ក្រសួង​វប្បធម៌ អោយ​បញ្ឈប់​សកម្មភាព​រំលោភ​បំពាន សិទ្ធិ​អ្នកនិពន្ធ និង​សិទ្ធិ​ប្រហាក់ប្រហែល​

ភ្នំពេញ: ក្រសួង​វប្បធម៌ និង វិចិត្រសិល្បៈ បានចេញ​នូវ​សេចក្តីជូនដំណឹង​មួយ​ស្តីពី ការបញ្ឈប់​ជាបន្ទាន់​នូវ​រាល់​សកម្មភាព​រំលោភបំពាន សិទ្ធិ​អ្នកនិពន្ធ និង​សិទ្ធិ​ប្រហាក់ប្រហែល លើ​ស្នាដៃ​អក្សរសាស្ត្រ សិល្បៈ និង​តូរ្យតន្ត្រី ដែល​គ្មាន​អ្នកទទួល​មរតក ឬ គ្មាន​មរតកសាសន៍​។​

​ក្នុង​សេចក្តីជូនដំណឹង​របស់ ក្រសួង​វប្បធម៌ និង វិចិត្រសិល្បៈ ដែល​បានចេញ​កាលពី​ថ្ងៃទី​៤ ខែកុម្ភៈ បានអោយដឹងថា យោង​ច្បាប់​ស្តីពី​សិទ្ធិ​អ្នកនិពន្ធ និង​សិទ្ធិ​ប្រហាក់ប្រហែល ដែល​ប្រកាស​អោយប្រើ​ដោយ​ព្រះរាជក្រម​លេខ នស​/​រកម​/០៣០៣/០០៨ ចុះ​ថ្ងៃទី​៥ ខែមីនា ឆ្នាំ​២០០៣​។​

​ក្នុង​សេចក្តីជូនដំណឹង​នោះ​បន្តថា ដោយ​ផ្អែកលើ​ស្ថានការណ៍​បច្ចុប្បន្ននេះ ក្រសួង​បាន​ពិនិត្យឃើញថា បណ្តា​ម្ចាស់​ផលិតកម្ម អង្គភាព​ទូរ​ផ្សាយ​មួយ ចំនួន និង​បុគ្គលិក​មួយចំនួន ដែល​រស់​ក្នុ​ថ​ស្រុក និង​បរទេស បាន​កំពុង​ផលិត​ឡើងវិញ ផ​លិ​បន្ត និង​ផ្សព្វផ្សាយ ធ្វើ​អាជីវកម្ម នូវ​ស្នាដៃ​គ្មាន អ្នកទទួល មរតក ឬ គ្មា​មរតកសាសន៍ ដែល​ស្នាដៃ​ទាំងនោះ ភាគច្រើន​ជា​ចម្រៀង​ជំនាន់​ដើម​គ្មាន​ការអនុញ្ញាត​សិទ្ធិ​ពី​ក្រសួង​វប្បធម៌ និង វិចិត្រសិល្បៈ (​មាត្រា​៣៣)​។ លើសពីនេះ​ថែមទាំង​បាន​កែប្រែ​នូវ​ខ្លឹមសារ​ដើម ធ្វើអោយ​ខូច​នូវ​ទម្រង់​ស្នាដៃ​ដើម រំលោភបំពាន​សិទ្ធិ​សីលធម៌ និង​សិទ្ធិ​បេតិកភណ្ឌ ធ្វើអោយ​ខូច​កេរ្តិ៍ឈ្មោះ និង​កិត្តិយស​របស់​អ្នកនិពន្ធ​។​

​ដូច្នេះ​សូម លោក លោកស្រី អ្នកនាង​កញ្ញា ជា​អ្នកនិពន្ធ ផលិតករ ភាពយន្ត​វិ​ដេ​អូ ផលិតករ​ហ្វូ​ណូ​ក្រាម អង្គភាព​ទូរ​ផ្សាយ  សិល្បករ សិល្បការិនី បណ្តា​ក្រុមហ៊ុន​ផលិតកម្ម ទាំងអស់ ត្រូវ​បញ្ឈប់​ជាបន្ទាន់​នូវ​រាល់​សកម្មភាព រំលោភបំពាន​មាត្រា​២០ និង​មាត្រា​២១ នៃ​ច្បាប់​ស្តីពី​សិទ្ធិ​អ្ន​និពន្ធ និង​សិទ្ធ​ប្រហាក់ប្រហែល ហើយ​ក្នុងករណី​នៅតែ​រំលោភបំពាន ក្រសួង​វប្បធម៌ និង វិចិត្រសិល្បៈ និង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​៕​