវតែ​ស្របតាម​ឆន្ទៈ​រាស្ត្រ​»​។ មិន​ត្រឹមតែ មិន​បែកបាក់​នៅក្នុង​ជួរ​គណបក្ស​សង្គ្រោះ​ជាតិ​នោះទេ ប៉ុន្តែ ឯកឧត្តម កឹម សុខា បាន​អំពាវនាវ ឲ្យ​ខ្មែរ​រួមគ្នា​កុំ​ឲ្យ​មានការ​បែកបាក់​ជាតិ​ចាប់ពីពេលនេះ​តទៅ​។

​លោក​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ « រឿង បក្ស​សម រង្ស៊ី បក្ស​សិទ្ធិមនុស្ស​រួមគ្នា មិនមែន​ត្រឹមតែ​រួមគ្នា បង្កើត​បក្ស​សង្គ្រោះ​ជាតិ​នោះទេ គោលដៅ​ធំ​របស់​យើង​គឺ​ដើម្បី​រួបរួម​ជាតិ ព្រោះ​កាលណា​ខ្មែរ​បែកបាក់​គ្នា គឺ​ខ្មែរ​នឹង​អន្តរាយ ហើយ​បរទេស​នឹង​មើលងាយ​ហើយៗ កុំ​អួត ខាង​ណាក៏ដោយ បើ​បែកបាក់​គ្នា​ទៅ​ពឹង​គេ ហើយ​បើ​ទៅ​ពឹង​គេ គឺ​គេ​មើលងាយ​ហើយ ដូច្នេះ ត្រូវ​បញ្ចប់​ការបែកបាក់​ជាតិ​ពី​ពេលនេះ​តទៅ​»​។ 

​ថ្លែង​នៅក្នុង​វេទិកា​ដែលមាន​អ្នកចូលរួម​រាប់ពាន់នាក់ ឯកឧត្តម កឹម សុខា ក៏បាន​រិះគន់ ចំពោះ​វិស័យ​សុខាភិបាល​កម្ពុជា ថា នៅ​ទន់ខ្សោយ​។​ប្រមុខ​បក្សប្រឆាំង​រូបនេះ បាន​បញ្ជាក់ថា​៖ «​លើ​វិស័យ​សុខាភិបាល យើង​ថា មិនមែន​អន់​ទេ ឥឡូវ​ខំ​ហើយ កែទម្រង់​នេះ កែទម្រង់​នោះ តែ​សួរថា អ្នកក្រីក្រ​អត់លុយ​ទៅ​ពេទ្យ ពេទ្យ​មើល​ឲ្យ​ដែរ​អត់​គ្រប់គ្នា​ហ្នឹង​។ ទាំង​កូនចៅ ទាំង​មេបក្ស​កាន់អំណាច និង​បក្សប្រឆាំង ពេល​ឈឺ​ចេះតែ​ងរ​ត់ទៅ​ស្រុក​យួន រត់​ទៅ​ស្រុក​សៀម រត់​ទៅ​សិង្ហ​បុរី​ឲ្យ​គេ​មើល វា​អា​ម៉េច​វិញ សុខាភិបាល​ហ្នឹង​។ ទាំង​ខ្ញុំ​ទាំង​គេ ទៅ​ក្រៅប្រទេស​ទាំងអស់គ្នា​។  ទទួលស្គាល់​ទាំងអស់គ្នា​ថា ប្រព័ន្ធ​សុខាភិបាល​យើង​អន់ បើ​អន់​អត់​ទទួល​ថា​អន់ កែ​អត់​កើត​ទេ​»​។ 

គួរ​បញ្ជាក់ថា មួយរយៈ​ពេល​ចុង​ក្រោយនេះ គណបក្ស​សង្គ្រោះ​ជាតិ បាន​ចុះ​ពង្រឹង​សកម្មជន មូលដ្ឋាន​របស់ខ្លួន ដើម្បី​រៀបចំខ្លួន​យកឈ្នះ ក្នុងការ​បោះឆ្នោត​ឃុំ​សង្កាត់​នៅ​ឆ្នាំ​២០១៧ និង ការបោះឆ្នោតជាតិ​នៅ​ឆ្នាំ​២០១៨​ខាងមុខ​៕ 

​ អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​