ថ្នាក់ដឹកនាំខេត្តព្រះសីហនុអញ្ជើញចុះពិនិត្យ​ការសំអាតឆ្នេរឯករាជ្យ​ក្រោយពីការវាយកំទេចរបង

ព្រះសីហនុ៖ នៅព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៦ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ លោក ជៀម ហ៊ីម ប្រធាន ក្រុមប្រឹក្សាខេត្តព្រះសីហនុ និងលោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ ព្រមទាំងប្រធានមន្ទីរពាក់ព័ន្ធ ចៅសង្កាត់ ចៅសង្កាត់រង និងក្រុមហ៊ុនស៊ីនទ្រី បានអញ្ជើញចុះត្រួតពិនិត្យមើលការសំអាតបរិស្ថានតំបន់ឆ្នេរឯករាជ្យ ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងខេត្តព្រះសីហនុ បន្ទាប់ពីក្រុមហ៊ុនបានវាយរបងហ៊ុមព័ទ្ធទុកចោលជាយូរឆ្នាំមកហើយនោះ ។ លោក អ៊ី សុខឡេង បានអោយដឹងថា ថ្ងៃនេះក្រុមការងារបានចុះមកមើលការកាត់ស្មៅ សំអាតរៀបចំឆ្នេរឯករាជ្យឡើងវិញ សម្រាប់ សាធារណៈជនបានដើរចូលលេងលម្ហែកម្សាន្តដោយសេរីក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីចិនវៀតណាមខាងមុខនេះ ។ លោកអភិបាលក្រុងក៏បានបញ្ជាក់ថា បន្ទាប់ពីក្រុងកាត់ស្មៅរួចរាល់ហើយ ក្រុងនិងដាក់ធុងសំរាមចំនួន ១៥ទៀតតាមឆ្នេរ ឯករាជ្យនេះ ហើយក្នុងនោះសាលាខេត្តនឹងជួយដាក់បង្គន់ចល័តចំនួន២ផងដែរសំរាប់ប្រជាពលរដ្ឋមកកម្សាន្តប្រើប្រាស់ ។ ដោយឡែកសួនច្បារសណ្ឋាគារឯករាជ្យក៏បានតំរូវអោយម្ចាស់រុះរើផ្លាកសញ្ញាចេញផងដែរ ព្រោះខ្លាចប្រជាពលរដ្ឋមានការ ភ័ន្តច្រលំថារបស់ឯកជនដើម្បីអោយប្រជាពលរដ្ឋបានចូលកំសាន្តផងដែរ ។ ចំពោះស្ពានកោះពស់ក៏នឹងបើកអោយប្រជា ពលរដ្ឋ បានចូលទស្សនាកំសាន្តយកខ្យល់អាកាសបរិសុទ្ធ ព្រមទាំងអាចថតរូបទុកជាអនុស្សាវរីយ៍ផងដែរ ។ លោក យន្ត មីន ក៏បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន វៀតណាមខាងមុខនេះក្នុងនាម រដ្ឋបាលខេត្តព្រះសីហនុ លោកសូមស្វាគមន៍និងអញ្ជើញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលេងកំសាន្តសប្បាយអោយ បានច្រើនកុះករ នៅក្រុងព្រះសីហនុនេះ ព្រោះនិងបានប្លែកភ្នែកជាមិនខានក្រោយពីរដ្ឋបាលខេត្តព្រះសីហនុបានរៀបចំកែរ លំអរទីកន្លែងកំសាន្តជាច្រើន ជាពិសេសនៅឆ្នេរឯករាជ្យ និងស្ពានកោះពស់នេះតែម្តងគឺភ្ញៀវទេសចរអាចចេញចូល ទស្សនា លេងកំសាន្តសប្បាយដោយសេរី ចំណែកបញ្ហាសន្តិសុខក៏បានរៀបចំបានយ៉ាងល្អ ចំពោះម្ហូបអាហាររដ្ឋបាលខេត្តក៏បាន ណែនាំបងប្អូនប្រតិបត្តិករកុំអោយដំឡើងថ្លៃរួចរាល់ហើយដែរ ។ លោកអភិបាល ខេត្តក៏សូមផ្តាំផ្ញើរដល់អ្នកដំណើរប្រើប្រាស់ ផ្លូវជាតិលេខ៤ សូមមេត្តាប្រុងប្រយ័ត្នក្នុងការបើកបរ ហើយត្រូវគោរពច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ជាពិសេសបើស្រវឹងសូមកុំ បើកបរអោយសោះ ៕

ថ្នាក់ដឹកនាំខេត្តព្រះសីហនុអញ្ជើញចុះពិនិត្យ​ការសំអាតឆ្នេរឯករាជ្យ​ក្រោយពីការវាយកំទេចរបង

ថ្នាក់ដឹកនាំខេត្តព្រះសីហនុអញ្ជើញចុះពិនិត្យ​ការសំអាតឆ្នេរឯករាជ្យ​ក្រោយពីការវាយកំទេចរបង

ថ្នាក់ដឹកនាំខេត្តព្រះសីហនុអញ្ជើញចុះពិនិត្យ​ការសំអាតឆ្នេរឯករាជ្យ​ក្រោយពីការវាយកំទេចរបង